កីឡាអន្តរជាតិ
អន្តរជាតិ
Lukaku ថាត្រលប់ទៅ Chelsea ជាកំហុស
16, Jul 2022 , 3:29 pm        
រូបភាព
ខ្សែប្រយុទ្ធ Romelu Lukaku ថ្ងៃទី១៤ ខែកក្កដា បានអះអាងនៅពេលបង្ហាញខ្លួនឡើងវិញឱ្យក្លិប ​Inter Milan ដោយលើកឡើងថា ការចាកចេញពីក្រុមយក្សអ៊ីតាលីវិលត្រលប់ទៅកាន់ Chelsea រដូវកាលមុន គឺជាកំហុសដ៏ធំ។


«ក្លិបមួយនៅពេលនេះ តើអ្នកដឹងទេខ្ញុំបានចាកចេញ ហើយវាបានក្លាយជាកំហុសដ៏ធំ។ អ្វីដែលយើងបានធ្វើនៅទីនេះ ទាំងក្នុងបន្ទប់ផ្លាស់សម្លៀកបំបាក់ នៅលើទីលាន ទីនេះពិតជាមានទំនាក់ទំនងល្អខ្លាំងណាស់ ហើយពិតជាសំខាន់ដល់ខ្ញុំ ។ ទីនេះគឺសុទ្ធសឹងតែជាមនុស្សដ៏ត្រឹមត្រូវដល់រូបខ្ញុំ យើងលេងនៅទីនេះជាក្រុមតែមួយចិត្តតែមួយ។»។ Lukaku បាននិយាយបែបនេះអំឡុងពេលបង្ហាញខ្លួន។
 
Lukaku វ័យ ២៩ឆ្នាំ ក្រោយពេលផ្ទេរពីក្រុម Manchester United ទៅកាន់ Inter Milan ក្នុងរដូវកាល ២០១៩-២០ និង ២០២០-២១ រូបគេបានជួយក្រុមអ៊ីតាលីឈ្នះពានរង្វាន់ Serie A ដោយការរកបានគ្រាប់បាល់ចំនួន ៦៤គ្រាប់ពីការបង្ហាញខ្លួនចំនួន ៩៥ប្រកួត ​​ក្នុងចំណោម២រដូវកាលនេះ។ ក្រោយពេលបង្ហាញទម្រង់លេងល្អខ្លាំងនៅអ៊ីតាលី ក្លិប Chelsea ដែលជាក្លិបចាស់របស់គេ បានសម្លឹងឃើញរូបគេម្តងទៀត ហើយក៏បាននាំគេនេះមកកាន់ទឹកដី Stamford Bridge វិញក្នុងរដូវកាល ២០២១-២២។
 
Romelu Lukaku បានវិលត្រលប់ទៅ Chelsea ក្នុងតម្លៃ ១០៨លានដុល្លារ ដែលជាកំណត់ត្រាក្លិបនៅអង់គ្លេសមួយនេះ។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិកវិលត្រលប់ទៅ ​Premier League ដោយការខកចិត្ត ដោយពិបាកក្នុងការស្វែងរកកៅអី ១១នាក់ដំបូងក្រោមការដឹកនាំរបស់ Thomas Tuchel និងការស្វែងរកគ្រាប់បញ្ចូលទីមិនដូចកាលលេងនៅអ៊ីតាលី។ Lukaku រកបានត្រឹមតែ ៨គ្រាប់ប៉ុណ្ណោះពីការបង្ហាញខ្លួនត្រឹមតែ ២៦ប្រកួត។
 
ចំណែកឯលោក Tuchel ក៏បានឆ្លើយតបទាក់ទងនឹងរឿង Lukaku ប្រាប់ទៅកាន់ទូរទស្សន៍ Sky Sports ក្រោយពេលរូបគេបានវិលត្រលប់ទៅកាន់ក្លិប Inter Milan ថា Lukaku អាចមិនត្រលប់មក ​Chelsea វិញឡើយបន្ទាប់ពីពេលខ្ចីជើងរួច។
 
មិនត្រឹមតែប៉ុណ្ណោះគ្រូបង្វឹកវ័យ ៤៨ឆ្នាំរូបនេះ ក៏បានបញ្ជាក់បន្ថែមថា ការចាកចេញរបស់ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំនេះ ទទួលបានការអនុញ្ញាតពីសំណាក់ម្ចាស់ក្លិបថ្មីផ្ទាល់ ស្របតាមអ្វីដែល Lukaku ចង់បាន។ 
 
Chelsea ទើបតែទទួលបានខ្សែប្រយុទ្ធថ្មីគឺ Raheem Sterling ពីក្រុមមេឃខៀវ Manchester City ជំនួស Romelu Lukaku នៅតំបន់ប្រយុទ្ធ នៅរដូវកាលក្រោយ ប្រសិនបើគ្មានកីឡាករចំណូលថ្មីបន្ថែមទៀត៕
 
 
 
 

Tag:
 Romelu Lukaku
  Thomas Tuchel
© រក្សាសិទ្ធិដោយ thmeythmey.com