អន្តរជាតិ
ក្រសួងការបរទេសអាម៉េរិកយល់ព្រមលក់គ្រឿងបរិក្ខារយោធា១០៨លានដុល្លារ តាមសំណើតៃវ៉ាន់
16, Jul 2022 , 9:29 pm        
រូបភាព
រថក្រោះអាម៉េរិកធុន M60A3 របសកងទ័ពតៃវ៉ាន់។ រូបថត AFP
រថក្រោះអាម៉េរិកធុន M60A3 របសកងទ័ពតៃវ៉ាន់។ រូបថត AFP
មន្ទីរបញ្ចកោណអាម៉េរិកនៅថ្ងៃទី១៥ ខែកក្កដា បានលើកឡើងថា ក្រសួងការបរទេសអាម៉េរិកបានអនុម័តការលក់គ្រឿងបរិក្ខារ និងការផ្ដល់ជំនួយបច្ចេកទេសយោធាទៅឱ្យកោះតៃវ៉ាន់ដែលមានតម្លៃប្រមាណ១០៨លានដុល្លារ។ នេះជាកញ្ចប់ថ្មីមួយដែលតៃវ៉ាន់ស្នើពីអាម៉េរិកដើម្បីពង្រឹងសមត្ថភាពការពារខ្លួន។


 
ក្នុងសេចក្ដីនៅថ្ងៃទី១៥ ខែកក្កដាចេញដោយមន្ទីរបញ្ចកោណ តៃវ៉ាន់បានស្នើទិញគ្រឿងបន្លាស់ និងគ្រឿងជួសជុលរថក្រោះ យានជំនិះប្រយុទ្ធព្រមទាំងជំនួយផ្នែកបច្ចេកទេស និងដឹកជញ្ជូនដែលមានទំហំទឹកប្រាក់ជាង ១០៨ លានដុល្លារ។
 
«ការលក់ដែលបានស្នើឡើងនេះ នឹងរួមចំណែកដល់និរន្តរភាពដល់អាវុធធុនតូច ប្រព័ន្ធអាវុធប្រយុទ្ធ និងជំនួយផ្នែកភ័ស្តុភារ ហើយបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត»។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណបានបន្ថែមបែបនេះក្នុងសេចក្តីថ្លែងការណ៍ដដែល។ 
លើសពីនេះ មន្ទីរបញ្ចកោណក៏បានបន្តថា ការលក់ទាំងនេះ ក៏​នឹង​បង្កើន​អន្តរប្រតិបត្តិការ​យោធា​របស់​តៃវ៉ាន់​ជាមួយ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​ផ្សេងទៀត ហើយ​កងកម្លាំង​ប្រដាប់អាវុធ​តៃវ៉ាន់​នឹង​មិន​ពិបាក​ប្រើប្រាស់ឧបករណ៍​និង​ជំនួយ​នោះទេ។
 
យ៉ាងណាមិញ ការជូនដំណឹងរបស់ក្រសួងការបរទេសអាម៉េរិកនេះ មិនបានបញ្ជាក់ថា កិច្ចសន្យាត្រូវបានចុះហត្ថលេខា ឬការចរចាបានបញ្ចប់នៅឡើយនោះទេ។ ទោះជាយ៉ាងណា ក្រសួងការពារជាតិ តៃវ៉ាន់អះអាងថា កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹង មានប្រសិទ្ធភាពក្នុងរយៈពេលមួយខែខាងមក។
 
«ប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធានៃកុម្មុយនិស្តចិន ការរក្សាឧបករណ៍ឱ្យបានត្រឹមត្រូវគឺមានសារៈសំខាន់ដូចជាអាវុធ និងឧបករណ៍ដែលបានទិញថ្មី»។ ក្រសួងការពារជាតិរបស់តៃវ៉ាន់បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ 
 
ចិនដែលតែងទាមទារចង់ឱ្យតៃវ៉ាន់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន តែងជំទាស់រាល់ទំនាក់ទំនងរវាងក្រុងតៃប៉ិ និងក្រុងវ៉ាស៊ីនតោន។ ចិនក៏តែងចេញសារគំរាមតៃវ៉ាន់ដោយបញ្ជូនយន្តហោះចម្បាំងចូលតំបន់ការពារដែនអាកាសតៃវ៉ាន់ជារឿយៗ។
 
គួរបញ្ជាក់ថា អាម៉េរិកគ្មានទំនាក់ទំនង​ផ្លូវ​ការណាមួយជាមួយក្រុង​តៃប៉ិឡើយ។ ប៉ុន្តែ​ច្បាប់​អាម៉េរិកស្តីពីទំនាក់ទំនងជាមួយតៃវ៉ាន់ក្នុងឆ្នាំ១៩៧៩ តម្រូវឱ្យទី​ក្រុង​វ៉ាស៊ីនតោន​ផ្តល់​មធ្យោបាយ​ការពារ​ដល់​តៃវ៉ាន់ ហើយកន្លងមក​រដ្ឋបាល​របស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក៏បាន​ប្តេជ្ញា​បង្កើន​ការ​គាំទ្រដល់កោះតៃវ៉ាន់ផងដែរ៕
 

Tag:
 អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com