ជាតិ
ខេមបូឌានព្រីមៀរលីគ៖ព្រះខ័នរាជបន្តភាពមិនចាញ់, នាំមុខវិសាខា១០ពិន្ទុ
24, Jul 2022 , 11:50 am        
រូបភាព
ក្រុមបឹងកេត យកបាន៣ពិន្ទុពីក្រុភ្ញៀវ វិសាខា(រូបពីខេមបូឌានព្រីមៀរលីគ)
ក្រុមបឹងកេត យកបាន៣ពិន្ទុពីក្រុភ្ញៀវ វិសាខា(រូបពីខេមបូឌានព្រីមៀរលីគ)
ដោយ៖ហៀក ឆក

ព្រះខ័នរាជបន្តកំណត់ត្រាមិនចាញ់ក្រោយឈ្នះ ណាហ្គាវើលដ៍ ១-០ ខណៈបឹងកេត ឈ្នះវិសាខា ៣-២ និងភ្នំពេញក្រោន ឈ្នះគីរីវង់សុខសែនជ័យ ៥-១។ ចំណែក អង្គរថាយហ្គឺរយកចាញ់ក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ១-៥ កាលពីថ្ងៃទី២៣ ខែកក្កដា ក្នុងជំនួបព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគសប្តាហ៍ទី១២ ជុំទី២ ឆ្នាំ២០២២។

 
នៅវគ្គទី១ ព្រះខ័នរាជបើកការនាំមុខ ណាហ្គាវើលដ៍ ១-០ នៅនាទី៣១ ដោយខ្សែបម្រើជនជាតិជប៉ុន Hikaru Mizanu បន្ទាប់ពីការតែតទម្លាក់ដោយខ្សែប្រយុទ្ធ Marcus Haber។ ចូលដល់វគ្គទី២ ក្រុមទាំងពីរបន្តវាយសម្រុកគ្នាទៅវិញទៅមកតែមិនមានសំណាងទម្លាយសំណាញ់ទីគ្នាឡើយ។ បញ្ចប់ការប្រកួត ព្រះខ័នរាជស្វាយរៀង នៅតែរក្សាកំណត់ត្រាមិនចាញ់របស់ខ្លួនដោយទទួលបាន៣ពិន្ទុបន្ថែមពីណាហ្គាវើលដ៍ នាទឹកដី ស្មាត អរ អេស អិន។
 
ក្នុងពេលជាមួយគ្នានាទឹកដីអង្គរអ៊ែរវ៉េ ម្ចាស់ផ្ទះបឹងកេត យកបាន៣ពិន្ទុពីក្រុមភ្ញៀវវិសាខា ដោយនៅវគ្គទី១ ម្ចាស់ផ្ទះទម្លាយសំណាញ់ទីបាន១គ្រាប់ដោយខ្សែបម្រើប្រយុទ្ធ សាន គឹមហេង ក្រោយបញ្ជូនបាល់ពីខ្សែប្រយុទ្ធ ម៉ាត់ នូរុណ នៅនាទី១៩។ បញ្ចប់ក្នុងវគ្គទី១ក្រុមទាំងពីរមិនមានលទ្ធផលប្រែប្រួលឡើយ។ ចូលដល់វគ្គទី២ខ្សែប្រយុទ្ធបឹងកេត Sakiri Tukianen រកបាន២គ្រាប់ម្នាក់ឯង ដោយគ្រាប់ទី១តែតបញ្ចូលទីបានសម្រេចបន្ទាប់ពីបញ្ជូនបាល់ដោយកីឡាករ ម៉ាត់ នូរុណនៅនាទី៤៨ និងគ្រាប់ទី២ ទាត់ទម្លាយសំណាញ់ទីក្រោយបញ្ជូនបាល់ពីខ្សែបម្រើ ពុំ បារាំង។
 
