ជាតិ
សង្គមជាតិ
បង្ការគ្រោះថ្នាក់! អាជ្ញាធរស្រុកជាំក្សាន្តហាមយានយន្តគ្រប់ប្រភេទឆ្លងកាត់ពីដងទង់ជាតិគោបុរៈទី៥ ដល់ពយតាឌី
27, Jul 2022 , 3:14 pm        
រូបភាព
លោក វុធ តារ៉ា អភិបាលស្រុក ជាំក្សាន្តកំពុងថតសែលហ្វីនាពេលក្រុមការងារកំពុងសម្អាតផ្លូវ
លោក វុធ តារ៉ា អភិបាលស្រុក ជាំក្សាន្តកំពុងថតសែលហ្វីនាពេលក្រុមការងារកំពុងសម្អាតផ្លូវ
ដោយ៖ ចៀន និតា
 
រដ្ឋបាលស្រុកជាំក្សាន្ត សម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ផ្លូវចំពោះយានយន្តគ្រប់ប្រភេទចាប់ពីដងផ្លូវគោបុរ:ទី៥ ​រហូតទៅដល់ពយតាឌី នៃប្រាសាទព្រះវិហារ។ ការសម្រេចផ្អាកនេះ គឺដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុរបស់សាធារណជន ព្រោះបច្ចុប្បន្នស្ថានភាពផ្លូវនៃចំណុចនេះ មានជង្ហុកជ្រៅ និងរអិល។​

 
រដូវវស្សាមកដល់មានភ្លៀងធ្លាក់ជាប្រចាំដែលធ្វើឱ្យស្ថានភាពផ្លូវលើប្រាសាទព្រះវិហារ មានការខូចខាតខ្លាំង។ ពិសេសនៅត្រង់ចំណុចដងទង់ជាតិជិតគោបុរ:ទី៥ រហូតដល់ពយតាឌី​ គឺមានការហូរច្រោះដី ​ធ្វើឱ្យមានជង្ហុកជ្រៅនិងរអិល អាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វើចារាចរឆ្លងកាត់ផ្លូវ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកជាំក្សាន្ត។
 
ដើម្បីបង្ការគ្រោះថ្នាក់ណាមួយពេលធ្វើចរាចរឆ្លងកាត់ផ្លូវនេះ អាជ្ញាធរស្រុកជាំក្សាន្តសម្រចផ្អាកការធ្វើដំណើររបស់ម្ចាស់យានយន្តគ្រប់ប្រភេទត្រង់ចំណុចនៃកំណាត់ផ្លូវនេះ ចាប់ពីថ្ងៃទី២៦កក្កដា រហូត មានសេចក្តីជូនដំណឹងសារជាថ្មី។​
 
យោងតាមលទ្ធផលស្រាវជ្រាវរបស់បុរាណវិទ្យា​ ផ្លូវធ្វើដំណើរឡើងទៅពយតាឌីចាប់ពីគោបុរៈទី១ គឺស្ថិតនៅលើរចនាសម្ព័ន្ធកំពែងដី និងប្រព័ន្ធបង្ហូរទឹកបុរាណដែលចាំបាច់ត្រូវអន្តរាគមន៍បន្ទាន់ ដើម្បីអភិរក្សហេដ្ឋារចនាសម្ព័ន្ធបុរាណនេះកុំអោយខូចសឹករិចរិលបន្តទៀត។ ដើម្បីថែរក្សាសុវត្ថិភាពរបស់សាធារណជន និងចូលរួមលើកស្ទួយអភិរក្សហេដ្ឋារចនាសម្ព័ន្ធបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រដ្ឋបាលស្រុកជាំក្សាន្ត អំពាវនាវចំពោះយានយន្តគ្រប់ប្រភេទផ្អាកធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។ 
 
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៧-៣១ ខែ កក្កដា កម្ពុជា ទទួលរងឥទ្ធិពលសម្ពាធទាបខ្សោយ និង នៅថ្ងៃទី១-២ ខែសីហា កម្ពុជា នឹងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបពីប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។ 
 
ស្ថានភាពបែបនេះ បណ្ដាលឱ្យតំបន់ទំនាបកណ្ដាល មានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ រីឯតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ 
 
តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ​រន្ទះ និងខ្យល់កន្ត្រាក់៕ 
 
 
 
 
 

Tag:
 ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com