ជាតិ
អាជ្ញាធរជាតិអប្សរា ចូលរួមពិភាក្សាទស្សនវិស័យ១០ឆ្នាំទៀត របស់អាយស៊ីស៊ី-អង្គរ នៅប៉ារីស
23, Jul 2022 , 6:29 pm        
រូបភាព
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គុយនៅជិតលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គុយនៅជិតលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរា ចូលរួមកិច្ចប្រជុំបូកសរុបការងាររយៈពេល៣០ឆ្នាំ និងការពិភាក្សាទស្សនវិស័យរយៈពេល១០ឆ្នាំទៀតរបស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ(ICC-Angkor) នៅទីក្រុងប៉ារីស ​ប្រទេសបារាំង។ អ្នកជំនាញដែលចូលរួមកិច្ចប្រជុំនេះ គឺមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង លោក បុង សុវត្ថិ ឯកអគ្គរាជទូត ប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ។

 
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា បានដឹកនាំក្រុមការងារចូលរួមប្រជុំបូកសរុបការងារ និងទិសដៅការងាររបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គររ(ICC-Angkor) នៅទីក្រុងប៉ារីស នាថ្ងៃទី២១កក្កដា។ ដំណើរបេសកកម្មក្នុងទឹកដីប្រទេសបារាំងនេះ លោកស្រី ភឿង សកុណា, លោក ហង់ ពៅ និងលោក បុង សុវត្ថិ បានចូលរួមពិភាក្សាទស្សនវិស័យរយៈពេល១០ឆ្នាំទៀត(២០២៣-២០៣៣)របស់អាយស៊ីស៊ី-អង្គរ នៅទីស្នាក់ការក្រសួងអឺរ៉ុប និងកិច្ចការអន្តរជាតិ។​


 
សូមជម្រាបថា​ ក្នុងសម័យប្រជុំពេញអង្គលើកទី២៨នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរានៅខេត្តសៀមរាបកន្លងមក សហប្រធាននៃគណៈកម្មាធិការនេះ គឺប្រទេសបារាំងនិងជប៉ុន បានប្រកាសយ៉ាងឱឡារិកអំពីការបន្តបេសកកម្មជ្រោមជ្រែងចំនួន១០ឆ្នាំទៀតដល់កម្ពុជា ក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕
 






Tag:
 វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com