ជាតិ
យុវតី ម៉ារី ចូលរួមផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកតាមរយៈវីដេអូពីដំណើរកម្សាន្តរបស់ខ្លួន
24, Jul 2022 , 8:29 am        
រូបភាព
ដោយ:
ទំព័រហ្វេសប៊ុក MARY-ម៉ារី មានវីដេអូរៀបរាប់ពីកន្លែងកម្សាន្តក្នុងប្រទេសកម្ពុជាជាច្រើន ដែលបង្ហាញពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា។ សមុទ្រ ព្រៃ និងម្ហូបប្រពៃណី បានបង្ហាញក្នុងខ្សែរវីដេអូទាំងនោះ យ៉ាងទាក់ទាញ។  ម្ចាស់ទំព័រហ្វេសប៊ុករូបនេះ ចង់ក្លាយជាផ្នែកមួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា។

 
កញ្ញា ឈុំ ឆនម៉ារី បានបញ្ចប់ការសិក្សាជំនាញព័ត៌មានវិទ្យា។ ប៉ុន្តែកញ្ញាកំពុងធ្វើការផ្នែកគណនេយ្យនៅក្រុមហ៊ុនឯកជនមួយនៅនៅទីរួមខេត្តតាកែវ។ ក្រៅពីការងារពេញម៉ោង យុវតីវ័យ ២៤ឆ្នាំរូបនេះ មានការងារមួយផ្សេងទៀត គឺជាអ្នកបង្កើតមាតិកាវីដេអូទេសចរណ៍លើបណ្ដាញសង្គមហ្វេសប៊ុក។ 
 
តរុណវ័យ ម៉ារី មិនមានជំនាញក្នុងវិស័យទេសចរណ៍នោះទេ។ ចំណែកគ្រួសាររបស់ ម៉ារី ក៏មិនមាននរណាធ្វើការក្នុងវិស័យទេសចរណ៍ដែរ។ ម៉ារី ចូលចិត្តមើលកម្មវិធីដំណើរកម្សាន្តនៅក្នុងលើទូរទស្សន៍កាលពីកុមារភាព។ វីដេអូទាំងនោះមានដក់ជាប់ក្នុងចិត្តយុវតីវ័យក្មេងរូបនេះ។ រហូតដល់ឆ្នាំ២០១៩ ម៉ារី បានធ្វើវីដេអូផ្សព្វផ្សាយពីតំបន់ទេសចរណ៍ តាមក្ដីស្រមៃរបស់ខ្លួន។


 កញ្ញ ឈុំ ឆនម៉ារី

វីដេអូដំបូងរបស់យុវតី ម៉ារី គឺដំណើរកម្សាន្តនៅកោះស្មាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ វីដេអូដំណើរកម្សាន្តដែលមានរយៈពេលប្រមាណ ៥នាទីនោះ មិនសូវមានគុណភាពប៉ុន្មានឡើយ។ ការធ្វើវីដេអូដំបូង គឺមិនមែនជារឿងងាយស្រួលឡើយសម្រាប់យុវតីរូបនេះ។
 
«ខ្ញុំមានវីដេអូច្រើនតែអត់ដែលកាត់បានសម្រេចទេ ព្រោះបញ្ហាទូរស័ព្ទ កាត់ៗគាំង ហើយពេលខ្លះទៀតរលត់បាត់វីដេអូក៏មាន ដោយសារពេលនោះខ្ញុំអត់សូវចេះស្រាវជ្រាវលើអ៊ីនធឺណែត។ ខ្ញុំក៏ព្យាយាមកាត់វីដេអូ នៅកោះកុងនោះបានមួយ។ និយាយទៅខ្ញុំចាប់ផ្ដើមធ្វើ២-៣ឆ្នាំហើយ ប៉ុន្តែខ្ញុំផ្អាកមួយរយៈព្រោះខ្ញុំរវល់រៀន ហើយអត់មានពេលស្រាវជ្រាវកាត់វីដេអូអីច្រើន »។ នេះជាការរៀបរាប់របស់ម្ចាស់ទំព័រហ្វេសប៊ុក MARY-ម៉ារី។
 
