អន្តរជាតិ
យោធាមីយ៉ាន់ម៉ាចេញមុខការពារថា ការអនុវត្តទោសប្រហារជីវិតគឺស្របតាមច្បាប់
26, Jul 2022 , 5:09 pm        
រូបភាព
ឧត្តមសេនីយ៍ត្រី Zaw Min Tun អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា។ រូបភាព៖ AFP
ឧត្តមសេនីយ៍ត្រី Zaw Min Tun អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា។ រូបភាព៖ AFP
យោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែកក្កដា បានថ្លែងការពារថា ការអនុវត្តទោសលើសកម្មជនចំនួន ៤រូប គឺស្របច្បាប់ និងដោយផ្អែកលើយុត្តិធម៌សម្រាប់ប្រជាជន។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីយោធាមីយ៉ាន់ម៉ា រងការរិះគន់ពីអាស៊ាន និងអាម៉េរិកយ៉ាងខ្លាំង។



 
 
បន្ទាប់ពីរងការរិះគន់ពីប្រទេសក្នុងតំបន់ និងប្រទេសផ្សេងទៀត យោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែកក្កដា បានចេញមុខការពារការអនុវត្តទោសប្រហារជីវិត ដែលបានធ្វើឡើងជាលើកដំបូង ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ។ 
 
ឧត្តមសេនីយ៍ត្រី Zaw Min Tun អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានថ្លែងថា ការអនុវត្តទោសប្រហារជីវិត មិនមែនជារឿងផ្ទាល់ខ្លួនឡើយ ប៉ុន្តែដោយផ្អែកតាមច្បាប់ ហើយសកម្មជនទាំង ៤រូបនោះ ពីមុន ក៏មានឱកាសការពារខ្លួនផង។ បើតាមលោក Zaw Min Tun រដ្ឋាភិបាយយោធា ក៏ដឹងដែរថា ការអនុវត្តទោសប្រហារជីវិតនេះ នឹងរិះការរិះគន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
បន្ទាប់ពីការអនុវត្តទោស កម្ពុជា ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន នៅថ្ងៃទី២៥ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកការអនុវត្តទោសប្រហារជីវិត តែមួយសប្តាហ៍មុនកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ជាទង្វើមិនអាចអត់ឱនបាន និងខ្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេសប្រេសិតពិសេសអាស៊ាន។ 
 
ក្នុងថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសអាម៉េរិក អូស្រ្តាលី កាណាដា ជប៉ុន នូវែលសេឡង់ ន័រវែស កូរ៉េខាងត្បូង អង់គ្លេស និងតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោសទោសការប្រហារជីវិតនៅមីយ៉ាន់ម៉ា និងចាត់ទុកជាការបំពានសិទ្ធិមនុស្ស រួមទាំងនីតិរដ្ឋផង។
 
សូមបញ្ជាក់ថា​ កន្លងមក សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានផ្លាស់វេនអាស៊ានក្នុងឆ្នាំ ២០២២ ក៏ធ្លាប់សរសេរលិខិតកុំឱ្យអនុវត្តទោសប្រហារជីវិតលើក្រុមប្រឆាំងដែរ ដោយសារវាបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅអាស៊ាន៕ 
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com