ជាតិ
កម្លាំងពលកម្មក្នុងវិស័យកសិកម្ម នឹងថយចុះដល់២០ភាគរយនៅឆ្នាំ២០៣០ ដោយសារបច្ចេកវិទ្យារីកចម្រើន
23, Jul 2022 , 7:39 pm        
រូបភាព
រូបពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
រូបពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ កម្លាំងពលកម្មក្នុងវិស័យកសិកម្មកាន់តែថយចុះ ដោយសារកសិករយល់ដឹង និងប្រែក្លាយពីការធ្វើកសិកម្មបែបប្រពៃណី ទៅទំនើបកម្មវិញ។ ការធ្វើទំនើបកម្មកសិកម្មនេះ បានរួមចំណែកកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ ជាពិសេសបង្កលក្ខណៈងាយស្រួលដល់ការការវិវត្តវិស័យកសិកម្មឱ្យរីកចម្រើនផ្នែកបច្ចេកវិទ្យា និងភាតរបរិស្ថាន។

 
លោក ស្រី វុឌ្ឍី អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើង ការប្រើប្រាស់កម្លាំងពលកម្មក្នុងវិស័យកសិកម្មកាន់តែថយចុះហើយ ដោយសារការធ្វើកសិកម្មកាន់តែទំនើប។ នៅឆ្នាំ២០២១នេះ កម្លាំងពលកម្មថយចុះមកត្រឹម ៣៥ភាគរយ ធៀបនឹងរយៈ១០ឆ្នាំមុនមានប្រមាណ ៥០ភាគរយ។ 
 
បច្ចុប្បន្ន មានតែវិស័យឧស្សាហកម្ម និងសេវាកម្មប៉ុណ្ណោះ ដែលត្រូវការកម្លាំងពលកម្មច្រើន ខណៈកសិកម្ម ត្រូវពឹងផ្អែកលើសេវាយន្តតូបនីយកម្ម បច្ចេកទេស និងបច្ចេកវិទ្យាជាដើម។ បន្ថែមពីនេះ លោក រុឌ្ឍី អះអាងថា នៅឆ្នាំ២០៣០ កម្លាំងពលកម្មដែលប្រើប្រាស់សម្រាប់វិស័យកសិកម្មនឹងបន្តធ្លាក់ចុះដល់ ២០ទៅ២៥ភាគរយ។ 
 
«ការធ្វើកសិកម្មឥឡូវនេះ សូម្បីតែចាស់ៗក៏គាត់មិនអាចធ្វើដោយផ្ទាល់ដែរ គឺពួកគាត់ត្រូវពឹងលើសេវាយន្តតូបនីយកម្ម។ ចង់ភ្ជួរ រាស់ ច្រូត គឺគាត់ត្រូវហៅសេវាកម្មគេមកធ្វើឱ្យ អ៊ីចឹង ឥឡូវហ្នឹង ពួកគាត់កំពុងធ្វើរៀបនេះ»។ លោក ស្រី វុឌ្ឍី ថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅព្រឹកថ្ងៃទី១៩កក្កដា។
 
ទន្ទឹមនេះ ក្រសួងកសិកម្ម បានបញ្ជូននិស្សិតរាប់សិបនាក់ទៅសិក្សាជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែលជារៀងរាល់ឆ្នាំ ដើម្បីឱ្យយុវជនទាំងនោះ ទាញយកប្រយោជន៍ បច្ចេកទេស និងបច្ចេកវិទ្យាទំនើបៗ។ និស្សិតនឹងអាចប្រើចំណេះ និងបច្ចេកវិទ្យា ក្នុងវិស័យកសិកម្មនៅប្រទេសអ៊ីស្រាអែល យកមកអភិវឌ្ឍវិស័យកសិកម្មក្នុងប្រទេសកម្ពុជាវិញ។ 


 កសិករប្រើប្រាស់ដ្រូន ដើម្បីបាញ់ថ្នាំស្វាយ

លោក រៀបរាប់ថា៖«និស្សិតរបស់យើងនៅសាលាចំការដូងដែលយើងបានបញ្ជូលទៅរៀនផ្ទាល់នៅអ៊ីស្រអែល។ ពួកគាត់បានស្រូបយកចំណេះដឹង និងបច្ចេកវិទ្យាទំនើប។ អ៊ីចឹង នៅពេលមកវិញ ពួកគាត់បានដាក់ទុនវិនិយោគដោយប្រើចំណេះ ជំនាញរបស់គាត់ អភិវឌ្ឍទៅជាអ្នកកសិកម្មវ័យក្មេងមានបច្ចេកវិទ្យាទំនើប។ ទៅមុខទៀត កម្លាំងពលកម្មមិនមែនច្រើនទេ តែកម្លាំងពលកម្មដែលមានជំនាញ គ្រប់គ្រងទៅលើការប្រើម៉ាស៊ីន ដ្រូន ឬបច្ចេកវិទ្យានឹងមានច្រើន»។
 
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៨មក កម្ពុជាបានបញ្ចូននិស្សិតចំនួន ១ ៤៦៩នាក់ទៅសិក្សាជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែល តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies Agriculture Capacity Building។ 
 
និស្សិតកម្ពុជា ដែលបានទៅសិក្សានៅអ៊ីស្រាអែល ភាគច្រើនត្រូវបានបណ្ដុះបណ្ដាលចំណេះដឹងបច្ចេកទេសកសិកម្មទាំងទ្រឹស្ដី និងការអនុវត្ត ដូចជា មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ  ការធ្វើកសិកម្មឈើហូបផ្លែ និងនិរន្តរភាពកសិកម្ម។ ដោយឡែក ជំនាញដែលត្រូវដាក់ឱ្យអនុវត្តនៅកសិដ្ឋានមានដូចជា ការចិញ្ចឹមមាន់ សាកវប្បកម្ម ការប្រមូលផល និងការវេចខ្ចប់ ដំណាំផ្កា ការបណ្ដុះផ្សិត និងគ្រាប់ពូជដើម៕ 
 
 
 
 

Tag:
 ក្រសួងកសិកម្ម
  ទំនើបកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com