អន្តរជាតិ
WHO ប្រកាសអាសន្នកម្រិតសកលចំពោះជំងឺអុតស្វា ខណៈករណីឆ្លងបន្តកើនឡើងខ្ពស់
24, Jul 2022 , 10:43 am        
រូបភាព
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus។ រូបថត AFP
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus។ រូបថត AFP
អង្គការសុខភាពពិភពលោក ប្រកាសចាត់ថ្នាក់ជំងឺអុតស្វាក្នុងសញ្ញាអាសន្នសុខភាពកម្រិតសកល ដែលជាកម្រិតអាសន្នកម្រិតខ្ពស់បំផុត ដោយជំងឺនេះអាចឆ្លងរាលដាលទៅមនុស្សទូទាំង​ពិភពលោក​។ WHO ក៏បញ្ជាក់ថា ការឆ្លើយតបជាសកលមានសារៈសំខាន់សម្រាប់ការបញ្ឃប់ការរីក​រាល​ដាល​ជំងឺ​អុតស្វានេះ។



WHO នៅថ្ងៃទី២៣ ខែកក្កដាបានកោះប្រជុំគណៈកម្មាធិការជំនាញផ្នែកជំងឺឆ្លងអាសន្ន ដើម្បីសម្រេច​ថាជំងឺអុតស្វាគួរចាត់ចូលក្នុងប្រភេទជំងឺអាសន្នសុខភាពកម្រិតសកល (PHEIC) ឬយ៉ាងណា។ ប៉ុន្តែ​គណៈកម្មាធិការជំនាញ មានយោបល់មិនចុះសម្រុងគ្នា។ ដូច្នេះ ការអារកាត់សេចក្ដីចុងក្រោយ​ត្រូវបាន​ធ្លាក់លើអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus។

«ខ្ញុំបានសម្រេចចិត្តរួចហើយថា ការរីករាលដាលនៃជំងឺអុតស្វាមានសញ្ញាអាសន្នសុខភាព និងគួរឱ្យ​បារម្ភកម្រិតសកល»។ លោក Tedros បានប្រកាសបែបនេះក្នុងសន្និសីទកាសែតតាមប្រព័ន្ធវីដេអូ​ពីទី​ក្រុងហ្សឺណែវនៅថ្ងៃទី២៣ ខែកក្កដា។

លោក Tedros បញ្ជាក់ថា នៅពេលដែលលោកបានកោះហៅគណៈកម្មាធិការអ្នកជំនាញ​កាល​ពី​ខែ​មិថុនាដើម្បីវាយតម្លៃពីហានិភ័យជំងឺមួយនេះ ករណីឆ្លងមានតែ៣,០៤០ករណីតែប៉ុណ្ណោះ​ក្នុង​ប្រទេស​ចំនួន៤៧ ។ យ៉ាងណាមិញ ចាប់តាំងពីពេលនោះមក ការឆ្លងក៏កាន់តែកើនឡើងដែល​បច្ចុប្បន្ន​ករណី​ឆ្លងមានដល់១,៦ម៉ឺនករណីក្នុងប្រទេសនិងទឹកដីចំនួន៧៥ ហើយករណីស្លាប់​សរុ​ប​មាន​៥នាក់។

លោក Tedros បន្តថា ទោះបីជាជំងឺនេះមានសញ្ញាអាចឆ្លងជាសកលក្ដី តែហានិភ័យដែលជំងឺនេះ​លុកលុយចូលចរាចរណ៍អន្តរជាតិនាពេលបច្ចុប្បន្ននៅមានកម្រិតទាបនៅឡើយ។ បន្ថែមពីនេះ ហានិភ័​យជំងឺស្វាយមានកម្រិតមធ្យមនៅទូទាំងពិភពលោក និងនៅគ្រប់តំបន់ទាំងអស់ លើកលែងតែ​នៅតំបន់អឺរ៉ុបដែលហានិភ័យមានកម្រិតខ្ពស់។

WHO អះអាងទៀតថា ការឆ្លើយតបជាសកលមានសារ​សំខាន់សម្រាប់​ការបញ្ឃប់​ការ​រីក​រាល​ដាល​នៃ​ជំងឺនេះ។ ឯទីក្រុងវ៉ាស៊ីនតោន ក៏បានស្វាគមន៍ការប្រកាសរបស់ WHO ហើយក៏បានទទូចសហគមន៍​អន្តរជាតិសហការគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺមួយនេះផងដែរ។

ការរីករាលដាលនៃជំងឺអុតស្វា ត្រូវបានរាយការណ៍ដំបូងនៅដើមខែឧសភាឆ្នាំនេះ ដែលករណីឆ្លងបាន​រកឃើញនៅប្រទេសអាហ្វ្រិកខាងលិច និងកណ្តាល មុនត្រូវបានរកឃើញនៅអឺរ៉ុប៕

Tag:
 who
  អុតស្វា
© រក្សាសិទ្ធិដោយ thmeythmey.com