ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សមូលដ្ឋាន មានបំណងចងសម្ព័ន្ធជាមួយបក្សដទៃ ដើម្បីកុំឲ្យបក្សប្រជាជន ក្តាប់អំណាចតែឯងនៅឆ្នាំ២០២៣
24, Jul 2022 , 5:19 pm        
រូបភាព
ជំនួបថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (រូបពីទំព័រហ្វេសប៊ុករបស់លោក សាម អ៊ីន)
ជំនួបថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (រូបពីទំព័រហ្វេសប៊ុករបស់លោក សាម អ៊ីន)
ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការចងសម្ព័ន្ធភាពនយោបាយជាមួយគណបក្សក្រៅរដ្ឋាភិបាលដទៃទៀត។ លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ចេញព័ត៌មាននេះលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២។

 
លោក សាម អ៊ីន សរសេរថា ការដែលថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពិចារណាពីលទ្ធភាពនៃការចងសម្ព័ន្ធភាពនយោបាយជាមួយគណបក្សផ្សេង គឺដើម្បីទប់ស្កាត់កុំឲ្យគណបក្សប្រជាជនកម្ពុជា «មានអំណាចផ្តាច់មុខ» សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣។ លោក បន្តថា យ៉ាងហោចណាស់ ការចងសម្ព័ន្ធគ្នា អាចទប់កុំឲ្យគណបក្សកាន់អំណាចមួយនេះ មានសំឡេងច្រើនជាង២ភាគ៣ ក្នុងរដ្ឋសភាជាតិ ដែលអាចកែរដ្ឋធម្មនុញ្ញដោយឯកបក្ស និងដោយងាយស្រួល។ 
 
លោក ដាក់សំណួរមួយចំនួន ដើម្បីសុំឲ្យសាធារណជនជួយផ្តល់យោបល់ រួមមាន តើគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គួរចងសម្ព័ន្ធភាពជាមួយគណបក្សណា ដូចជា គណបក្សភ្លើងទៀន គណបក្សសិទ្ធិមនុស្ស គណបក្សរាជានិយម? (លើសពីការចងសម្ព័ន្ធ) តើគណបក្សប្រជាធិបតេយ្យ គួរប្របាច់បញ្ចូលគ្នាជាមួយគណបក្សណាមួយតែម្តង ហើយស្ថិតក្រោមស្លាកគណបក្សនោះ? តើគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គួររួមជាមួយគណបក្សផ្សេង ហើយបង្កើតចេញជាគណបក្សថ្មី? បើចងសម្ព័ន្ធមិនបាន តើគណបក្សប្រជាធិបតេយ្យ គួរបន្តដំណើរទៅមុខតែឯង ឬកុំចូលរួមបោះឆ្នោត (នៅឆ្នាំ២០២៣)?
 
លោក ជម្រាប់មហាជនថា៖«ខ្ញុំ រីករាយក្នុងស្តាប់មតិគ្រប់ជ្រុង និងគ្រប់យ៉ាង លើកលែងពាក្យសំដីជេរប្រមាថ បែបអសុរោះ»។
 
ជាមួយគ្នានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការរៀបចំសន្និសីទកាសែត នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីនិយាយពីបំណងរបស់ខ្លួន ដែលចង់សម្ព័ន្ធនយោបាយជាមួយគណបក្សដទៃ៕ 
 

Tag:
 គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
  សម្ព័ន្ធនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com