ជាតិ
បញ្ហា​ប្រេងសាំង និងកង្វះជើងហោះហើរ បង្អាក់ការងើបឡើងទេសចរណ៍ភាគឦសាន
23, Jul 2022 , 9:39 pm        
រូបភាព
ដោយ:
ទេសចរនៅខេត្តរតនគិរីនិងមណ្ឌលគិរី មានជាង ២៩ម៉ឺននាក់ ក្នុងរយៈពេល៦ខែឆ្នាំ២០២២។ទិន្នន័យនេះនៅតិចតួចនៅឡើងបើធៀបមុនជំងឺកូវីដ-១៩។ អ្នកជំនាញទេសចរណ៍ លោកស្រី ខៃចិន្តា បារម្ភពីការប្រឈមខាតរបស់សេវាស្នាក់នៅមួយចំនួន ដែលបើកហើយមិនមានភ្ញៀវដោយសារតម្លៃប្រេងសាំង និងកង្វះជើងហោះហើរ។

 
វិស័យទេសចរណ៍កម្ពុជាមានសញ្ញាវិជ្ជមានច្រើន​​ រយៈពេល៦ខែនាឆ្នាំ២០២២នេះ។ ខេត្តសៀមរាប និងព្រះសីហនុ រងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ-១៩ដូចគ្នា តែថាទេសចរ
ទៅកម្សាន្តច្រើនវិញ ព្រោះមានជើងហោះហើរពីភ្នំពេញ និងប្រទេសមួយចំនួន។ តែតំបន់ឦសានមិនទាន់មានសន្ទុះច្រើននោះទេ។ អ្នកជំនាញទេសចរណ៍ មើលឃើញថា ទេសចរណ៍ខេត្តមណ្ឌលគិរីនិងរតនគិរី ងើបឡើងវិញតិចតួចនៅឡើយ។
 

លោកស្រី ខៃ ចិន្តាអនុសមាគមសណ្ឋាគារកម្ពុជា និងជាម្ចាស់សណ្ឋាគារមួយនៅខេត្តមណ្ឌលគិរី ប្រាប់សារព័ត៌មានThmeyThmey25ថា ភ្ញៀវទេសចរជាតិទៅកម្សាន្តនៅខេត្តនាភាគឦសាននោះតិចតួចព្រោះបញ្ហាតម្លៃប្រេងសាំង កង្វះជើងហោះហើរ បញ្ហាអាកាសធាតុ និងថ្ងៃឈប់សម្រាកតិចតួច។ 
 
លោកស្រី ខៃ ចិន្តាបញ្ជាក់ដូច្នេះ៖ «ឆ្នាំនេះមិនសូវមានថ្ងៃឈប់សម្រាកវែងទេ។ទេសចរក្នុងស្រុកមានពេលឈប់តិច។ បើគាត់ចង់ទៅភាគឦសានត្រូវចំណាយពេលទៅមួយថ្ងៃ មកមួយថ្ងៃដូច្នេះគាត់ត្រូវជ្រើសរើសទៅកម្សាន្តនៅកន្លែងជិត។តម្លៃសាំងធ្វើឱ្យមានការចំណាយច្រើនទាំងថ្លៃឡាន ហើយម្ហូបអាហារក៏ឡើងថ្លៃតាមនោះដែរ។កូវីដជិត៣ឆ្នាំនេះប៉ះពាល់សេដ្ឋកិច្ចខ្លាំងចឹងទេសចរក៏គិតពិចារណាក្នុងការដើរកម្សាន្តដែរ»។ 
 
យោងតាមតាមរបាយការណ៍ពីប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី និងរតនគិរី ទេសចរជាង២៩ម៉ឺននាក់ទៅកម្សាន្តខេត្តទាំង ២នេះ ដែលមានទេសចរអន្តរជាតិជិត៣ពាន់នាក់ប៉ុណ្ណោះក្នុងរយៈពេល ៦ខែឆ្នាំ២០២២។ បញ្ហាទេសចរអន្តរជាតិនៅតិចតួចនេះព្រោះបញ្ហាតម្លៃសំបុត្រយន្តហោះ និងកង្វះយើងហោះហើរបូករួមនឹងបញ្ហារដ្ឋបាលរបស់ស្ថាប័នសាធារណមួយចំនួន។
 
