ជាតិ
សង្គមជាតិ
អាជ្ញាធរ គាស់សពយកទៅធ្វើកោសលវិច័យ ក្រោយត្រូវបានកប់ស្ងាត់ៗ, សង្ស័យជាករណីឃាតកម្ម
18, Jul 2022 , 6:37 pm        
រូបភាព
សកម្មភាពអាជ្ញាធរទៅគាស់សាកសពបុរសម្នាក់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដើម្បីយកទៅធ្វើកោសលវិច័យ។ រូបពីវីដេអូផ្សាយផ្ទាល់របស់សារព័ត៌មាន CNC
សកម្មភាពអាជ្ញាធរទៅគាស់សាកសពបុរសម្នាក់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដើម្បីយកទៅធ្វើកោសលវិច័យ។ រូបពីវីដេអូផ្សាយផ្ទាល់របស់សារព័ត៌មាន CNC
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីអ៊ិស្លាមម្នាក់យកទៅសាកសួរ បន្ទាប់ពីទទួលបានព័ត៌មានថា នាងយកសពបងប្រុស ទៅកប់ជាសម្ងាត់ ដោយគ្មានការអនុញ្ញាតនិងការដឹងឮពីអាជ្ញាធរ។ សមត្ថកិច្ច សង្ស័យថា ករណីនេះ ជាអំពើឃាតកម្ម ដោយប្អូនស្រី ចាក់សម្លាប់បងប្រុសខ្លួនឯង។



នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញ បាននាំគ្នាទៅគាស់សពបុរសជាជនរងគ្រោះនោះ យកទៅធ្វើកោសលវិច័យ។ លោកវរសេនីយ៍ត្រី​ អ៊ុក​ សុជាតិ​ នាយប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២ បានប្រាប់សារព៍ត៌មានថ្មីៗ តាមទូរស័ព្ទថា ស្រ្តីជាជនសង្ស័យ បានចាក់សម្លាប់បងប្រុសខ្លួនឯង រួចយកទៅកប់នៅក្នុងដីឡូដ៏មួយកន្លែងក្នុងសង្កាត់ច្រាំងចំរេះទី២។

លោក រៀបរាប់ថា ដំបូងឡើយ បងប្អូនប្រុសស្រីទាំង២នាក់ មានជម្លោះជាមួយគ្នា តែមិនដឹងមានរឿងអ្វី ក៏ឈានដល់សម្លាប់បងប្រុសខ្លួនឯង។ លោក បន្តថា ក្រោយកើតហេតុ ស្រ្តីជាជនសង្ស័យ ក៏បានយកសពទៅកប់ ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចមូលដ្ឋាននោះទេ។ លោក បន្ថែមថា តាមទំនៀមទម្លាប់ប្រពែណីខ្មែរ ឱ្យតែមានមនុស្សស្លាប់ គឺត្រូវធ្វើបុណ្យមុនពេលយកសពទៅកប់ ឬបញ្ចុះ ប៉ុន្តែជនរងគ្រោះនៅក្នុងឃាតកម្មនេះ ជាអ៊ិស្លាម ដូច្នេះមិនដឹងទំនៀមទម្លាប់សាសនាគេយ៉ាងណានោះទេ។

លោកនាយប៉ុស្តិ៍រូបនេះ មានប្រសាសន៍ថា៖«ខ្ញុំមិនដឹងថាគេឱ្យធ្វើបុណ្យ ឬមិនឱ្យធ្វើនោះទេ ព្រោះទំនៀមទម្លាប់សាសនាគេ។ អាជ្ញាធរដឹងដែរ តែគេមិនទាន់ស៊ីញ៉េឱ្យយកទៅកប់ផង គេក៏យកទៅកប់»។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញខាងកោសល្យវិច័យ កំពុងបើកការស៊ើបអង្កេត រួមទាំងគាស់សពជនរងគ្រោះ ដើម្បីត្រួតពិនិត្យសាជាថ្មី។ នេះបើតាមនាយប៉ុស្តិ៍ច្រាំងចំរេះទី២ដដែល ដោយលោក បញ្ជាក់ថា សាកសពមានរបួសស្នាម។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ស្រ្តីជាជនសង្ស័យមានឈ្មោះ ម៉ាស អាយុប្រមាណ៤០ឆ្នាំ ត្រូវជាប្អូនស្រីរបស់បុរសជាជនរងគ្រោះ ឈ្មោះ ឡោះ សុគ្រី អាយុ៤១ឆ្នាំ មុខរបរជាអ្នកលាងម៉ូតូ៕

Tag:
 ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com