កីឡាអន្តរជាតិ
អន្តរជាតិ
Women Euro 2022 ៖ អង់គ្លេសឡើងវគ្គផ្តាច់ព័្រត្រក្រោយទម្លាក់ស៊ុយអែត ៤-០
27, Jul 2022 , 2:37 pm        
រូបភាព
ក្រុមជម្រើសជាតិអង់គ្លេសនារី ថ្ងៃទី២៧ ខែកក្កដា បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Women Euro 2022 ក្រោយទម្លាក់ស៊ុយអែតដោយលទ្ធផល ៤-០ នាកីឡដ្ឋាន Bramall Lane របស់ក្រុម Sheffield ​United។

 
ក្រុមរហ័សនាមតោកំណាច ដែលមានគ្រូបង្វឹកជាអ្នកស្រី Sarina Wiegman ក្នុងចំណោម ១៩ប្រកួតចុងក្រោយ មិនទាន់ស្គាល់ពាក្យចាញ់ប្រកួតណាមួយឡើយ រួមទាំងព្រឹត្តិការណ៍ Women Euro 2022 នេះ។ នាព្រឹត្តិការណ៍ Women Euro 2022 ក្រុមអង់គ្លេសបានប្រកួតឈ្នះចំនួន ១១ប្រកួតជាប់ៗគ្នា។
 
លទ្ធផល ៤-០ លើក្រុមនារីស៊ុយអែត ធ្វើបានដោយកីឡាការិនីអង់គ្លេសរួមមាន Beth Mead, Lucy Bronze, Alessia Russo និង Fran Kirb​y ជាអ្នកស៊ុតបំប៉ោងសំណាញ់ទី។ ស៊ុយអែតដែលបានធ្លាក់ទៅក្រោមថ្វីជើងអង់គ្លេស គឺជាក្រុមម្ចាស់មេដាយមាសអូឡាំពិក ៤សម័យ និងជាក្រុមលំដាប់លេខ២លើពិភពលោក។ ក្រោយទទួលជ័យជម្នះ អង់គ្លេសបានឈានជើងទៅកាន់វគ្គផ្តាច់ព័្រត្រលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៩។
 
ក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតអ្នកស្រី Wiegman ជាគ្រូបង្វឹកនិយាយថា កូនក្រុមធ្វើបានល្អខ្លាំង ហើយកូនក្រុមអាចរកឃើញវិធីសាស្ត្រដើម្បីយកឈ្នះលើស៊ុយអែត។
 
«ក្រុមទាំងមូលបានរកឃើញវិធីសាស្ត្រយកឈ្នះលើពួកគេ។ ដំបូងឡើយក្រុមយើងមានភាពរអាក់រអួលបន្ទិចបន្តួចនៅត្រង់ចំណុចតំបន់ការពាររបស់យើង។ ប៉ុន្តែយើងអាចធ្វើបានល្អឡើងវិញរហូតកីឡាករលើទីលាន រកឃើញដំណោះស្រាយ ហើយពួកគេក៏អាចរកគ្រាប់បាល់បាន។ នេះជាការជួយនឹងការសហការដ៏ល្អបំផុត។»។ អ្នកស្រី Wiegman និយាយប្រាប់កាសែត BBC Sports បែបនេះ។
 
ក្រុមអង់គ្លេសនារី នឹងត្រូវរង់ចាំការប្រកួតជំនួបផ្តាច់ព្រ័ត្រនៅថ្ងៃទី៣១​ ខែកក្កដា ដោយរង់ចាំលទ្ធផលប្រកួតរវាងក្រុមអាល្លឺម៉ង់និងបារាំង ដែលប្រជែងគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ២​:០០យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា៕
 
 
 
 
 

Tag:
 UEFA Women Euro 2022
© រក្សាសិទ្ធិដោយ thmeythmey.com