«ទេសចរអន្តរជាតិមានតិចតួចបំផុតព្រោះជើងហោះហើរមិនមានសម្បូរបែបទេ កាលពីមុនមួយថ្ងៃៗមានជើងហោះហើរទាំងយប់ទាំងថ្ងៃ។តម្លៃសំបុត្រយន្តហោះក៏ឡើងថ្លៃ ហើយតម្លៃជួលឡានក៏គេឡើងដែរ។បញ្ហាមួយទៀតគឺតម្លៃសំបុត្រចូលរមណីយដ្ឋានមួយចំនួន ថ្លៃសម្រាប់បរទេសដែលធ្វើឱ្យទេសចរអន្តរជាតិដែលដឹងព័ត៌មាននេះ គាត់អត់ចូលមកខ្មែរទេ​»។ នេះជាការអះអាងរបស់អនុប្រធានសមាគមសណ្ឋាគារកម្ពុជា។
  
ម្ចាស់សេវាកម្មស្នាក់នៅស្ទើរទាំងអស់នៅខេត្តមណ្ឌលគិរីនិង រតនគិរី បានបើកដំណើរការឡើងវិញដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ប៉ុន្តែទិន្នន័យភ្ញៀវនៅតិចតួចនេះ បានធ្វើឱ្យម្ចាស់អាជីវកម្មប្រភេទនេះប្រឈមខាតដោយត្រូវចំណាយលើបុគ្គលិក អគ្គិសនី និងការថែទាំ។
 


តំបន់ទេសចរណ៍បឹងយក្សឡោម រូបភាពពីមន្ទីរទេសចរណ៍ខេត្តរតនគិរី

ជុំវិញបញ្ហានេះលោកស្រីខៃ ចិន្តា ក្នុងនាមជាម្ចាស់សណ្ឋាគារនៅខេត្តរតនគិរីផងនោះ អះអាងថាការបើកដំណើរការសេវាស្នាក់នៅនាពេលបច្ចុប្បន្នមិនប៉ះពាល់ដូចក្នុងដំណាក់កាលកូវីដ-១៩ទេ។ប៉ុន្តែម្ចាស់អាជីវកម្មនៅតែប្រឈមខាត លើការចំណាយថ្លៃប្រេង ថ្លៃអគ្គិសនីនិងបុគ្គលិក។ បើសិនម្ចាស់កន្លែងស្នាក់នៅមិន​មានដើមទុនសម្រាប់បម្រុងខាតទេនោះពួកគេនឹងប្រឈមនឹងការបិទទ្វារជាថ្មី។
 
ជាមួយគ្នានេះ លោក ង៉ែតពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ប្រាប់សារព័ត៌មានThmeyThmey25 ថាស្ថានភាពទេសចរណ៍នៅខេត្តរតនគិរីមានភាពប្រសើរឡើងហើយ បើធៀបនឹងឆ្នាំ២០២១។ ទេសចរទៅកម្សាន្តនៅខេត្តរតនគិរីច្រើននៅចុងសប្តាហ៍ដែលធ្វើឱ្យកន្លែងស្នាក់នៅដែលមានសេវាកម្មល្អតែងមានភ្ញៀវពេញ។ ប៉ុន្តែថ្ងៃច័ន្ទដល់ថ្ងៃសុក្រមិនសូវមានទេសចរ នោះទេ។
 
«ម្ចាស់សណ្ឋាគារនិងកន្លែងស្នាក់នៅមិនប្រឈមខាតទេ ដោយសារគាត់រក្សាបុគ្គលិកតិចតួចហើយមិនប្រើធនធានច្រើន។ ក្នុងសណ្ឋាគារ ៤-៥ នាក់អីទេដោយពួកគាត់ធ្វើការរួមគ្នា ។ សណ្ឋាគារខ្លះដែលមានភ្ញៀវច្រើន គាត់ប្រកាសរើសបុគ្គលិកវិញដែរ»។នេះជាការលើកឡើងរបស់លោក ង៉ែត ពិទូ។
 
