អន្តរជាតិ
ប្រមុខការទូតចិន៖ សមុទ្រចិនខាងត្បូង មិនមែនជាសួនសត្វសម្រាប់ប្រទេសក្រៅតំបន់
25, Jul 2022 , 5:29 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន។ រូបភាព៖ Xinhua
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន។ រូបភាព៖ Xinhua
សមុទ្រចិនខាងត្បូង មិនមែនជាសួនសត្វសម្រាប់ប្រទេសក្រៅតំបន់ ឬជាតំបន់ប្រយុទ្ធសម្រាប់មហាអំណាចក្នុងការប្រកួតប្រជែង។ ប្រមុខការទូតចិន លោក វ៉ាង យី បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៥ ខែកក្កដា ដោយបន្តអំពាវនាវឱ្យភាគីពាក់ព័ន្ធ ធ្វើឱ្យសមុទ្រចិនខាងត្បូងក្លាយជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិ។



 
សមុទ្រចិនខាងត្បូង ជាផ្លូវទឹកសម្រាប់ធ្វើពាណិជ្ជកម្មដ៏សំខាន់ និងជាតំបន់ជម្លោះមួយ ដែលទាមទារដោយភាគីជាច្រើនដូចជា ចិន ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងព្រុយណេ។ ក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ ដើម្បីរំឮកខួបលើកទី២០ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានជំរុញឱ្យប្រទេសក្នុងតំបន់ដោះស្រាយជម្លោះប្រកបដោយសន្តិភាពវិធី និងប្រាប់ប្រទេសមួយចំនួននៅក្រៅតំបន់ កុំឱ្យយកដែនទឹកមួយនេះ ជាកន្លែងប្រកួតប្រជែង។ 
 
«សមុទ្រចិនខាងត្បូង មិនមែនជាសួនសត្វសម្រាប់ប្រទេសក្រៅតំបន់ ឬជាកន្លែងប្រយុទ្ធនៃប្រទេសមហាអំណាចប្រកួតប្រជែងឡើយ»។​ លោក វ៉ាង បានសង្កត់ធ្ងន់បែបនេះ ក្នុងសន្នីសីទថ្ងៃទី២៥ ខែកក្កដា ដោយបន្ថែមថា ប្រទេសក្នុងតំបន់គួរតែគាំទ្រកិច្ចខិតខំទាំងអស់ ទាក់ទិននឹងការដោះស្រាយជម្លោះប្រកបដោយសន្តិភាព និងជំទាស់ពាក្យសម្តី ឬសកម្មភាព ដែលបង្កើតភាពតានតឹង និងការប្រឈមមុខក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។ 
 
បើតាមលោកវ៉ាង សមុទ្រចិនខាងត្បូង ជាទ្រព្យសម្បត្តិរួមរបស់ប្រទេសក្នុងតំបន់ ហើយភាគីពាក់ព័ន្ធគួរតែបង្កើនកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវវិទ្យាសាស្រ្ត ការការពារបរិស្ថាន រួមទាំងស្វែងរកការអភិវឌ្ឍរួមគ្នាលើធនធាន សម្រាប់ភាពល្អប្រសើរនៃប្រទេសក្នុងតំបន់ និងប្រជាជន។ 
 
មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសចិនរូបនេះ ក៏បានថ្លែងផងដែរថា ប្រទេសមួយចំនួន បានប្រើកម្លាំងនៅក្នុងតំបន់ ដើម្បីពង្រឹងអនុត្តរភាពរបស់ខ្លួន ពង្រីកដែនជម្លោះ បង្កភាពតានតឹង ដែលនេះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ និងផលប្រយោជន៍ភាគីនៃសមុទ្រចិនខាងត្បូង រួមទាំងសណ្តាប់ធ្នាប់សមុទ្រ។ លោក វ៉ាង ទំនងសំដៅដល់អាម៉េរិក និងសម្ព័ន្ធមិត្ត ដែលតែងបញ្ជូននាវាចម្បាំងមកក្នុងសមុទ្រចិនខាងត្បូង ដោយផ្អែកលើច្បាប់សមុទ្រអន្តរជាតិ។ 
 
កន្លងទៅ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ធ្លាប់បានប្រកាសគាំទ្រឈរនៅខាងភាគីបណ្តាប្រទេសអាស៊ានថែមទៀត ក្នុងការប្រឆាំងចិននៅក្នុងដែនសមុទ្រដ៏ធំមួយនោះ។ 
 
ដើម្បីថែរក្សាស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង លោកវ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានយល់ថា ចិន និងបណ្តាប្រទេសអាស៊ាន គួរតែរក្សាឥរិយាបថស្វាគមន៍បណ្តាប្រទេសដែលចូលមកសមុទ្រចិនខាងត្បូង ក្រោមហេតុផលសន្តិភាព និងកិច្ចសហប្រតិបត្តិការ តែបដិសេធវត្តមានរបស់ប្រទេសដែលមានបំណងធ្វើឱ្យមានការបំផ្លិចបំផ្លាញក្នុងតំបន់។ 
 
សូមបញ្ជាក់ថា សេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង ត្រូវបានដាក់ចេញនៅក្នុងឆ្នាំ២០០២ នាក្រុងភ្នំពេញ ដើម្បីជួយដោះស្រាយជម្លោះក្នុងដែនទឹកដ៏សំខាន់មួយនេះ។ បន្ថែមពីនេះ អាស៊ាន និងចិន ក៏កំពុងខិតខំចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) បន្ថែមទៀតដែរ៕ 
 

Tag:
 ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com