ជាតិ
សង្គមជាតិ
អាជ្ញាធរ រកឃើញបុរសកើតជំងឺអុតស្វានៅតំបន់ផ្សារដើមថ្កូវ
23, Jul 2022 , 7:42 pm        
រូបភាព
រូបពីរដ្ឋបាលខណ្ឌដូនពេញ
រូបពីរដ្ឋបាលខណ្ឌដូនពេញ
ភ្នំពេញ៖ អាជ្ញាធរ រកឃើញបុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា នៅតំបន់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយអ្នកជំងឺរូបនេះ រត់គេចខ្លួនពីប្រទេសថៃ។



សេចក្តីប្រកាសព័ត៌មាន ដែលចេញដោយអ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតអុតស្វា ត្រូវរកឃើញនៅម៉ោង៥កន្លះល្ងាច នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បើតាមសេចក្តីប្រកាសព័ត៌មាន បុរសជនជាតិនីហ្សេរីយ៉ារូបនេះ មានវ័យ២៧ឆ្នាំ។ មុនចេញសេចក្តីប្រកាសព័ត៌មាន អ្នកស្រី បានប្រាប់អ្នកកាសែតក្នុងក្រុមតេឡក្រាមថា បុរសជនជាតិនីហ្សេរីយ៉ាខាងលើ បានរត់គេចចេញពីថៃ នៅយប់ថ្ងៃទី២២ ខែកក្កដា។ 

ព័ត៌មានអំពីបុរសជនជាតិនីហ្សេរីយ៉ា ដែលកើតអុតស្វា ហើយចូលមកកម្ពុជា បានផ្ទុះឡើងនៅថ្ងៃទី២៣ ខែកក្កដានេះ។ អភិបាលខេត្តខ្លះ មានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាដើម បានផ្ញើសារជាសំឡេងទៅកាន់មន្រ្តី និងសមត្ថកិច្ចគ្រប់ថ្នាក់ក្នុងខេត្តព្រះសីហនុ ដោយបង្គាប់ឲ្យជួយផ្តល់ព័ត៌មានទៅមន្រ្តីសុខាភិបាល បើរកឃើញបុរសជនជាតិនីហ្សេរីយ៉ារូបនេះ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យឯណោះវិញ អះអាងថា អាជ្ញាធរថៃ បានស្នើឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ជួយរកបុរសជនជាតិនីហ្សេរីយ៉ានេះ ហើយអាជ្ញាធរតាមព្រំដែន ក៏តាមដានទៅលើអត្តសញ្ញាណរបស់គាត់។ 

ក្រសួងសុខាភិបាល បានសេចក្តីណែនាំមួយ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ជុំវិញជំងឺអុតស្វានេះ។ ក្រសួងសុខាភិបាល ពន្យល់ថា អ្នកកើតជំងឺអុតស្វា មានសញ្ញា ដូចជា ចេញកន្ទួលរមាស់ដូចពងទឹកលើខ្លួន ក្តៅខ្លួនលើសពី៣៨,៥អង្សា ឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំ ឈឺចង្កេះ និង អស់កម្លាំង ជាដើម។
 
ដ្បិតកម្ពុជា មិនទាន់មានករណីឆ្លងជំងឺអុតស្វា តែតាមរយៈសេចក្តីណែនាំរបស់ខ្លួន ក្រសួងសុខាភិបាល ក្រើនរម្លឹកប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច ហើយត្រូវអនុវត្តវិធានការការពារជំងឺដោយផ្ទាល់ខ្លួន។ បើតាមក្រសួងសុខាភិបាល មានករណីឆ្លងជំងឺអុតស្វាជិត៨ពាន់នាក់ហើយ នៅតាមបណ្តាប្រទេសជាង៦០លើពិភពលោក។ តួលេខនេះ ក្រសួង អះអាងថា ស្រង់ចេញពីរបាយការណ៍របស់អង្គការសុខភាពពិភពលោក៕

© រក្សាសិទ្ធិដោយ thmeythmey.com