ខេត្តរតនគិរីមានសណ្ឋាគារ១៥កន្លែង និងផ្ទះសំណាក់ ៣០កន្លែង ។ រយៈពេល៦ខែមកនេះទេសចរក្នុងខេត្តរតនគិរី មានជាង ៩ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិជាង១ពាន់នាក់។
 
ចំណែកស្ថានភាពទេសចរណ៍នៅខេត្តមណ្ឌលគិរីមានសភាពល្អប្រសើរច្រើនរយៈពេល៦ខែនេះ។ ទេសចរជាតិ២០ម៉ឺននាក់នាក់បានដើរកម្សាន្តនៅខេត្តនាភាគឦសាននេះក្នុងមួយឆមាសឆ្នាំ២០២២។កន្លែងស្នាក់នៅស្ទើរ ១០០ភាគរយបានបើកដំណើរការឡើងវិញ។ប៉ុន្តែខេត្តមណ្ឌលគិរីមានទេសចរច្រើនតែក្នុងចុងសប្តាហ៍ប៉ុណ្ណោះ។នេះជាការលើកឡើងរបស់លោក ​ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលទេសចរណ៍។
 
សេវាកម្មល្អនិងកញ្ចប់ដំណើរកម្សាន្តវិលជុំ ​នឹងជំរុញទេសចរណ៍ខេត្តទាំង២ងើបលឿនជាងមុន ការប្រជែងទីផ្សារទេសចរណ៍ក្នុងបរិបទកូវីដ-១៩មិនមែនជារឿងងាយស្រួលនោះទេ។ ប្រទេសនីមួយៗ មានគោលការណ៍ទាក់ទាញទេសចរផ្សេងៗគ្នា​។លើសពីនេះ ទេសចរ ក៏កាត់បន្ថយការចំណាយលើដំណើរកម្សាន្តរបស់ពួកគេ។​ ទេសចរភាគច្រើនដើរកម្សាន្ត​នៅក្បែរក្រុងដោយសារពួកគេមិនត្រូវចំណាយថវិកាធ្វើដំណើរនិងពេលវេលាច្រើន។
 


លោកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារកម្ពុជា

លោកស្រី ខៃ ចិន្តាអ្នកជំនាញទេសចរណ៍តាំងពីទសវត្សទី៩០ ប្រាប់សារព័ត៌មានThmeyThmey25ថាដើម្បីឱ្យទេសចរត្រឡប់ទៅកម្សាន្តនៅខេត្តរតនគិរី និងមណ្ឌលគិរីវិញ អាជ្ញាធរមូលដ្ឋានក្រសួង វិស័យឯកជ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា ។អ្នកពាក់ព័ន្ធត្រូវរួមគ្នា ផ្សព្វផ្សាយ ការរៀបកញ្ចប់ដំណើរកម្សាន្តវិលជុំ និងសេវាកម្ម។ 
 
លោកស្រី ចិន្ដា បានពន្យល់លម្អិតពីការអនុវត្តការងារទាំង៣នោះថាការផ្សព្វផ្សាយ គឹត្រូវធ្វើតាំងពីថ្នាក់ភូមិឃុំ ដល់អន្តរជាតិតាមមធ្យោបាយជាច្រើនដូចជា ការផ្សព្វផ្សាយតាមបណ្ដាញសង្គម ទូរទស្សន៍ ការតាំងពិព័រណ៍និងតាមរយៈទេសចរដែលមកកម្សាន្តនៅកម្ពុជា។ ការផ្សព្វផ្សាយនេះជាការបង្ហាញដល់ទេសចរជាតិនិងអន្តរជាតិពីសក្តានុពល និងផលិតផលទេសចរណ៍ក្នុងប្រទេសកម្ពុជា។​
 
