ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំទំនិញចូលពីចិន កើន២៤,២ភាគរយ ខណៈនាំចេញទៅវិញធ្លាក់ចុះ៩,២ភាគរយ
22, Jul 2022 , 11:59 am        
រូបភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន។
ដោយ ៖ ធន់ សេងហុង 
 
ការនាំចូលទំនិញពីចិនមកកម្ពុជា ក្នុងឆមាសទី១នេះ មានទំហំទឹកប្រាក់ ៥,៣៧ពាន់លានដុល្លារ កើន២៤,២ភាគរយ ស្របពេលការនាំចេញទំនិញពីកម្ពុជាទៅចិនមានការធ្លាក់ចុះ ៩,២ភាគរយ ដែលមានទំហំទឹកប្រាក់ប្រមាណ ៦១១លានដុល្លារ ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើតាមទិន្ន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។


ជុំវិញរឿងនេះ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានលើកឡើងពីកត្តាចំនួន​បី ដែលធ្វើឱ្យការនាំចេញទំនិញទៅចិនមានការធ្លាក់ចុះ។ ក្នុងនោះ ថ្លៃដឹកជញ្ជូនកើនឡើង ខណៈតំបន់ខ្លះរបស់ប្រទេសចិនបានបិទខ្ទប់ និងការនាំទំនិញឆ្លងកាត់ប្រទេសទីបីមានភាពយឺតយ៉ាវ ដោយការអនុវត្តគោលនយោបាយទប់ស្កាត់ជំងឺកូវីដ-១៩ តាមប្រទេសផ្សេងៗគ្នា។ 
 
លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច ក៏មើលឃើញពីបញ្ហាទាំងនេះ ដែលនាំឱ្យការនាំចេញធ្លាក់ថ្លៃដែរ។ ចំពោះការនាំចូលពីចិនមកកម្ពុជា នៅតែបន្តកើនឡើងវិញ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភារូបនេះ ពន្យល់ថា មូលហេតុដោយសារការនាំចេញសម្លៀកបំពាក់កម្ពុជាទៅអ៊ឺរ៉ុប កើនឡើងក្នុងឆមាសទី១នេះ ទើបជាហេតុនាំឱ្យកម្ពុជា ត្រូវការទិញវត្ថុធាតុដើមច្រើនពីប្រទេសចិន។ 
 
«ជារួម គេត្រូវរង់ចាំមើលវិបត្តិសេដ្ឋកិច្ចសកលមានការថមថយមកវិញ ទើបដំណើរការពាណិជ្ជកម្មអន្តរជាតិមានភាពល្អប្រសើរឡើង ហើយអ្វីដែលរដ្ឋាភិបាលកំពុងបានធ្វើ​ គឺការកសាងកំពង់ផែទឹកជ្រៅ ដែលជាការរៀបចំខ្លួន ដើម្បីកុំឱ្យពឹងលើកំពង់ផែរបស់ថៃ និងវៀតណាម​ ដែលជាដំណោះស្រាយមួយដ៏សមស្រប ជំរុញការនាំចេញរបស់កម្ពុជា»។ នេះជាការលើកឡើងរបស់លោក សិរីវឌ្ឍន៍ ។
 
ប្រភេទមុខទំនិញដែលកម្ពុជានាំចូលពីចិន ភាគច្រើនជាវត្ថុធាតុដើមដែលបម្រើឱ្យវិស័យកាត់ដេរ វាយនភណ្ឌ និងសំណង់។ ចំណែកទំនិញដែលកម្ពុជានាំចេញទៅចិនវិញមាន គ្រឿងបង្គុំអគ្គិសនី ផលិតកសិកម្ម និងផ្លែឈើភាគច្រើនដូចជា អង្ករ ស្វាយ ចេក …។
 
សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិន សម្រេចបានក្នុងរង្វង់ទឹកប្រាក់ជិត ៦ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ២០២២​។ ទំហំនេះ បានកើនឡើងក្នុងអត្រា ២០,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារ។ នេះបើតាមទិន្ន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕
 

Tag:
 ចិន ទំហំពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com