អន្តរជាតិ
ជប៉ុន ប្រហារជីវិតឃាតករមួយរូប ដែលបានសម្លាប់មនុស្ស ៧នាក់ក្នុងឆ្នាំ២០០៨
26, Jul 2022 , 6:19 pm        
រូបភាព
រូបភាព៖ Kyodo
រូបភាព៖ Kyodo
ជប៉ុន នៅថ្ងៃទី២៦ ខែកក្កដា បានប្រហារជីវិតបុរសម្នាក់ ដែលបានសម្លាប់មនុស្សចំនួន ៧នាក់ និងធ្វើឱ្យរបួសចំនួន ១០នាក់ នៅក្នុងសង្កាត់ Akihabara ក្នុងក្រុងតូក្យូនៅឆ្នាំ ២០០៨។ រដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន លោក Yoshihisa Furukawa បានបញ្ជាក់បែបនេះ។

 
លោក Tomohiro Kato ក្នុងឆ្នាំ២០០៨ បានបើករថយន្តបុកសម្លាប់អ្នកថ្មើរជើងចំនួន ៣នាក់ និងរបួស ២នាក់ ក្នុងសង្កាត់ Akihabara ក្នុងក្រុងតូក្យូ។ បន្ទាប់ចេញពីរថយន្ត បុរសរូបនេះ បានចាក់សម្លាប់មនុស្សចំនួន ៤នាក់ និងធ្វើឱ្យមនុស្សចំនួន ៨នាក់ផ្សេងទៀតរបួស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៦ ខែកក្កដា លោក Yoshihisa Furukawa រដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន បានចាត់ទុកហេតុការណ៍ក្នុងឆ្នាំ២០០៨ បានធ្វើឱ្យប៉ះពាល់សង្គមជប៉ុនយ៉ាងខ្លាំង ដោយសារវាបានដកយកជីវិតប្រជាជនចំនួន ៧នាក់។ បើតាមលោក​ Yoshihisa Furukawa មុនចុះហត្ថលេខាអនុវត្តទោសប្រហារជីវិតនៅថ្ងៃទី២២ ខែកក្កដា រដ្ឋាភិបាលជប៉ុន បានពិចារណាយ៉ាងខ្លាំង។ 
 
ការប្រហារជីវិតអ្នកទោសលើកចុងក្រោយនេះ ជាលើកទីពីរហើយ នៅក្នុងរដ្ឋបាលរបស់លោកគីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដែលចូលកាន់តំណែងនៅក្នុងខែតុលា ឆ្នាំ២០២១។ នៅក្នុងខែធ្នូ កន្លងទៅ ជប៉ុន បានប្រហារជីវិតអ្នកទោសចំនួន ៣នាក់។ មកទល់ពេលនេះ អ្នកទោស ដែលត្រូវបានកាត់ទោសប្រហារជីវិតនៅជប៉ុន បានកើនដល់ ១០៦នាក់៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com