ពីនេះ ពីនោះ
កុំធ្វើជំនួញឆ្លេឆ្លាតាមគេ! ចូរធ្វើជំនួញពីជំនាញខ្លួនឯង!
18, Jul 2022 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
ចាប់តាំងពីក្លើទាំងពីរទំនេរពីកិច្ចការរបស់ខ្លួនបន្តិចមក សុធីរ និងសំណាង ចាប់ផ្តើមមានពេលមកក្រេបកាហ្វេដូចធម្មតាឡើងវិញ។ មិត្តទាំងពីរធ្វើការរបស់ខ្លួនឯងផង និងឈឺឆ្អាលរឿងសង្គមផង។ ឈឺឆ្អាលរឿងសង្គម មិនបានលុយទេ តែបុរសទាំងពីរចង់ចូលរួមចំណែកជួយសង្គមតាមអ្វីដែលពួកគេអាចជួយបាន។ ថ្ងៃនេះ ប្រធានបទរកស៊ីតាមគ្នាត្រូវបានក្លើទាំងពីលើកយកមកពិភាក្សាគ្នា។

 
សុធីរ៖ អា សំណាង! ម៉េចហើយ អាជីវកម្មអនឡាញ? អញលឺគេអួតថា រកលុយបានច្រើនណាស់ពីអាជីវកម្មមួយនេះ? 
 
សំណាង៖ មួយប្រាវ មុនដំបូង អ្នករកស៊ីលក់ដូរតាមអនឡាញ កើបលុយមែន! ពួកគេចំណេញកប់ក្តោងមែនតើ! 
 
សុធីរ៖ ចុះជំនួញអនឡាញឥឡូវហ្នឹង ដូចម្តេចទៅហើយ? 
 
សំណាង៖ ឥឡូវនេះ ក្រុមហ្នឹងក្ស័យធន និងបិទទ្វារជាបណ្តើរៗហើយ។ ភាគច្រើន បើកហើយ ក៏បិទទៅវិញ។ តែទោះជាយ៉ាងណា ក៏នៅមានអ្នកទទួលបានជោគជ័យខ្លះដែរ។ 
 
សុធីរ៖ ចុះជំនួញរកស៊ីពុះដីឡូត៍លក់? 
 
សំណាង៖ អូហ៍! កាលពីប៉ុន្មានឆ្នាំមុន អញលឺគេអួតគ្រប់គ្នាពីរបរលក់ដីឡូត៍ ពីរបរទិញដីទុកលក់យកចំណេញ។ អ្នកខ្លះអួតពីរឿងធ្វើការផង រកស៊ីដីធ្លីផង។ អ្នកខ្លះធ្វើគ្រូបង្រៀនផង រកស៊ីដីធ្លីផង។ អ្នកខ្លះជាអ្នកសារព័ត៌មានផង រកស៊ីដីធ្លីផង។ អ្នកខ្លះជាអ្នករកស៊ីក្នុងផ្សារផង រកស៊ីដីធ្លីផង។ល។
 
សុធីរ៖ ចុះឥឡូវដូចម្តេចហើយ? 
 
សំណាង៖ បើតាមពិនិត្យជាក់ស្តែង ឥឡូវនេះ អ្នកលក់ដីបានលុយ អ្នកទុកដីបានដី។ អញខ្លួនឯងផ្ទាល់មិនចង់ឲ្យដីធ្លីផ្ទះសម្បែងឡើងថ្លៃទេ ព្រោះ ដីធ្លីឡើងថ្លៃ វារំខានដល់ការវិនិយោគ និងវាដាក់បន្ទុកកាន់តែខ្លាំងដល់អ្នកក្រីក្រ មិនទាន់មានផ្ទះសម្បែង និងដីធ្លីរស់នៅ។ សរុបសេចក្តីមក ជំនួញអចលនទ្រព្យ ប្រហែលជាទៅមុខលែងរួចហើយ។ ទីផ្សារចាល់ហើយ គាំងហើយ។ 
 
សុធីរ៖ ចុះជំនួញកាហ្វេយ៉ាងដូចម្តេចដែរ ឥឡូវនេះ? 
 
សំណាង៖ អ្នកលក់ម៉ាស៊ីនកាហ្វេចំណេញលុយច្រើនណាស់(ចំណេញកប់ក្តោង) តែមិនមែនអ្នកលក់កាហ្វេទេ។ បើតាមអញមើល បិទច្រើនជាងបើក។ អ្នកខ្លះ, តាមអញដឹង, សុខចិត្តឈប់ធ្វើការពីក្រុមហ៊ុនធំៗដើម្បីមកបើកជំនួញកាហ្វេ ឬជំនួញផ្សេងៗខ្លួនឯងដោយចង់ក្លាយជាសហគ្រិន តែបើកហើយក៏ដួលទៅវិញ។ វាមិនមែនជារឿងងាយស្រួលឡើយធ្វើជំនួញនោះ។ 
សុធីរ៖ ចុះអារឿងបើងហាងម្ហូបអាហារគ្រប់គ្នាហ្នឹងយ៉ាងម៉េចដែរឥឡូវនេះ? 
 
សំណាង៖ បើកបិទ បើកបិទទេ អា សុធីរ អើយ។ អារកស៊ីតាមគ្នានេះ វាមិនល្អទេ។ ចូរកុំរកស៊ីតាមតែគ្នាពេក ចូរធ្វើជំនួញពីជំនាញខ្លួនឯងទៅ! ចូរកុំធ្វើជំនួញឆ្លេឆ្លាតាមគេពេក៕  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com