អន្តរជាតិ
ចំនួនប្រជាជនចិន រំពឹងថានឹងចាប់ផ្ដើមធ្លាក់ចុះមុនឆ្នាំ២០២៥
25, Jul 2022 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ចំនួនប្រជាជនចិន បានកើនឡើងយឺត ហើយត្រូវរំពឹងថា នឹងបន្តធ្លាក់ចុះយ៉ាងខ្លាំងមុនឆ្នាំ២០២៥។ កាសែតរដ្ឋចិន Global Times រាយការណ៍បែបនេះនៅថ្ងៃទី២៥ ខែកក្កដា។ ចរន្តបែបនេះបង្ហាញថា គោលនយោបាយកូនបីដែលរដ្ឋាភិបាលចិនបានដាក់ចេញមិនបានជួយទប់ស្កាត់ការធ្លាក់ចុះ​កំណើន​ប្រជាជននោះឡើយ។

 
«ចំនួនប្រជាជនចិនត្រូវបានរំពឹងថា នឹងចាប់ផ្តើមធ្លាក់ចុះនៅពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥»។ កាសែត Global Times ស្រង់សម្ដីលោក Yang Wenzhuang ដែលជាប្រធានផ្នែកកិច្ចការប្រជាជន និងគ្រួសារ​នៅ​គណៈកម្មការសុខភាពជាតិចិន រាយការណ៍បែបនេះ។
 
ក្នុងរបាយការណ៍របស់កាសែត Global Times ដដែលនោះ ចំនួនកំណើតថ្មីក្នុងឆ្នាំ២០២១ នៅតាមខេត្តមួយចំនួន គឺទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ចំនួនទារកកើតនៅ​ខេត្ត​ហ៊ូណាន​បានធ្លាក់ចុះក្រោម៥០ម៉ឺននាក់ជាលើកដំបូងក្នុងរយៈពេលជិត៦០ឆ្នាំ ហើយមានតែ​ខេត្ត​គ័ងតុង​ប៉ុណ្ណោះ​ដែល​មាន​កំណើត​ប្រជាជនថ្មី​ជាង១លាន​នាក់។
 
បច្ចុប្បន្ន ចិន​កំពុង​ប្រយុទ្ធ​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស​នៃ​កំណើន​ប្រជាជន​ ខណៈ​យុវជន​ជា​ច្រើន​សម្រេចចិត្តមិនយក​​កូន​ដោយ​សារ​កត្តា​ផ្សេងៗរួម​ទាំង​ថ្លៃចិញ្ចឹមកូននិងការ សិក្សាដែលមានតម្លៃ​ខ្ពស់​ព្រមទាំង​សម្ពាធ​ការងារផង។
 
ចំណែកឱ្យគោលនយោបាយកូនបីដែករដ្ឋាភិបាលចិនបានដាក់ចេញក្នុងឆ្នាំ២០២១ ក៏មិនបានជួយ​ដោះស្រាយបញ្ហាធ្លាក់ចុះនៃកំណើនប្រជាជនផងដែរ ខណៈដែលស្ត្រីជាច្រើននិយាយថា ការផ្លាស់ប្តូរ​នេះ ត្រូវបានដាក់ចេញមកយឺតពេល ហើយក៏មិនការធានាឱកាសការងារ និង​កង្វះ​សមភាព​យេនឌ័រ​ដែលនឹងពិបាកក្នុងការទទួលបានការ​ងារដែរ៕
 
 
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com