ជាតិ
ស្ថានទូតជប៉ុន រៀបចំកម្មសិក្សាផ្សព្វផ្សាយវប្បធម៌ និងភាសាជប៉ុន នៅ​​គ្រឹះស្ថានអប់រំ​ចំនួន៥
18, Jul 2022 , 7:59 am        
រូបភាព
រូបភាពពីស្ថានទូតជប៉ុន
រូបភាពពីស្ថានទូតជប៉ុន
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ស្ថានទូតជប៉ុន នឹងរៀបចំកម្មវិធីកម្មសិក្សាផ្សព្វផ្សាយវប្បធម៌ និងភាសាជប៉ុន រួមជាមួយដេប៉ាតឺម៉ង់ភាសាជប៉ុន នៃវិទ្យាស្ថានភាសាបរទេស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។​ កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងឲ្យសិស្សានុសិស្សទាំងអស់ នៃវិទ្យាល័យនៅតាមតំបន់នានាទូទាំងប្រទេស​កម្ពុជា មានឱកាសបានយល់ដឹងអំពីប្រពៃណី វប្បធម៌ បច្ចេកវិទ្យាប្រទេសជប៉ុន និងផលប្រយោជន៍ក្នុងការសិក្សាភាសាជប៉ុន។


 
បើតាមសេចក្ដីប្រកាសរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ចេញផ្សាយកាលពី​ថ្ងៃទី១១ ខែកក្កដា ស្ថានទូតជប៉ុន នឹងរៀបចំកម្មវិធីកម្មសិក្សាផ្សព្វផ្សាយវប្បធម៌ និងភាសាជប៉ុន ក្រោមកិច្ចសហការដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំច្បាប់ជប៉ុនណាហ្គូយ៉ា, វគ្គសិក្សាភាសាជប៉ុនឧបត្ថម្ភដោយJICA​  ក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច(RULE), សាកលវិទ្យាល័យមេគង្គកម្ពុជា(MOC),  មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCL) និងសហការឧបត្ថម្ភដោយមូលនិធិជប៉ុន។ 
 
កម្មវិធីសិក្សាផ្សព្វផ្សាយវប្បធម៌ និងភាសាជប៉ុននេះ នឹងប្រព្រឹត្តទៅនៅវិទ្យាល័យ ដីដុះ  ខេត្តកំពង់ចាម នាថ្ងៃទី២១ ខែកក្កដា និងវិទ្យាល័យ ជាស៊ីម ប្រឡាយ ខេត្ត​កំពង់ធំ ថ្ងៃទី២២ ខែកក្កដា។ ចំណែក​វិទ្យាល័យ កំពង់ក្ដី  ខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា, វិទ្យាល័យ ហស បរិវាស ខេត្តកំពត ថ្ងៃទី២៨ ខែកក្កដា និងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ព្រែកតាឌួង ខេត្ត​កណ្ដាល នៅ​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
 
សូម​បញ្ជាក់ថា កម្មវិធីទស្សនកិច្ចវិទ្យាល័យនេះ ស្ថានទូតជប៉ុន​បានបង្កើតតាំងពីឆ្នាំ២០១៣មក ក្នុងគោលបំណងជំរុញ​សឱ្យ​សិស្សវិទ្យាល័យទាំងអស់ មានឱកាសបានយល់ដឹងកាន់តែស៊ីជម្រៅ និងមានអារម្មណ៍ស្និទ្ធស្នាលទៅកាន់ប្រទេសជប៉ុន៕​
​                                                                                               
 

Tag:
 កម្មសិក្សា
 ភាសាជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com