យុវតីដែលមានស្រុកកំណើតនៅក្រុងដូនកែវរូបនេះ បានចាប់ផ្ដើមបង្កើតមាតិកាវីដេអូទេសចរណ៍ឡើងវិញនៅឆ្នាំ ២០២១។ ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ កញ្ញា ម៉ារី មានពេលវេលាគ្រប់គ្រាន់សម្រាប់ផលិតវីដេអូទេសរណ៍ និងដើរកម្សាន្តតាមតំបន់ទេសចរណ៍នានាក្នុងប្រទេស។  ការចាប់ផ្ដើម ធ្វើវីដេអូឡើងវិញតែម្នាក់ឯង ដោយគ្មានក្រុមការងារ និងឧបករណ៍ទំនើប មិនមែនជារឿងងាយស្រួលឡើយសម្រាប់ម៉ារី។ កញ្ញា ឈុំ ឆនម៉ារី ត្រូវចំណាយពេលវេលាចុងសប្តាហ៍ និងពេលយប់សម្រាប់កាត់វីដេអូទាំងនោះដោយទូរស័ព្ទដៃ។
 



ព្រោះពាក្យថា «ក្ដីស្រឡាញ់»  ការលំបាកទាំងនោះ មិនបានបិទផ្លូវ កញ្ញា ឈុំ ឆនម៉ារី ក្នុងការបន្តដំណើរការផលិតមាតិកាពីតំបន់ទេសចរណ៍ឡើយ។ «ផ្ដើមចេញពីការស្រឡាញ់ ដូច្នេះខ្ញុំចង់ធ្វើអ្វីដែលមានប្រយោជន៍សម្រាប់វិស័យទេសចរណ៍ ដើម្បីឱ្យវិស័យទេសចរណ៍កាន់តែមានរីកចម្រើន។ ខ្ញុំក៏ព្យាយាមផ្សព្វផ្សាយពីតំបន់ទេសចរណ៍។ វីដេអូដែលខ្ញុំទទួលបានការគាំទ្រច្រើន គឺវីដេអូខ្ញុំទៅកោះទន្សាយម្នាក់ឯងនៅដើមឆ្នាំ២០២២។ វីដេអូរបស់ខ្ញុំមានការគាំទ្រ ព្រោះខ្ញុំធ្វើContent(មាតិកា) ពីទេសចរណ៍ ហើយវីដេអូគឺផ្ដល់ការកម្សាន្ត និងស្រស់ស្រាយ»។ នេះជាការរៀបរាប់របស់កញ្ញា ម៉ារី។
 
អ្នកបង្កើតមាតិកាវីដេអូទេសចរណ៍រូបនេះ ធ្លាប់បានដើរកម្សាន្តនៅខេត្តកំពត កែប មណ្ឌលគិរី កោះកុង ស្ទឹងត្រែង ព្រះសីហនុ កំពង់ស្ពឺ និងនៅតាមខេត្តមួយចំនួនទៀត។ ប៉ុន្តែលើទំព័រហ្វេសប៊ុក កញ្ញា ឈុំ ឆនម៉ារី មិនទាន់មានវីដេអូដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ផ្សងព្រេងច្រើនឡើយ ដោយសារកញ្ញាមិនទាន់មានពេលគ្រប់គ្រាន់សម្រាប់ផលិតវីដេអូទាំងនោះ។
 
«បច្ចុប្បន្នខ្ញុំកំពុងរៀនបន្ថែមពីការកាត់តវីដេអូនៅលើអ៊ីនធឺណែត ដើម្បីឱ្យវីដេអូកាន់តែល្អ។ សម្រាប់វីដេអូខ្ញុំក្រោយៗ ខ្ញុំនឹងព្យាយាមទៅជួបជាមួយអ្នកនៅសហគមន៍ហើយសួរគាត់ឱ្យបានច្រើន ដើម្បីឱ្យអ្នកមើលវីដេអូខ្ញុំគាត់ដឹងពីអាហារតាមតំបន់ជាដើម។ ខ្ញុំក៏មានបំណងធ្វើវីដេអូពីតំបន់ផ្សងព្រេងដែរ ប៉ុន្តែមិនទាន់មានក្រុមការងារសម្រាប់ចូលព្រៃជ្រៅជាមួយគ្នាបាន»។ នេះជាការរៀបរាប់របស់កញ្ញា ឈុំ ឆនម៉ារី៕ 
 

 

Tag:
 ThmeyThmey25
  ឈុំ ឆនម៉ារី
© រក្សាសិទ្ធិដោយ thmeythmey.com