ចំណុចទីពីរ គឺការរៀបចំកញ្ចប់ដំណើរកម្សាន្ត។ត្រង់ចំណុងនេះ លោកស្រី ខៃ ចិន្តា​ ថាកញ្ចប់ទេសចរណ៍គួរបែងចែកជាពីរគឺសម្រាប់ទេសចរផ្ទៃក្នុង និងទេសចរអន្តរជាតិ ព្រោះក្រុមទេសចរទាំងពីរនេះស្គាល់កម្ពុជាខុសៗគ្នា។
 
 
លោកស្រី ចិន្ដា បញ្ជាក់ដូច្នេះ៖ «កម្មវិធីទេសចរណ៍សម្រាប់អ្នកស្គាល់ប្រទេសខ្មែរហើយ និងអ្នកមិនទាន់ស្គាល់គឺខុសគ្នា។ កម្មវិធីកញ្ចប់ទេសចរណ៍នោះត្រូវមានសម្បូរបែប ឱ្យទេសចរមកកម្សាន្តហើយមកទៀត បើគេមក៤-៥ដង មើលអស់ហើយ យើងត្រូវឱ្យទេសចរមកទៀតរហូតដល់ក្លាយជាទម្លាប់
ដូចប្រទេសថៃ»។​


 ផ្ទះគំរូរបស់ជនជាតិដើមភាគតិចនៅរមណីយដ្ឋានបឹងយក្សឡោម ។ រូបភាព៖ ហេង ស្រីលីន

ជាមួយគ្នានេះការពង្រឹងសេវាកម្ម ជាផ្នែកសំខាន់មួយទៀតសម្រាប់ទាក់ទាញទេសចរ។ ជុំវិញបញ្ហានេះដែរអនុប្រធានសមាគមសណ្ឋាគាររូបនេះលើកឡើងថា បើសេវាកម្មល្អ ទោះតម្លៃថ្លៃបន្តិចក៏ទេសចរនឹងមកកម្ពុជាដែរ។ សេវាកម្មល្អសម្ដៅដល់ សេវាកម្មដឹកជញ្ជូនល្អ សេវាកម្មភោជនីយដ្ឋានមានអនាម័យនិងសេវាកម្មរដ្ឋបាលលឿន និងរួសរាយរាក់ទាក់។
 
យ៉ាងណាមិញក្រសួងទេសចរណ៍រំពឹងថា វិស័យទេសចរណ៍កម្ពុជានឹងងើបឡើងវិញទាំងស្រុងនៅឆ្នាំ​ ២០២៦ បើប្រទេសចិនដកគោលនយោបាយគ្មានជំងឺកូវីដ-១៩ នៅឆ្នាំ២០២៣។តែបើចិនមិនដកគោលនយោបានគ្មានកូវីដ-១៩ នៅឆ្នាំ ២០២៣ទេ នោះនៅឆ្នាំ​២០២៧ទើបកម្ពុជាមានទេសចរអន្តរជាតិ ៧លាននាក់ប្រហែលមុនជំងឺកូវីដ-១៩។
 
គួរបញ្ជាក់ផងដែរថាតាមរបាយការណ៍ពីក្រសួងទេសចរណ៍រយៈពេល ៦ខែនៃឆ្នាំ២០២២នេះទេសចរអន្តរជាតិចូលមកកម្ពុជាមានជាង ៥០ម៉ឺននាក់ដែលបង្ហាញពីភាពជោគជ័យជាង៥០ភាគរយសម្រាប់ក្ដីរំពឹងក្នុងឆ្នាំ២០២២នេះ ។ ចំណែកទេសចរជាតិ ៦លាននាក់និងទេសចរបរទេសផ្ទៃក្នុងជាតិ ៧០ម៉ឺននាក់៕
 
 
 

Tag:
 ThmeyThmey25
  រតនគិរី
  មណ្ឌលគិរី
  ខៃ ចិន្តា
© រក្សាសិទ្ធិដោយ thmeythmey.com