អន្តរជាតិ
ស្រីលង្កាសុំចិនឱ្យជួយវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីរួចពីវិបត្តិសេដ្ឋកិច្ច
26, Jul 2022 , 10:29 pm        
រូបភាព
អគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅចិន លោក Palitha Kohona។ រូបភាព៖ AFP
អគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅចិន លោក Palitha Kohona។ រូបភាព៖ AFP
ដោយ:
ស្រីលង្កា បានស្នើសុំឱ្យចិនជួយលើកស្ទួយលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីឱ្យក្រុងកូឡុំបូអាចអភិវឌ្ឍទៅមុខប្រកបដោយនិរន្តរភាព។ អគ្គរដ្ឋទូតស្រីលង្កាប្រចាំចិនលើកឡើងបែបនេះនៅថ្ងៃទី២៥ ខែកក្កដា ខណៈក្រុងកូឡុំបូកំពុងចរចាជាមួយក្រុងប៉េកាំងលើកញ្ចប់ជំនួយទំហំ ៤ ពាន់លានដុល្លារ ដើម្បីជួយសង្រ្គោះពីវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

 
ជារដ្ឋកោះដែលមានប្រជាជន ២២ លាននាក់ ស្រីលង្កាកំពុងជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតដោយខ្វះទុនបម្រុងយ៉ាងធ្ងន់ធ្ងរមិនអាចសងបំណុលបរទេសបាន ក៏ដូចជាលុយសម្រាប់នាំចូលទំនិញដែលជាតម្រូវការចាំបាច់របស់ប្រជាជនដូចជាប្រេងឥន្ធនៈ ថ្នាំពេទ្យ និងស្បៀងអាហារជាដើម។ ថ្វីបើកន្លងមកទទួលបានកម្ចីខ្លះពីចិន ឥណ្ឌា និងធនាគារអន្តរជាតិដើម្បីដោះទាល់ក៏ដោយ សេដ្ឋកិច្ចស្រីលង្កានៅតែអាប់អួរ។ 
 
ស្របពេលចិនជាប្រទេសផ្តល់កម្ចីដ៏សំខាន់សម្រាប់ស្រីលង្កា លោក Palitha Kohona អគ្គរដ្ឋទូតស្រីលង្កាប្រចាំចិនលើកឡើងថា ក្រុងប៉េកាំងដើរតួយ៉ាងសំខាន់ក្នុងការជួយស្តារសេដ្ឋកិច្ចក្រុងកូឡុំបូ។ ចិនគឺជាម្ចាស់បំណុលដ៏ធំរបស់ស្រីលង្កាដែលរួមចំណែកប្រហែល ១០ ភាគរយនៃបំណុលបរទេសសរុប។ ស្រីលង្កាជំពាក់ចិនយ៉ាងហោចណាស់ ៥ ពាន់លានដុល្លារ។
 
ជាច្រើនខែមកហើយ ស្រីលង្កាកំពុងចរចាជាមួយចិនលើកញ្ចប់ជំនួយប្រមាណ ៤​ ពាន់លានដុល្លារ។ ឥណទាន ១,៥ ពាន់លានដុល្លារទៀតសម្រាប់ចំណាយលើការនាំចូលទំនិញពីចិនក៏កំពុងដំណើរការដែរ។ 
 
ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅស្ថានទូតស្រីលង្កាក្នុងទីក្រុងប៉េកាំង លោក Kohona ថ្លែងថា ក្រុងកូឡុំបូចង់ឱ្យក្រុងប៉េកាំងស្នើសុំក្រុមហ៊ុនចិនទិញតែខ្មៅ ត្បូងកណ្តៀង គ្រឿងទេស និងសម្លៀកបំពាក់របស់ស្រីលង្កាបន្ថែម និងសុំឱ្យច្បាប់នាំទំនិញចូលរបស់ចិនកាន់តែមានភាពងាយស្រួលជាងមុន។ 
 
មន្រ្តីការទូតស្រីលង្ការូបនេះបន្ថែមថា ក្រុងប៉េកាំងក៏អាចជួយបានដែរ តាមរយៈការវិនិយោគបន្ថែមលើគម្រោងកំពង់ផែដ៏ធំដែលផ្គត់ផ្គង់ដោយចិននៅរដ្ឋធានីកូឡុំបូ និងតំបន់ Hambantota ខណៈគម្រោងវិនិយោគធំៗរបស់ចិនមិនបានសម្រេចឡើង ដោយសារតែជំងឺកូវីដ-១៩។ 
 
លើសពីនេះ ស្រីលង្កាចង់ឃើញភ្ញៀវទេសចរចិន មកប្រទេសខ្លួនឱ្យបានច្រើន។ ទេសចរចិន មកកម្សាន្តនៅស្រីលង្កា បានធ្លាក់ចុះពីជាង ២០ ម៉ឺននាក់ក្នុងឆ្នាំ ២០១៨ មកស្ទើតែក្បែរសូន្យ ក្រោយមានហេតុការណ៍ភេរវកម្មបំផ្ទុះគ្រាប់បែកនៅស្រីលង្កាឆ្នាំ ២០១៩ និងជំងឺរាតត្បាតកូវីដ-១៩។
 
បើតាមលោក Kohona ប្រធានាធិបតីស្រីលង្កាថ្មី Ranil Wickremesinghe គ្រោងនឹងទៅទស្សនកិច្ចនៅចិន ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការលើបញ្ហាដូចជា ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ លោកថែមទាំងរំពឹងថា គោលនយោបាយរបស់ស្រីលង្កាចំពោះចិននៅតែមិនផ្លាស់ប្តូរក្រោមការដឹកនាំរបស់មេដឹកនាំថ្មី។ 
 
នៅសប្តាហ៍មុន យោងតាមទូរទស្សន៍រដ្ឋចិន CCTV ប្រធានាធិបតីចិន ស៊ី ជិនភីងលើកឡើងថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយឱ្យអស់ពីលទ្ធភាព ដើម្បីជួយលោក Wickremesinghe និងប្រជាជនស្រីលង្កាក្នុងការស្តារសេដ្ឋកិច្ច និងសង្គម៕
 

Tag:
 ចិន
  ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com