កីឡាអន្តរជាតិ
អន្តរជាតិ
Barca ទិញ Lewandowski ពី Bayern ក្នុងតម្លៃ៥១លានដុល្លារ និងកិច្ចសន្យា៤ឆ្នាំ
20, Jul 2022 , 3:09 pm        
រូបភាព
រូបភាព៖ FC Barcelona
រូបភាព៖ FC Barcelona
ក្លិប Barcelona ថ្ងៃទី១៩ ខែកក្កដា បានសម្រេចយល់ព្រមកិច្ចសន្យាចុងក្រោយខ្លួនជាមួយ Bayern Munich ហើយលើការផ្ទេរយកខ្សែប្រយុទ្ធ Robert Lewandowski ក្នុងតម្លៃ ៥០លានអឺរ៉ូ (៥១លានដុល្លារ) រួមទាំងប្រាក់បូកបន្ថែម Add-ons។ ​Lewandowski ទទួលបានកិច្ចសន្យា៤ឆ្នាំជាមួយ Barca។

 
កីឡាករសញ្ជាតិប៉ូឡូញ បានធ្វើដំណើរទៅកាន់រដ្ឋ Miami ប្រទេសអាម៉េរិកដើម្បីចូលរួមជាមួយក្រុមថ្មីលើកដំបូង កាលពីថ្ងៃទី១៧ ខែកក្កដា។
 
ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះ បានជាប់ការធ្វើតេស្តសុខភាពរួចរាល់ជាមួយក្រុមថ្មីរហ័សនាមអ្នកមានបុណ្យ ខណៈពេល Bayern Munich បានប្រកាសពីការចាកចេញរបស់រូបគេកាលពីថ្ងៃទី១៨ ខែកក្កដា។ ក្នុងពេលដ៏ឆាប់ខាងមុខក្លិបស្ថិតនៅតំបន់ Catalonia មួយនេះនឹងប្រកាសអំពីព័ត៌មានលម្អិតនៃការផ្ទេររបស់ Lewandowski ជាខ្សែប្រយុទ្ធចំណូលថ្មី ដែលមានតម្លៃខ្លួនផ្តាច់កុងត្រាប្រមាណជាង ៥១២លានដុល្លារ។
 
រដូវកាលមុន Lewandowski រកគ្រាប់បាល់ឱ្យ Bayern បានដល់ទៅ៥០គ្រាប់នៅរាល់ការប្រកួត។ រូបគេក៏ក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំតំបន់អឺរ៉ុប ហើយបានជួយក្រុមយក្សអាល្លឺម៉ង់មួយនេះលើកពានរង្វាន់ Bundesliga លើកទី១០ ជាប់ៗគ្នា។
 
លើសពីនេះ កីឡាករក្រុមជម្រើសជាតិប៉ូឡូញ បានបំបែកកំណត់ត្រារបស់លោក Gerd Muller ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងមួយរដូវកាលរបស់ Bundesliga។ លោក Gerd Muller អំឡុងឆ្នាំ ១៩៧១-៧២ រកបានគ្រាប់បាល់ចំនួន ៤០គ្រាប់ ចំណែក Lewandowski រដូវកាល ២០២០-២១ រកបាន ៤១គ្រាប់។
 
សម្រាប់អាជីពនៅលីគ Bundesliga ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ រកបានគ្រាប់បាល់ដល់ទៅ ៣១២គ្រាប់ ដែលជាកំណត់ត្រាទីពីរក្នុងប្រវត្តិសាស្រ្តរបស់លីគ ដែលឈរពីក្រោយអតីតមិត្តរួមក្រុម Thomas Muller ដែលរកបាន ៣៦៥គ្រាប់៕
 
 
 

Tag:
 Robert Lewandowski
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com