ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីការបរទេសព្រុយណេ លើកទឹកចិត្តលោក ប្រាក់ សុខុន ក្នុងការបំពេញបេសកកម្មជួយមីយ៉ាន់ម៉ា
21, Jul 2022 , 6:29 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ដាតូ អ៊ីរីវ៉ាន់ ផេហ៊ិន យូសូហ្វ រដ្ឋមន្រ្តីការបរទេសទី២របស់ព្រុយណេ ពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ដាតូ អ៊ីរីវ៉ាន់ ផេហ៊ិន យូសូហ្វ រដ្ឋមន្រ្តីការបរទេសទី២របស់ព្រុយណេ ពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
លោក ដាតូ អ៊ីរីវ៉ាន់ ផេហ៊ិន យូសូហ្វ (Dato Erywan Pehin Yusof) រដ្ឋមន្រ្តីការបរទេសទី២របស់ព្រុយណេ បានលើកទឹកចិត្តយ៉ាងមុតមាំដល់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ក្នុងការបំពេញបេសកកម្មជួយរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ លោករដ្ឋមន្រ្តីទាំង២ បានពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ហើយខ្លឹមសារនៃកិច្ចពិភាក្សានេះ ត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា។

 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្រៅពីបង្ហាញការលើកទឹកចិត្ត រដ្ឋមន្រ្តីការបរទេសព្រុយណេ ក៏បានចែករំលែកទស្សនៈរបស់លោកដល់លោក ប្រាក់ សុខុន ផងដែរ អំពីរបៀបដែលអាស៊ានអាចជំរុញបន្ថែមទៀតនូវការអនុវត្តកិច្ចព្រមព្រៀងទាំង៥ចំណុចរបស់អាស៊ាន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ 
 
ជាមួយគ្នានេះ រដ្ឋមន្រ្តីការបទេសព្រុយណេ ប្រាប់រដ្ឋមន្រ្តីការបរទេសកម្ពុជាថា ព្រុយណេ គាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដែលកំពុងកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២២នេះ ដើម្បីនាំអាស៊ានឆ្លងកាត់បញ្ហាធំៗជាច្រើននាពេលបច្ចុប្បន្ន។ លោក ប្រាក់ សុខុន អរគុណរដ្ឋមន្រ្តីការបរទេសព្រុយណេ ដែលគាំទ្រកម្ពុជា ក្នុងការបំពេញតួនាទីជាប្រធាអាស៊ាន និងចែករំលែកទស្សនៈផ្ទាល់ខ្លួនដល់លោក។ 
 
«ភាគីទាំង២ បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងក្រៅតំបន់»។ នេះជាសំណេរក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ 
 
សូមរម្លឹកថា ក្នុងឋានៈជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ដែលទទួលបន្ទុកក្នុងការជួយរកដំណោះស្រាយនៅមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា២ដងរួចមកហើយ ដើម្បីជួយសម្របសម្រួលស្ថាការណ៍នៅមីយ៉ាន់មី និងផ្តល់ជំនួយដល់ប្រជាជនមីយ៉ាន់ម៉ា៕ 
 
 
 
 

Tag:
 កម្ពុជា
  ព្រុយណេ
  ប្រាក់ សុខុន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com