អន្តរជាតិ
ចិនបញ្ជាក់ពីសុវត្ថិភាពវ៉ាក់សាំងកូវីដ-១៩ ព្រោះមេដឹកនាំកំពូលៗសុទ្ធតែចាក់វ៉ាក់សាំងក្នុងស្រុកដែរ
24, Jul 2022 , 2:39 pm        
រូបភាព
អាជ្ញាធរសុខាភិបាលចិន ចេញមកបញ្ជាក់ជាថ្មីពីសុវត្ថិភាពរបស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតក្នុងស្រុក ខណៈដែលក្ដីបារម្ភពីផលប៉ះពាល់របស់វ៉ាក់សាំងកំពុងបង្កការរាំងស្ទះដល់ដំណើការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ អនុប្រធានគណៈកម្មការសុខាភិបាលចិន អះអាងនៅថ្ងៃទី២៣ ខែកក្កដា ថា មេដឹកនាំកំពូលៗរបស់ប្រទេស សុទ្ធតែទទួលបានវ៉ាក់សាំងដែលផលិតក្នុងស្រុកដូចគ្នា។

 
«មេដឹកនាំបក្ស និងរដ្ឋ សុទ្ធតែទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលផលិតក្នុងស្រុក។» លោក Zeng Yixin អនុប្រធានគណៈកម្មការសុខាភិបាលជាតិរបស់ចិនប្រកាសបែបនេះនៅថ្ងៃទី២៣ ខែកក្កដា។ ប៉ុន្តែលោកមិនបានបញ្ជាក់ពេលវេលា ឬចំនួនដូសដែលមេដឹកនាំកំពូលៗចិនបានចាក់ឡើយ។
 
ជាធម្មតា នៅពេលនិយាយដល់មេដឹកនាំបក្ស និងរដ្ឋ រាប់បញ្ចូលទាំងប្រធានាធិបតី ស៊ី ជិនភីង​ និងទាំងនាយករដ្ឋមន្រ្តីលី ខឹឈាំង ផង។
 
តាមពិតទៅ ព័ត៌មានលម្អិតពីការចាក់វ៉ាក់សាំងនៅចិន មិនទូលំទូលាយឡើយ។ ជាមួយនឹងប្រជាជនច្រើនជាងមួយពាន់លាននាក់ យុទ្ធនាការចាក់វ៉ាក់សាំងរបស់ចិន ត្រូវមើលឃើញថា​ ជួបប្រឈមមុខបញ្ហាច្រើន។ អ្នកវិភាគខ្លះ ក៏បង្ហាញក្ដីបារម្ភចំពោះការ​មិនផ្ដល់វ៉ាក់សាំងដល់ប្រជាជនវ័យចំណាស់ ដែលងាយរងគ្រោះដោយសារជំងឺកូវីដ-១៩។
 
បើតាមទិន្នន័យផ្លូវការ អត្រាចាក់វ៉ាក់សាំងនៅមាន៨៩,៧ភគារយ។ ប្រជាជនប្រមាណ៥៦ភាគរយនៃប្រជាជនសរុប ទទួលបានដូសជំរុញរួចរាល់ ប៉ុន្តែអ្នកមានអាយុលើស៦០ឆ្នាំជាង៦១ភាគរយប៉ុណ្ណោះទទួលបានវ៉ាក់សាំងមូលដ្ឋាន៕
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com