៥នាទីក្រោយវិសាខា វាយបកបាន១គ្រាប់មកវិញដោយខ្សែប្រយុទ្ធ Paulo Victor និងបន្ថែមគ្រាប់ទី២របស់ខ្លួនដោយខ្សែបម្រើ កែន ចាន់សុភ័ក្រ នៅនាទី៩០+៤ បញ្ចប់ការប្រកួត បឹងកេត ៣-២វិសាខា។
 
ឯក្រុមភ្ញៀវភ្នំពេញក្រោន យកឈ្នះម្ចាស់ផ្ទះគីរីវង់សុខសែនជ័យ ៥-១ នាកីឡដ្ឋានគីរីវង់ ដោយគ្រាប់ទី១រកបានដោយខ្សែប្រយុទ្ធ ប្រាក់ ធីវ៉ា នៅនាទី១៥ ក្រោយបញ្ជូនបាល់ដោយខ្សែបម្រើ យឺ មូស្លីម។ ៤នាទីក្រោយខ្សែបម្រើ Yudai បន្ថែមគ្រាប់ទី២នៅនាទី១៩ និងគ្រាប់ទី៣ បង្កកំហុសដោយទាត់បាល់ចូលទីខ្លួនឯងដោយកីឡាករគីរីវង់ Ivanovic នៅនាទី៣៧។ 
 


ក្រុមបាល់ទាត់ណាហ្គាវើលដ៍ បាត់បង់៣ពិន្ទុពីព្រះខ័នរាជ(រូបពីខេមបូឌានព្រីមៀរលីគ)

ចូលវគ្គទី២ ខ្សែប្រយុទ្ធភ្ញៀវ Fareed រកបានគ្រាប់ទី៤នៅទី៥៣ និងម្ចាស់ផ្ទះវាយបកមកវិញបាន១គ្រាប់នៅនាទី៦៦ ដោយកីឡាករ Motohiro និងភ្ញៀវបន្ថែមគ្រាប់ទី៥ នៅនាទី៧០ ដោយខ្សែការពារ ជួន ចាន់ចាវ។
 
កងយោធពលខេមរភូមិន្ទ បំបែកកំណត់ត្រារបស់ខ្លួនក្រោយទម្លាយសំណាញ់ទីភ្ញៀវ អង្គរថាយហ្គឺរ ៥-១ នាកីឡដ្ឋានស្តាតចាស់។ ក្នុងវគ្គទី១ម្ចាស់ផ្ទះរកបាន៣គ្រាប់ដោយខ្សែប្រយុទ្ធ Takumu នៅនាទី២០ និងនាទី៣០ ចំណែក១គ្រាប់ទៀតរកបានដោយ កីឡាករ ស ពិសិដ្ឋ នៅនាទី២៨។
 
ចូលដល់វគ្គទី២ ម្ចាស់ផ្ទះបន្ថែមបាន២គ្រាប់នៅនាទី៥៣ ដោយ Takumu និងណារ៉ុង កក្កដា បញ្ចប់ទីនៅនាទី៥៦ ៣នាទីក្រោយភ្ញៀវតាមបាន១គ្រាប់មកវិញដោយកីឡាករ Gabrieliero បញ្ចប់ការប្រកួតម្ចាស់ផ្ទះយកបាន៣ពិន្ទុនាំខ្លួននាំមុខភ្ញៀវ១ពិន្ទុវិញ។
 
គួបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង នាំមុខវិសាខា១០ពិន្ទុ និងបឹងកេត ១២ពិន្ទុ ខណៈណាហ្គាវើលដ៍ ឈរលេខ៤ នាំមុខភ្នំពេញក្រោន ៤ពិន្ទុ និងទ័ព ៥ពិន្ទុ ចំណែកអង្គរថាយហ្គឺរ ឈរលេខ៧ នាំមុខគីរីវង់សុខសែនជ័យ ១០ពិន្ទុ៕
 
 
 

Tag:
 បាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com