ជាតិ
សេដ្ឋកិច្ច
គយប្រមូលពន្ធអាករបានជាង ៤លានដុល្លារ ពីរថយន្តជាង ២ពាន់គ្រឿង ក្នុងខែកក្កដា
19, Jul 2022 , 2:29 pm        
រូបភាព
រូបតំណាង ម្ចាស់រថយន្តចង្កូតស្តាំបានមកចុះបញ្ជីបង់ពន្ធ។ រូបពីអគ្គនាយដ្ឋានគយ និងរដ្ឋាករ។
រូបតំណាង ម្ចាស់រថយន្តចង្កូតស្តាំបានមកចុះបញ្ជីបង់ពន្ធ។ រូបពីអគ្គនាយដ្ឋានគយ និងរដ្ឋាករ។
ដោយ​ ៖ ធន់ សេងហុង 

ភ្នំពេញ ៖  រយៈពេល ១៨ថ្ងៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធអាករបានជាង ៤លានដុល្លារ ពីម្ចាស់រថយន្តគ្មានពន្ធនាំចូល ទាំងរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ  ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ជាង២ពាន់គ្រឿង។

 
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ​មានរថយន្តចង្កូតស្តាំសរុបចំនួន ២ ០៦០គ្រឿងបានមកចុះបញ្ជី ក្នុងនោះរថយន្តបានបង់ពន្ធអាកររួចរាល់មានចំនួន ១ ០២៩គ្រឿង ហើយរថយន្តមិនទាន់បានបង់ពន្ធអាករមានចំនួន ១ ០៣១គ្រឿង។
 
ចំណែករថយន្តចង្កូតឆ្វេង ដែលត្រូវបានអនុញ្ញាតឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធអាករ ដោយមិនរងពិន័យមានចំនួនត្រឹម ១៥ គ្រឿងប៉ុណ្ណោះ។ 
 
អគ្គនាយកដ្ឋានគយ បានប្រមូលពន្ធ និងអាករលើរថយន្តចង្កូតឆ្វេង និងចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ដោយពុំតម្រូវឱ្យកែចង្កូត បានប្រមាណ ៤,៣៥លានដុល្លារ (ប្រមាណ ១៧,៧៩ពាន់លានរៀល)​ ដោយគិតចាប់ពីថ្ងៃទី ១-១៨ កក្កដា។
 
គួរបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រាប់ទៅម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ ត្រូវរួសរាន់មកបង់ពន្ធនិងអាករ ឬស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ឱ្យបានយ៉ាងយូរត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ បើមិនដូច្នេះទេ មន្ត្រីគយនិងរដ្ឋាករ នឹងធ្វើការបង្ក្រាបរឹបអូស​ ដោយអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
 
សូមជម្រាបដែរថា រយៈពេលជិត១០ខែ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធអាករ បានជាង ៧៦លានដុល្លារ ពីម្ចាស់រថយន្តគ្មានពន្ធនាំចូល ទាំងរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ  ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ជាង៩ពាន់គ្រឿង៕
 
 
 

Tag:
 រថយន្ត គយ
© រក្សាសិទ្ធិដោយ thmeythmey.com