ជាតិ
មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ណែនាំវិធីសាស្រ្តបង្កើនទិន្នផលស្រូវ និងទប់ទល់ការប្រែប្រួលអាកាសធាតុ
23, Jul 2022 , 1:59 pm        
រូបភាព
រូបពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
រូបពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
ភ្នំពេញ៖ ដំណាំគ្រប់ប្រភេទ ត្រូវការសារធាតុចិញ្ចឹមចាំបាច់ ឬជី ដើម្បីជំរុញការលូតលាស់ និងផ្លែផ្កា។ ការគ្រប់គ្រង និងប្រើប្រាស់ជី ឱ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងប្រព័ន្ធផលិតកម្មដំណាំស្រូវ មានសារសំខាន់ខ្លាំង ក្នុងការ បង្កើនទិន្នផលស្រូវ កាត់បន្ថយចំណាយថ្លៃដើមផលិតកម្ម និងកាត់បន្ថយការបាត់បង់សារធាតុចិញ្ចឹមទៅក្នុងប្រព័ន្ធ ក្សេត្របរិស្ថានដំណាំស្រូវ។

 
យោងតាមសេចក្ដីណែនាំរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ ដើម្បីជំរុញការប្រើប្រាស់ជីសម្រាប់ដំណាំស្រូវ ស្របតាមបទដ្ឋានបច្ចេកទេស ចៀសវាងនូវការខ្ជះខ្ជាយថវិកា ពេលវេលា និងប៉ះពាល់បរិស្ថាន កសិករត្រូវធ្វើការភ្ជួររាស់ដីស្រែឲ្យបាន ២ទៅ៣ដង ក្នុងជម្រៅ ២៥ទៅ៣០សង់ទីម៉ែត្រ ដើម្បីឲ្យដីម៉ដ្ឋ ធូរល្អ និងសម្អាតស្មៅឲ្យបានស្អាតជៀសវាងការដុះប្រជែង និងដណ្ដើមយកសារធាតុចិញ្ចឹម(ជី) ជាមួយដំណាំស្រូវ។ 
 
បន្ទាប់មក កសិករ ត្រូវកៀរពង្រាបដីស្រែឲ្យបានរាបស្មើល្អ និងលើកប្រព័ន្ធភ្លឺស្រែរឹងមាំ ដើម្បីឲ្យទឹកក្នុងស្រែស្មើល្អមិនបណ្តាលឲ្យ ជីបាត់បង់តាមរយៈការហៀរចេញតាមទឹក និងបំភាយឡើងទៅក្នុងបរិយាកាស។ កសិករ ត្រូវកំណត់ទឹកក្នុងស្រែឲ្យបានត្រឹមត្រូវមុននឹងប្រើប្រាស់ជី។ ចំពោះស្រូវអាយុក្រោម១ខែ ត្រូវរក្សាទឹកក្នុងស្រែឲ្យបានកម្ពស់មិនឲ្យលើសពី៥សង់ទីម៉ែត្រ។ ចំពោះស្រូវមានអាយុកាលលើសពី ១ខែ ឡើងទៅ ត្រូវរក្សាទឹកក្នុងស្រែ មិនឲ្យលើសពី ២០សង់ទីម៉ែត្រ។ 
 


លើសពីនេះ កសិករ ចាំបាច់ត្រូវបង្កើនជាតិមមោកក្នុងដីស្រែឲ្យបានច្រើនតាមរយៈការប្រើប្រាស់ ជីឡជីវឧស្ម័ន(ជីលាមកសត្វចេញពីឡូ ជីវឧស្ម័ន) ជីកំប៉ុស្ត ជីស្រស់ និងការដាំដំណាំស្មៅគម្របដី ដែលធ្វើឲ្យដីផុស មានគុណភាពល្អ បង្កើននូវជីវជាតិដី និងជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ កសិករ ត្រូវសម្អាតស្មៅឲ្យបានស្អាត មុនប្រើប្រាស់ជីលើដំណាំស្រូវ និងមិនត្រូវបាចជីអំឡុងពេលមានទឹកសន្សើម ដក់លើស្លឹកស្រូវ ឬមានភ្លៀងធ្លាក់នោះទេ។
 
ដោយឡែក ការប្រើប្រាស់ជី ត្រូវធ្វើតាមដំណាក់កាលលូតលាស់របស់ដំណាំស្រូវ ដែលមានចំនួន៣លើក លើកទី១ ប្រើទ្រាប់បាតមុនពេលស្នង ឬព្រោះគ្រាប់ពូជស្រូវ លើកទី២ មុនពេលស្រូវបែកគុម្ព១សប្តាហ៍ និងលើកទី៣ មុនពេល ស្រូវចេញកួរ១សប្តាហ៍។ 
 
ចំពោះ សមាសធាតុ អាហ្សូត(N) ផូស្វាត(P) ប៉ូតាស្យូម(K) ជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងចំណោមសមាសធាតុ ផ្សេងៗទៀត។ សមាសធាតុអាហ្សូត(N) ជួយជំរុញការលូតលាស់ស្លឹក ធ្វើឲ្យស្លឹកមានពណ៌បៃតងក្រម៉ៅ និងបែកគុម្ព សមាសធាតុផូស្វ័រ(P) ជួយឲ្យឬសដុះលូតលាស់បានល្អ ជំរុញឲ្យឆាប់ចេញផ្កា និងឆាប់ទុំ និងបង្កើនគុណភាពគ្រាប់។ សមាសធាតុប៉ូតាស្យូម(K) ជួយឲ្យរុក្ខជាតិមានភាពធន់លក្ខខណ្ឌអាកាសធាតុមិនល្អ និងជំរុញការបែកគុម្ព បង្កើន ទំហំ និងទម្ងន់គ្រាប់ស្រូវ៕ 
 
 

Tag:
 ជីកសិកម្ម
  មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com