អន្តរជាតិ
តបទៅអាម៉េរិក ចិនថាខ្លួនគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា
27, Jul 2022 , 9:56 am        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែកក្កដា។ រូបភាពយកពីក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែកក្កដា។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅថ្ងៃទី២៦ ខែកក្កដា បានឆ្លើយតបនឹងអាម៉េរិកថា រដ្ឋាភិបាលក្រុងប៉េកាំង តែងគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេង។ បើអ្នកនាំពាក្យក្រសួងការបរទេសចិន ភាគីទាំងអស់នៅមីយ៉ាន់ម៉ា គួរតែដោះស្រាយបញ្ហាដែលមិនព្រមព្រៀងគ្នាឱ្យបានត្រឹមត្រូវ ក្រោមក្របខណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់។

 
បន្ទាប់ពីរបបសឹកមីយ៉ាន់ម៉ា បានប្រហារជីវិតសកម្មជន ៤រូប ដោយផ្អែកលើច្បាប់ប្រឆាំងភេរវកម្ម និងច្បាប់ព្រហ្មទណ្ឌ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price នៅថ្ងៃទី២៥ ខែកក្កដា បានជំរុញឱ្យចិន ប្រើឥទ្ធិពលរបស់ខ្លួន ក្នុងនាមជាអ្នកលក់អាវុធដ៏សំខាន់មួយ ដាក់សម្ពាធលើមីយ៉ាន់ម៉ា ដើម្បីត្រលប់ទៅអនុវត្តប្រជាធិបតេយ្យឡើងវិញ។ ជាការឆ្លើយតប ក្រសួងការបរទេសចិន បានបញ្ជាក់ជាថ្មីថា ខ្លួន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ាឡើយ។ 
 
«ចិនតែងគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ»។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានផ្តល់ចម្លើយបែបនេះ ទៅកាន់អ្នកសារព័ត៌មាន ដែលបានសួរសំណួរជុំវិញការជំរុញរបស់អាម៉េរិកឱ្យចិនដាក់សម្ពាធលើរបបសឹកមីយ៉ាន់ម៉ា។ 
 
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន រដ្ឋាភិបាលក្រុងប៉េកាំង តែងគាំទ្រភាគីទាំងអស់នៅមីយ៉ាន់ម៉ាឱ្យដោះស្រាយបញ្ហាខ្វែងគំនិត និងមិនព្រមព្រៀងគ្នាជាច្រើនដោយផ្អែកលើក្របខណ្ឌរដ្ឋធម្មនុញ្ញ​ និងច្បាប់ ក្រោមហេតុផលការពារប្រយោជន៍របស់ប្រទេសរយៈពេលវែង។ 
 
បន្ទាប់ពីរងការថ្កោលទោសពីសំណាក់អាស៊ាន អាម៉េរិក និងសម្ព័ន្ធមិត្ត យោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែកក្កដា បានថ្លែងការពារថា ការអនុវត្តទោសលើសកម្មជនចំនួន ៤រូប គឺស្របច្បាប់ និងដោយផ្អែកលើយុត្តិធម៌សម្រាប់ប្រជាជន។ អ្នកនាំពាក្យរបបសឹក ឧត្តមសេនីយ៍ត្រី Zaw Min Tun បានលើកឡើងថា ប្រសិនបើប្រៀបធៀបការអនុវត្តទោសប្រហារជីវិតបុរសទាំង៤ រូប និងករណីផ្សេងទៀត អ្នកទាំងនោះ បានប្រព្រឹត្តបទឧក្រិដ្ឋ ដែលមីយ៉ាន់ម៉ា គួរផ្តល់ការកាត់ទោសប្រហារជីវិតជាច្រើនលើក។ 
 
ត្រង់ចំណុចនេះ អ្នកនាំពាក្យរបបសឹក បានយល់ថា​ សកម្មជនទាំង៤រូប បានបង្កផលប៉ះពាល់ដល់ប្រជាជនស៊ីវិលជាច្រើននាក់ ហើយការកាត់ទោសនេះ ជាយុត្តិធម៌សម្រាប់ប្រជាជន៕ 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com