ជាតិ
ទឹកហូរកាត់កំណាត់ផ្លូវជាតិលេខ៥ ស្រកមកនៅកម្ពស់២តឹក បន្ទាប់ពីឡើងដល់កន្លះម៉ែត្រ
23, Jul 2022 , 1:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ទឹកហូរកាត់ផ្លូវលើកំណាត់ផ្លូវជាតិលេខ៥ បានស្រកនៅត្រឹមកម្ពស់២តឹក​ បន្ទាប់ពីបានឡើង កម្ពស់កន្លះម៉ែត្រកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង លើកឡើងថា ស្ថានភាពជំរុញឱ្យទឹកភ្លៀងហូរកាត់ផ្លូវអាចបណ្ដាលមកពីភ្លៀងធ្លាក់ជាប់ៗគ្នា និងមួយទៀត ដោយសារទីតាំងនោះស្ថិតក្នុងតំបន់ទាប និងជាផ្លូវកំពុងជួសជុលផង។ 



លោក ដោក ប៊ុនថុន បានបញ្ជាក់ថា ទឹកហូរកាត់ផ្លូវលេខ៥ ឡើងដល់កម្ពស់កន្លះម៉ែត្រ កាលពីថ្ងៃទី២២ ​ខែកក្កដា ត្រង់ឃុំលង្វែក និងឃុំស្វាយ ដែលស្ថិតក្នុងខេត្តកំពង់ឆ្នាំ និងកំពង់ស្ពឺ ហើយ​បានស្រកនៅត្រឹម២តឹកវិញ នៅម៉ោង១១នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដានេះ។  
  

កម្ពស់ទឹក នៅអាសទឹកអន្លងជ្រៃ ។ រូបភាពផ្ដល់ដោយ លោក ដោក ​ប៊ុនថុន មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង

ជាមួយគ្នានេះលោក ថ្លែងថា ​ជំនន់ទឹកភ្ញៀងហូរកាត់ផ្លូវនេះបណ្ដាលមកពីភ្លៀងធ្លាក់ជាប់គ្នាជាបន្តបន្ទាប់ ដែលធ្វើឱ្យអាងទឹកអន្លងជ្រៃហៀរទឹកចេញ។ លោកបានបន្ថែមថា ក្រៅពីទឹកឡើងលើសកម្ពស់ កត្តាមួយទៀតគឺបណ្ដាលពីទីតាំងនោះទាប និងកំពុងជួយជុល។ 
 
«ម្សិលមិញម៉ោង៦ទៅ៧ព្រឹកទឹកហូរកាត់ផ្លូវចម្ងាយ៧០ម៉ែត្រ។ ក្នុងនោះចម្ងាយ៥០ម៉ែត្រលិចកម្ពស់កន្លះម៉ែត្រ ឯ២០ម៉ែត្រទៀតលិចត្រឹមកម្ពស់១តឹកកន្លះប៉ុណ្ណោះ។ បច្ចុប្បន្នទឹកហូរកាត់ផ្លូវសល់ត្រឹមកម្ពស់២តឹក ចម្ងាយ២៥ម៉ែត្រ»។ នេះជាការអះអាងរបស់លោក ប៊ុនថុន។
 
ប្រធានមន្ទីរធនធានទឹករូបនេះ បានបញ្ជាក់ថា ជំនន់ទឹកភ្ញៀងនេះមិនបណ្ដាលឱ្យប៉ះពាល់ដល់ផលដំណាំ និងអាយុជីវិតរបស់មនុស្សសត្វឡើយ។ ទន្ទឹមនេះកំណាត់ផ្លូវនៅតែបន្តផ្អាកចរាចរណ៍ ដើម្បីជួសជុល។
 
បើតាមការបញ្ជាក់បន្ថែមរបស់លោក ប៊ុនថុន ស្ថានភាពទឹកនៅអាងទឹកអន្លងជ្រៃនៅថ្ងៃទី២៣ ខែកក្កដានេះ ទឹកនៃផ្ទៃអាងមានកម្ពស់២ម៉ែត្រ ៦តឹក។ ជាមួយគ្នានេះ ទឹកនឹងហូរចេញដោយស្វ័យប្រវត្តិពីអាង ក្នុងករណីកម្ពស់ទឹកឡើងលើសកម្ពស់២ម៉ែត្រកន្លះ៕ 
 

ស្ថានភាពទឹក នៅកំណាត់ផ្លូវជាតិលេខ៥ រូបភាព ដោយ លោក ដោក ​ប៊ុនថុន មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង


ស្ថានភាពទឹក នៅអាសទឹកអន្លងជ្រៃ ។ រូបភាពផ្ដល់ដោយ លោក ដោក ​ប៊ុនថុន មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង

Tag:
 ខេត្តកំំពង់ឆ្នាំ
  ទឹកជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com