ជាតិ
សហគមន៍ទឹកជប់ខ្នារពោធិ៍ ធ្វើស្ពានឈើថ្មីកាត់ព្រៃកោងកាង សម្រាប់ទេសចរជិះកង់ និងដើរកម្សាន្ត
18, Jul 2022 , 8:59 am        
រូបភាព
ដោយ:
សៀមរាប៖ សហគមន៍ទឹកជប់ខ្នារពោធិ៍កំពុងធ្វើស្ពានឈើប្រវែងមួយគីឡូម៉ែត្រ កាត់ព្រៃកោងកាងទឹកសាប ដើម្បីទាកទាញទេសចរបន្ថែម។ បច្ចុប្បន្ន សហគមន៍ កំពុងខ្វះខាតថវិកាដើម្បីបញ្ចប់ការសាងសង់ទាំងស្រុង។

 
ស្ពានឈើថ្មីធ្វើកាត់តាមព្រៃកោងកាងទឹកសាបត្រូវបានធ្វើសម្រាប់ជំនួសស្ពានឈើចាស់ដែលទ្រុឌទ្រាម។ ស្ពានថ្មីនេះ នឹងបម្រើដល់វិស័យអេកូទេសចរណ៍
និងទាក់ទាញទេសចរបន្ថែមក្នុងសហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប។ 
 

 
លោក ឌឿម ឌន់ ប្រធានសហគមន៍ទឹកជប់ខ្នារពោធិ៍បានប្រាប់ ThmeyThmey25 ស្ពានថ្មីនេះចាប់ផ្ដើមសង់កាលពីខែមេសា ដល់ខែកក្កដា ឆ្នាំ២០២២។ បច្ចុប្បន្ន ស្ពាននេះ ត្រូវបានសង់រួចរាល់ប្រមាណ៨០ភាគរយ។ សហគមន៍កំពុងខ្វះថវិកា ដើម្បីបញ្ចប់ការសាងសង់។
 

 
«ក្រុមការងារធ្វើខ្លះ ឈប់ខ្លះ។ មូលហេតុទី១អស់លុយផ្អាកសិន។ ទី២ ពេលខ្លះជាប់ប្រជុំជាមួយមន្ទីរទាក់ទងការរៀបចំនានាដើម្បីអភិវឌ្ឍសហគមន៍។ ទី៣ ក្រុមការងារ ធ្វើស្រែចម្ការ ដូច្នេះពួកគាត់ត្រូវឆ្លៀតពេលខ្លះធ្វើការងារនោះ»។ នេះជាការលើកឡើងរបស់ប្រធានសហគមន៍។ 
 

 
ជាមួយគ្នានោះ លោក ភុំ សុវណ្ណលាត អនុប្រធានសហគមន៍ទឹកជប់ខ្នារពោធិ៍លើកឡើងថា ស្ពានឈើធ្វើថ្មីនេះធំ និងរឹងមាំជាងស្ពានចាស់ និងអាចបម្រើសេវាទេសចរណ៍ ជិះកង់កម្សាន្តតាមស្ពាន និងមើលព្រៃកោងកាង​។ 
 
បើតាម សហគមន៍ ស្ពាននេះ ចំណាយថវិកាប្រមាណ១ម៉ឺន៨ពាន់ដុល្លាសហរដ្ឋអាម៉េរិក។ «ថវិកាភាគច្រើនត្រូវពឹងពីម្ចាស់ជំនួយ ពេលអស់លុយយើងក៏ឈប់ ពេលមានលុយក៏ធ្វើបន្ត។
 

រូបភាពដោយ _លោក ភុំ សុវណ្ណលាត

លុយយើងមានតិចតួចចូលតាមរយៈការផ្ដល់សេវាកម្មរបស់ភ្ញៀវប៉ុណ្ណោះនាពេលបច្ចុប្បន្ន។ ដូច្នេះយើងសូមឱ្យទេសចរទាំងក្នុងនិងក្រៅខេត្តអញ្ជើញមកទស្សនាព្រៃកោងកាងទឹកសាបក្នុងសហគមន៍របស់យើង ដើម្បីអាចជាចំណូលបន្ថែមសម្រាប់ធ្វើស្ពានឈើថ្មីនេះ»។ លោក ភុំ សុវណ្ណលាត អះអាងដូច្នេះ។
 

 រូបភាពដោយ _លោក ភុំ សុវណ្ណលាត 
 
សហគមន៍ កំពុងពង្រឹង និងបង្កើតសេវាមួយចំនួនដើម្បីត្រៀមបម្រើដល់ទេសចរណ៍ទៅកម្សាន្តនៅក្នុងសហគមន៍។ ត។ បន្ទាប់ពីធ្វើស្ពានរួច
ក្រុមការងារ នឹងរៀបចំសេវាផ្សេងៗទៀត ដើម្បីឱ្យកាន់សម្បូរបែប សម្រាប់បម្រើដល់ទេសចរ ។
 
«យើងមានសេវាកម្មបម្រើម្ហូបអាហារសម្រាប់ភ្ញៀវក្នុងតម្លៃសមរម្យ។ សហគមន៍របស់ខ្ញុំធានាថា ម្ហូបអាហារដែលយើងបម្រើទៅភ្ញៀវមានអនាម័យ និងតម្លៃសមរម្យបំផុត»។ នេះជាការលើកឡើងរបស់លោក សុវណ្ណលាត ដោយបន្ថែមថា បច្ចុប្បន្ន​ក្រុមការងារ ប្រឹងប្រែងធ្វើស្ពានឱ្យបានលឿនបំផុត។
 
​​សហគមន៍ទឹកជប់ខ្នារពោធិ៍ខេត្តសៀមរាបមានដើមកោងកាងទឹកសាបដុះលើផ្ទៃដីចំនួន៩៨ហិកតា ក្នុងចំណោមផ្ទៃដីសរុបចំនួន១ ០២២ហិកតា៕
 
 
 

Tag:
 សៀមរាប
  ស្ពានឈើ
  វិស័យទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com