ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណៈកម្មាធិការបរទេសនៃព្រឹទ្ធសភាអាម៉េរិក អនុម័តសេចក្តីស្នើច្បាប់ ដែលមានទិសដៅដាក់ទណ្ឌកម្មមន្រ្តីកម្ពុជា
20, Jul 2022 , 6:59 pm        
រូបភាព
លោក ម៉ាកូ រ៉ូមិអូ (Marco Rubio) និងលោក អេដវ៉ាដ ម៉ាគី (Edward J. Markey) សមាជិកព្រឹទ្ធសភាអាម៉េរិក ដែលផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់លេខ S.3052 ដើម្បីដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា។ រូបពី AFP
លោក ម៉ាកូ រ៉ូមិអូ (Marco Rubio) និងលោក អេដវ៉ាដ ម៉ាគី (Edward J. Markey) សមាជិកព្រឹទ្ធសភាអាម៉េរិក ដែលផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់លេខ S.3052 ដើម្បីដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា។ រូបពី AFP
គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាម៉េរិក បានអនុម័តសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា ឬហៅជាភាសាអង់គ្លេសថា Cambodia Democracy and Human Rights Act (S.3052) កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ បំណងសំខាន់ៗនៃសេចក្តីស្នើច្បាប់នេះ គឺដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា ហើយស្តារប្រជាធិបតេយ្យ និងការពារសិទ្ធិមនុស្សនៅកម្ពុជា។

 
សេចក្តីព្រាងច្បាប់ស្តីពីការប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានផ្តើមគំនិតឡើងដោយសមាជិកព្រឹទ្ធសភា២រូប គឺលោក ម៉ាកូ រ៉ូមិអូ (Marco Rubio) និងលោក អេដវ៉ាដ ម៉ាគី (Edward J. Markey) តាំងពីអំឡុងខែតុលា ឆ្នាំ២០២១មក។ លោកទាំង២ ក៏ជាសមាជិកគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាដែរ។ ចំពោះលោក ម៉ាកូ រ៉ូមិអូ លោក ធ្លាប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាម៉េរិក កាលពីឆ្នាំ២០១៦ តែមិនជោគជ័យ។ 
 
ការទទួលបានការអនុម័តពីគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាម៉េរិក អាចចាត់ទុកថា ជាការឆ្លងផុតដំណាក់កាលលើកដំបូងប៉ុណ្ណោះ ដោយសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជានេះ នៅត្រូវឆ្លងកាត់ដំណាក់ផ្សេងៗជាច្រើនទៀត។ តាមនីតិវិធី បើកិច្ចព្រឹទ្ធសភាពេញអង្គ អនុម័តយល់ព្រម សេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា នឹងត្រូវបញ្ជូនទៅរដ្ឋសភា ហើយបើរដ្ឋសភា អនុម័តយល់ព្រមដែរនោះ នឹងត្រូវបញ្ជូនទៅលោកប្រធានាធិបតី ចូ បៃឌិន ដែលជាដំណាក់កាលចុងក្រោយ។ សេចក្តីព្រាងស្នើច្បាប់នេះ នឹងក្លាយជាច្បាប់ ហើយអាចយកទៅអនុវត្តបាន បើលោកប្រធានាធិបតី អនុម័តយល់ព្រម។ 
 
យ៉ាងណាក៏ដោយ គេ ធ្លាប់ឮព័ត៌មានដែលសមាជិករដ្ឋសភាអាម៉េរិក និងសមាជិកព្រឹទ្ធសភាអាម៉េរិក ធ្វើសេចក្តីស្នើច្បាប់សម្រាប់ដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជារបៀបនេះច្រើនលើកច្រើនសា និងច្រើនឆ្នាំមកហើយ តែរហូតមកដល់ពេលនេះ គេ ហាក់ពុំទាន់ឃើញសេចក្តីស្នើច្បាប់ទាំងនោះ ឆ្លងផុតពីប្រធានាធិបតី ហើយក្លាយជាច្បាប់នោះទេ។ 

សារព័ត៌មានថ្មីៗ ព្យាយាមហៅទូរស័ព្ទទៅកាន់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដើម្បីសុំការឆ្លើយតបនឹងការព្រមានដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជាពីសំណាក់សហរដ្ឋអាម៉េរិក តាមរយៈសេចក្តីស្នើច្បាប់ខាងលើ ដែលទើបនឹងត្រូវបានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាម៉េរិកអនុម័ត តែលោក មិនទទួលការហៅចូល។ រីឯលេខទូរស័ព្ទរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច មិនអាចទាក់ទងបាន។

ទណ្ឌកម្មសម្រាប់ដាក់លើមន្រ្តីកម្ពុជា ដែលមានចែងក្នុងសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា រួមមាន  ការបង្កកទ្រព្យសម្បត្តិ និងការរឹតបន្តឹងក្នុងការផ្តល់ទិដ្ឋាការធ្វើដំណើរទៅអាម៉េរិក ជាអាទិ៍។ មន្រ្តីកម្ពុជា ដែលប្រឈមនឹងការដាក់ទណ្ឌកម្ម ត្រូវសេចក្តីស្នើច្បាប់នេះ កំណត់ថា ជាមន្រ្តី ដែលជាប់ពាក់ពន្ធនឹងការធ្វើឲ្យប្រជាធិបតេយ្យធ្លាក់ចុះ ការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយ ជាដើម។ 
 
បន្ថែមពីនេះ សេចក្តីស្នើច្បាប់នេះដដែល ក៏មានទិសដៅដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា ដែលត្រូវសង្ស័យថា គាំទ្រដល់ការបង្កើតមូលដ្ឋានទ័ពជើងទឹកចិន នៅមូលដ្ឋានទ័ពជើងទឹករាម ខេត្តព្រះសីហនុ នៃប្រទេសកម្ពុជាផងដែរ។ ជុំវិញបញ្ហាមូលដ្ឋានទ័ពជើងទឹករាម រដ្ឋាភិបាលកម្ពុជា បកស្រាយស្ទើរតែរាប់ភ្លេចទៅហើយថា កម្ពុជា មិនអនុញ្ញាតឲ្យកងទ័ពបរទេសណាមកតាំងមូលដ្ឋាននៅលើទឹកខ្លួននោះទេ ប៉ុន្តែ សហរដ្ឋអាម៉េរិក នៅតែមិនជឿ។  
 
កាលពីចុងឆ្នាំ២០២១ សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មលើយោធាកម្ពុជា២រូបរួចមកហើយ គឺលោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងលោក ទៀ វិញ មេបញ្ជាការ​កងទ័ព​ជើងទឹក ក្រោមហេតុផលថា ពួកលោក ពាក់ព័ន្ធនឹងអំពើពុករលួយ។ ទម្រង់នៃការដាក់ទណ្ឌកម្មលើលោកទាំង២ គឺការបង្កកទ្រព្យសម្បត្តិ និងការរឹតបន្តឹងក្នុងការផ្តល់ទិដ្ឋាការសម្រាប់ធ្វើដំណើរទៅកាន់ទឹកដីអាម៉េរិក៕   
 
   
 
 

Tag:
 អាម៉េរិក
  កម្ពុជា
  ទណ្ឌកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com