ជាតិ
សេដ្ឋកិច្ច
ការនាំចេញរបស់កម្ពុជាទៅប្រទេសសមាជិក RCEP មានជិត៣,៣ពាន់លានដុល្លារ កើន១០ភាគរយ ក្នុងឆមាសទី១
23, Jul 2022 , 5:19 pm        
រូបភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន។
ដោយ ៖ ធន់ សេងហុង 
 
ភ្នំពេញ៖  កម្ពុជានាំទំនិញទៅប្រទេសចំនួន​១៤ ដែលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP បានជិត៣,៣ពាន់លានដុល្លារអាមេ៉រិក នៅក្នុងឆមាសទីមួយ។ នេះបើយោងតាមរបាយការណណ៍របស់ក្រសួងពាណិជ្ជកម្ម ដោយបញ្ជាក់ ទំហំនៃការនាំចេញរបស់កម្ពុជានេះ គឺកើន ១០ភាគរយ បើធៀបនឹងឆមាសទីមួយ ឆ្នាំ២០២១។

 
RCEP (Regional Comprehensive Economic Partnership) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី រវាងប្រទេសក្នុងតំបន់អាសា៊ន ជាមួយនឹងប្រទេស​ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលត្រូវបានអនុវត្ត ជាផ្លូវការ​ ចាប់ពី​ថ្ងៃទី ១ ខែ​មករា​ ឆ្នាំ២០២២ តទៅ។ 
 
កម្ពុជា តាមរយៈកិច្ចព្រមព្រៀងនេះ បាននាំទំនិញទៅកាន់ប្រទេសក្នុងតំបន់នេះ កើនដល់ទំហំទឹកសរុប ៣,២៨ពាន់ដុល្លារ រយៈពេល៦ខែមកនេះ។  ចំនួននេះ កើនបាន១០ភាគរយ ធៀបនឹងពេលដូចគ្នាកាលឆ្នាំ២០២១។ 
 
របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងចំណោមទំហំនៃការនាំចេញសរុបរបស់កម្ពុជាទៅប្រទេសសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មRCEP​នេះ  ការនាំរបស់កម្ពុជា ទៅប្រទេសវៀតណាមមាន ១,១៧ពាន់លានដុល្លារ , នាំទៅចិនមាន ១២លានដុល្លារ និងទៅជប៉ុនមាន​ ៥៤២លានដុល្លារ។ 
 
ជុំវិញនៃការនាំចេញនេះ លោក ប៉ែន សុវិជាតិ ​អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងថា RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CC-FTA) បានចូលធរមាន ក្នុងថ្ងៃជាមួយគ្នា  ដែលនេះជាកត្តាជំរុញការនាំចេញរបស់កម្ពុជា។ លោក បន្តសរសេរដូច្នេះ៖ « ចិនបានដើរតួនាទីនាំមុខគេក្នុងការជួយប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) រួមទាំងប្រទេសកម្ពុជាផង តាមរយៈពន្ធអនុគ្រោះ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ»។
 
ជាមួយនឹងគ្នានេះ លោក គី សិរីវឌ្ឍន៍ ដែលជាអ្នកជំនាញសេដ្ឋកិច្ចមកពីរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា តាមរយៈ RCEP កម្ពុជាអាចជាមជ្ឈមណ្ឌលពាណិជ្ជកម្ម​ និងជាគំរូនៃការចែកចាយទំនិញពីប្រទេសចិននៅក្នុងតំបន់អាស៊ាន។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះមើលឃើញថា៖ « RCEP ដើរតួនាទីជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ហើយដោយមិនសង្ស័យប្រទេសដែលចូលរួមទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពីវានៅកម្រិតផ្សេងៗគ្នា។ RCEP នឹង​ជួយ​កម្ពុជានិង​ប្រទេស​ជា​សមាជិក​ផ្សេងទៀត​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​របស់​ពួកគេ​ពី​ជំងឺ​រាតត្បាត​កូវីដ-១៩ យ៉ាង​ឆាប់​រហ័ស»។
 
យោង​តាម​ឯកសារ​ស្រាវជ្រាវ​របស់​ធនាគារ​ពិភពលោក កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​៣ បន្ទាប់​ពី​ប្រទេស​វៀតណាម និង​ម៉ាឡេស៊ី ក្នុង​លក្ខខណ្ឌ​នៃ​ការ​បង្កើន​ប្រាក់​ចំណូល​ពិត​ ព្រមទាំង​កំណើន​ការ​នាំ​ចេញ​ក្រោមកិច្ចព្រមព្រៀង RCEP៕
 

Tag:
 ពាណិជ្ជកម្ម
  RCEP
© រក្សាសិទ្ធិដោយ thmeythmey.com