ជាតិ
អាជ្ញាធរជាតិព្រះវិហារផ្ដល់ថវិកា៣៥០០ដុល្លារដល់និស្សិតសម្រាប់អនុវត្តគម្រោងស្រាវជ្រាវតំបន់ព្រះវិហារ និងកោះកេរ
23, Jul 2022 , 3:19 pm        
រូបភាព
រូបភាពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
អាជ្ញាធរជាតិព្រះវិហារ ផ្ដល់ថវិកាចំនួន៣៥០០ដុល្លារ ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់អនុវត្តគម្រោងស្រាវជ្រាវតំបន់ព្រះវិហារ និងកោះកេរ។ ថវិកានេះផ្ដល់សម្រាប់និស្សិតចំនួន៣ក្រុម ដើម្បីអនុវត្តគម្រោងស្រាវជ្រាវចំនួន៣ផ្សេងគ្នា។



 
ដើម្បីជំរុញឱ្យមានការស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយឱ្យកាន់តែច្រើនពីតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ អាជ្ញាធរជាតិព្រះវិហារ បានបង្កើតមូលនិធិគម្រោងស្រាវជ្រាវ ដើម្បីផ្ដល់ឱកាសដល់និស្សិត មន្រ្តីរាជការ និងសាស្រ្តាចារ្យ ដើម្បីស្រាវជ្រាវ និងសិក្សាពីតំបន់ទាំង២នោះ។
 
គម្រោងស្រាវជ្រាវនេះ គឺជាកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានប្រាប់សារព័ត៌មានថ្មីៗថា គម្រោងស្រាវជ្រាវលើកដំបូងនេះ បានចាប់ផ្ដើមតាំងពីដើមឆ្នាំ២០២២មកម្ល៉េះ ដែលផ្ដល់អាទិភាពដល់និស្សិតចំនួន៣ក្រុម សម្រាប់អនុវត្តការស្រាវជ្រាវ ដោយបែងចែកជា៣គម្រោងផ្សេងៗគ្នា។ 
  

 រូបភាពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

គម្រោងទាំង៣នោះមាន ការសិក្សាស្រាវជ្រាវ និងចងក្រងសំណង់ស្ថាបត្យកម្មផ្ទះជនជាតិគួយ,បដិមាបាត់បង់ និងការទាមទារត្រឡប់មកវិញ និងស្ថានីយគោកដីឆ្នាំង។
 
លោក ពុទ្ធិការ លើកឡើងដូច្នេះថា៖«គម្រោងស្រាវជ្រាវនោះ យើងកំណត់រយៈពេល៦ខែក្នុងមួយគម្រោង។ ដោយសារឆ្នាំនេះ គឺជាឆ្នាំចាប់ផ្ដើម ដូច្នេះកាលវិភាគរបស់យើង គឺរៀបចំមិនទាន់ស្រួល គឺគម្រោង២របស់និស្សិត បានបញ្ចប់ហើយ។ ដោយឡែកគម្រោង១ទៀត ដែលសិក្សាស្រាវជ្រាវសំណង់ស្ថាបត្យកម្មផ្ទះជនជាតិគួយហ្នឹង មិនទាន់ចាប់ផ្ដើមនៅឡើយទេ»។ 
 
បើតាមអគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ គម្រោងស្រាវជ្រាវទាំង៣នោះ គឺផ្ដល់ថវិកាទៅតាមទំហំនៃការស្រាវជ្រាវ ដែលគម្រោងស្រាវជ្រាវ បដិមាបាត់បង់ និងការទាមទារត្រឡប់មកវិញ និងស្ថានីយគោកដីឆ្នាំង ទទួលបានថវិកា៥០០ដុល្លារ ក្នុងមួយគម្រោង។ ចំណែកឯ គម្រោងស្រាវជ្រាវ និងចងក្រងសំណង់ស្ថាបត្យកម្មផ្ទះជនជាតិគួយ ទទួលបានការគាំទ្រចំនួន២៥០០ដុល្លារ។ លោក គង់ ពុទ្ធិការ បញ្ជាក់ថា ថវិកាគាំទ្រនេះ គឺជាថវិការដ្ឋ ផ្ដល់សម្រាប់ការស្រាវជ្រាវតំបន់តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ខេត្តព្រះវិហារ៕
 

 រូបភាពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
 
 

Tag:
 ព្រះវិហារ
 កោះកេរ
© រក្សាសិទ្ធិដោយ thmeythmey.com