អន្តរជាតិ
លោក Biden៖ អាមេរិក​នឹង​មិន​​«រង់ចាំ​ជា​រៀង​រហូត»​ ដើម្បី​អ៊ីរ៉ង់​យល់ព្រម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ទេ
17, Jul 2022 , 3:59 pm        
រូបភាព
លោក Joe Biden ថ្លែងនៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid នៅទីក្រុងហ្សេរុយសាឡឹម
លោក Joe Biden ថ្លែងនៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid នៅទីក្រុងហ្សេរុយសាឡឹម
ដោយ: VOA
លោក​ប្រធានាធិបតី​ Joe Biden ​បាន​និយាយ​ក្នុង​សន្និសីទ​ព័ត៌មាន​មាន​មួយនៅក្នុង​ទីក្រុង​ហ្សេរុយសាឡឹម ​ថា​ សហរដ្ឋ​អាមេរិក​នឹង​មិន​រង់​ចាំ​ដោយ​គ្មាន​កំណត់​សម្រាប់​ប្រទេស​អ៊ីរ៉ង់​បំពេញ​តាម​លក្ខខណ្ឌ​កំណត់​ដោយ​ទីក្រុង​វ៉ាស៊ីនតោន ​ដើម្បី​ស្តារ​កិច្ច​ព្រមព្រៀង​ឆ្នាំ​ ២០១៥​ ស្តីពី​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់​នោះ​ទេ។ ​ នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។


 
នៅពេល​សួរ​ថា​ តើ​រយៈ​ពេល​ប៉ុន្មាន​ដែល​សហរដ្ឋ​អាមេរិក​បាន​ត្រៀម​ខ្លួន​ផ្តល់​កិច្ច​ប្រឹងប្រែង​ការទូត ​លោក ​Biden ​បាន​និយាយ​ថា​ រដ្ឋបាល​របស់​លោក​បាន​កំណត់​លក្ខខណ្ឌ​សម្រាប់​ស្ដារ​កិច្ច​ព្រមព្រៀង​ឡើង​វិញ​ហើយ ហើយ​«យើង​នឹង​មិន​រង់ចាំ​ជារៀង​រហូត» សម្រាប់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ ឆ្លើយ​តប​នោះទេ។
 
លោក​ថ្លែង​ដូច្នេះ​ក្រោយ​ជំនួប​នៅ​កាលពីថ្ងៃ​ព្រហស្បតិ៍​​ជាមួយ​មេ​ដឹកនាំ​អ៊ីស្រាអែល​ ស្តីពី​បញ្ហា​សន្តិសុខ​សង្គ្រាម​នៅ​អ៊ុយក្រែន ​និង​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ខណៈ​លោក Biden ​ធ្វើ​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​ទៅ​កាន់​មជ្ឈិម​បូព៌ា​ ចាប់​តាំងពី​ចូល​កាន់​តំណែង​មក។​
 
មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​របស់​លោក​ Biden ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា កិច្ច​ពិភាក្សា​ជាមួយ​លោក Yair Lapid ​នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល ​នាំ​ឱ្យ​មាន​ការ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​ដែល​រួមមាន​ «ការ​ប្តេជ្ញា​ចិត្ត​មិន​ឱ្យ​ប្រទេស​អ៊ីរ៉ង់​ ធ្វើ​អាវុធ​នុយក្លេអ៊ែរ ​និង​ដោះស្រាយ​សកម្មភាព​បង្ក​អស្ថិរ​ភាព​ដោយ​អ៊ីរ៉ង់​ ជាពិសេស​ការ​គំរាម​កំហែង​ដល់​អ៊ីស្រាអែល»។​
 
អ៊ីស្រាអែល​គឺ​ជា​ប្រទេស​រិះគន់​ដ៏​សំខាន់​ចំពោះ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​ ២០១៥​ រវាង​អ៊ីរ៉ង់ ​និង​ក្រុម​មហា​អំណាច​ពិភពលោក ​ដែល​ដាក់​កម្រិត​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ ជា​ថ្នូរ​នឹង​ការ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម។ ​លោក ​Biden​បាន​ធ្វើ​ជា​អនុ​ប្រធានាធិបតី​ នៅពេល​ដែល​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ ហើយ​អ្នកកាន់​តំណែង​មុន​លោក​ គឺ​អតីត​ប្រធានាធិបតី​លោក​ Donald Trump​បានដក​សហរដ្ឋ​អាមេរិក​ចេញពី​កិច្ច​ព្រមព្រៀង​នេះ​ក្នុង​ឆ្នាំ ២០១៨។​
 
មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ថ្មីៗ​នេះ​ដើម្បី​ឱ្យ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​អ៊ីរ៉ង់​ត្រឡប់​ទៅ​ធ្វើ​កិច្ច​ព្រមព្រៀង​ រួមទាំង​កិច្ច​ចរចា​ដោយ​ប្រយោល​នៅ​ទីក្រុង​វីយែន​ ប្រទេស​អូូទ្រីស​ផង​ដែរ។ ​មន្ត្រី​រដ្ឋបាល​នេះ​បាន​និយាយ​ពី​ភាគី​អាមេរិក​ថា ​«ទ្វារ​បើក​ចំហ​សម្រាប់​ការទូត។ ​បើ​ប្រទេស​អ៊ីរ៉ង់​ចង់​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ដែល​ត្រូវ​បាន​ចរចា​នៅ​ទីក្រុង​វីយែន ​នោះយើង​ច្បាស់​ណាស់​ថា​ យើង​ត្រៀម​ខ្លួន​ជា​ស្រេច។ ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ ប្រសិន​បើ​អ៊ិរ៉ង់​មិនព្រម​ទេ​ យើង​នឹង​បន្ត​បង្កើន​សម្ពាធ​ទណ្ឌកម្ម។ យើង​នឹង​បន្ត​បង្កើន​ភាព​ឯកោ​ខាង​ការទូត​របស់​អ៊ីរ៉ង់»។​
 
មន្ត្រី​នេះ​បាន​និយាយ​ថា ​លោក ​Biden​ និង ​លោក​ Lapid ​ក៏នឹង​ពិភាក្សា​អំពី​ «ការ​រក្សា​ក្តី​រំពឹង​ឱ្យ​មាន​ដំណោះ​ស្រាយ​រដ្ឋ​ពីរ»​ រវាង​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន​ ដែល​លោក​ Biden ​មាន​ «ការ​ជឿជាក់​ពេញ​មួយ​ជីវិត​របស់​លោក»។ ​លោក ​Biden ​និង​មេ​ដឹកនាំ​អ៊ីស្រាអែល​ នឹង​ជួប​ជាមួយ​មេ​ដឹកនាំ​ប្រទេស​ឥណ្ឌា ​និង​អេមីរ៉ាតអារ៉ាប់រួម​ ធ្វើ​កិច្ច​ប្រជុំ​កំពូល​ដែល​ផ្តោត​លើ​សន្តិសុខ​ស្បៀង ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ថាមពល​ស្អាត។​
 
មន្ត្រីរ​ដ្ឋបាល​ជាន់ខ្ពស់​នេះ​បាន​និយាយ​ថា ​ការ​ដាក់​ជា​ក្រុម​ប្រតេស​ ដែល​ហៅ​ថា​ I2U2 ​នឹង​ចាប់​ផ្តើម​គម្រោង​តម្លៃ​ ២ពាន់​លាន​ដុល្លារ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខាង​សន្តិសុខ​ស្បៀង​ដោយ​ធ្វើ​កសិកម្ម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។​ ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​រួម​ចំណែក​ផ្តល់​មូលនិធិ​ដល់​គម្រោង​នេះ ​ហើយ​អ៊ីស្រាអែល​ផ្តល់​ជំនួយ​ផ្នែក​បច្ចេកវិទ្យា ​ហើយ​ផ្នែក​ឯកជន​របស់​សហរដ្ឋ​អាមេរិក​ក៏ចូល​រួម​ផង​ដែរ។​
 
លោក ​Biden ​ក៏​​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ីស្រាអែល ​លោក​ Isaac Herzog ​ផង​ដែរ។ លោកទាំងពីរ​រំពឹង​ថា​ នឹង​ពិភាក្សា​អំពី​ទំនាក់​ទំនង​របស់​អ៊ីស្រាអែល​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ រួមទាំង​ ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ តួកគី ​និង​ហ្ស៊កដានី។ ​ បន្ទាប់​ពី​កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នៅ​ក្រុង​ហ្សេរុយសាឡឹម​ លោក ​Biden ​បន្ត​ជួប​ពិភាក្សា​​ជាមួយ​មេ​ដឹកនាំ​ប៉ាឡេស្ទីន​លោក​ Mahmoud Abbas៕
 

© រក្សាសិទ្ធិដោយ thmeythmey.com