ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យបក្សកាន់អំណាច ចាត់ទុកការធ្វើច្បាប់ដាក់ទណ្ឌកម្ម ថាជាការរំលោភអធិបតេយ្យកម្ពុជា
21, Jul 2022 , 3:29 pm        
រូបភាព
រូបរង្វង់មូល គឺលោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (រូបពីព្រឹទ្ធសភា)។ រូបអគារ គឺជាវិមានកាពិតុលអាម៉េរិក ដែលជាវិមានព្រឹទ្ធសភា-រដ្ឋសភា (រូបពី AFP)។
រូបរង្វង់មូល គឺលោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (រូបពីព្រឹទ្ធសភា)។ រូបអគារ គឺជាវិមានកាពិតុលអាម៉េរិក ដែលជាវិមានព្រឹទ្ធសភា-រដ្ឋសភា (រូបពី AFP)។
នៅកម្ពុជា ទាំងអ្នកនាំពាក្យគណបក្សកាន់អំណាច ទាំងអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ចេញមតិ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ជុំវិញសេចក្តីស្នើច្បាប់មួយ ដែលតាក់តែងឡើងដោយសមាជិកព្រឹទ្ធសភាអាម៉េរិក ក្នុងទិសដៅដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា។ សេចក្តីស្នើច្បាប់នេះ ទើបនឹងត្រូវគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាម៉េរិកអនុម័ត កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។



លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងយ៉ាងដូច្នេះថា៖«ការធ្វើសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា មិនស្របតាមការពិតនៅកម្ពុជាទេ និងជាការរំលោភលើឯករាជ្យ និងអធិបតេយ្យកម្ពុជា»។ ចំណែក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថ្លែងបែបនេះថា៖«ការដែលដាក់ [ទណ្ឌកម្ម] ហ្នឹង គឺពាក់ព័ន្ធជាមួយបុគ្គល វា មិនពាក់ព័ន្ធមកលើផលប្រយោជន៍ប្រជាជាតិយើងទេ»។

ចំពោះលោក ផៃ ស៊ីផាន ទោះជាមានទិសដៅទៅរកបុគ្គលក្តី តែលោក នៅតែហៅការតាក់តែងសេចក្តីស្នើច្បាប់ ដើម្បីដាក់ទណ្ឌកម្មនេះ ថាអយុត្តិធម៌ សម្រាប់មន្រ្តីកម្ពុជា។ លោក ថែមទាំងចាត់ទុកសេចក្តីស្នើច្បាប់នេះ ថាមានលក្ខណៈនយោបាយ។ យ៉ាងណា លោក ហាក់មិនបារម្ភនឹងសេចក្តីស្នើច្បាប់នេះឡើយ ដ្បិតលោក មើលឃើញថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាម៉េរិក នៅតែមានទំនាក់ទំនងល្អជាមួយគ្នា។

អ្នកនាំពាក្យគណបក្សកាន់អំណាច បានបញ្ចេញប្រតិកម្មរបស់ខ្លួនតាមរយៈសារដែលសរសេរចូលទៅក្នុងបណ្តាញតេឡេក្រាមជាមួយក្រុមអ្នកកាសែត ឯមតិរបស់អ្នកនាំពាក្យរដ្ឋាភិបាល ស្ថិតក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ។  

សេចក្តីស្នើច្បាប់ខាងលើ ហៅថា សេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។ ទិសដៅនៃសេចក្តីស្នើច្បាប់នេះ គឺដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា ហើយស្តារប្រជាធិបតេយ្យ និងការពារសិទ្ធិមនុស្សនៅកម្ពុជា។ យោងតាមសេចក្តីស្នើច្បាប់នេះ មន្រ្តីកម្ពុជា ដែលប្រឈមនឹងការដាក់ទណ្ឌកម្ម គឺជាមន្រ្តី ដែលត្រូវសង្ស័យថា ពាក់ព័ន្ធនឹងអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងការធ្វើឲ្យប្រជាធិបតេយ្យធ្លាក់ចុះ ជាដើម។ 
 
សេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា នៅត្រូវឆ្លងកាត់ការពិនិត្យជាច្រើនដំណាក់កាលទៀត រួមមាន ត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភាពេញអង្គ ពីរដ្ឋសភាពេញអង្គ និងពីប្រធានាធិបតី។ សមាជិកព្រឹទ្ធសភា២រូប គឺលោក ម៉ាកូ រ៉ូមិអូ (Marco Rubio) និង លោក អេដវ៉ាដ ម៉ាគី (Edward J. Markey) ជាអ្នកផ្តើមគំនិតតាក់តែងសេចក្តីស្នើច្បាប់នេះ តាំងពីឆ្នាំ២០២១មកម្ល៉េះ។ 
 
ជាការកត់សម្គាល់ ទាំងសមាជិកព្រឹទ្ធសភាអាម៉េរិក ទាំងសមាជិករដ្ឋសភាអាម៉េរិក ធ្លាប់បានធ្វើសេចក្តីស្នើច្បាប់មួយចំនួនពីមុនៗរួចមកហើយ ដើម្បីដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា ប៉ុន្តែរហូតមកដល់ពេលនេះ គេ ដូចជាមិនទាន់ឃើញសេចក្តីស្នើច្បាប់នោះ ត្រូវបានដាក់ចូលជាធរមាននោះទេ៕ 
 
 

Tag:
 កម្ពុជា
  អាម៉េរិក
  ទណ្ឌកម្ម
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com