កីឡាជាតិ
ជាតិ
ប្រដាល់៖យ៉េន ឌីណា ប្រជែងខ្សែក្រវ៉ាត់ជាមួយ Mehta រីឯឈឿង ល្វៃ ស្វាគមន៍ Michael
27, Jul 2022 , 4:34 pm        
រូបភាព
កីឡាករ ឈឿង ល្វៃ(ក្រហមស្តាំ) ប្រកួតជាមួយកីឡាករថៃ ផេត ឧប៊ុន (ខៀវឆ្វេង)(រូបពី ឈឿង ល្វៃ)
កីឡាករ ឈឿង ល្វៃ(ក្រហមស្តាំ) ប្រកួតជាមួយកីឡាករថៃ ផេត ឧប៊ុន (ខៀវឆ្វេង)(រូបពី ឈឿង ល្វៃ)
ដោយ៖ហៀក ឆក

ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣១ កីឡាករ យ៉េន ឌីណា ត្រូវប្រកួតជាមួយ ខ្លាខៀវឆ្លងដែនមកពីឥណ្ឌា Anil Metha រីឯ ឈឿង ល្វៃត្រូវជួប Ahlexander Michel និងគូពិសេសជាច្រើនទៀត ក្នុងព្រឹត្តិការណ៍សង្វៀនគុនខ្មែរជើងឯកពិភពលោក ការប្រកួតចាប់ផ្តើមពីម៉ោង ៥៖០០ នាទីល្ងាចតទៅ នាថ្ងៃទី២៧ ខែកក្កដា នៅសង្វៀនពហុកីឡដ្ឋានមរតកតេជោ។

 
គូអន្តរជាតិទី១ ទួន ស្រីភីន កីឡាការិនីមកពីក្លិបមហិទ្ធរឹទ្ធមេសថ្ងក ត្រូវប្រកួតបើកភ្លើងខៀវលើសង្វៀនជាមួយកីឡាការិនីមកពីក្លិបប្រដាល់ Pedro Novaes Mauy Thai ជនជាតិប្រេស៊ីល Brabara Aguiar ក្នុងប្រភេទទម្ងន់ ៥៣.៣ គីឡូក្រាម។ ស្រីភីន ប្រកួតចុងក្រោយបានត្រឹមស្មើជាមួយកីឡាការិនី វី ស្រីឆាយ ខណៈ Aguiar ប្រកួតចុងក្រោយរបស់គេយកឈ្នះកីឡាការិនីថៃ Kwanjai។
 
មា្ចស់មេដាយសំរឹទ្ធពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាប ត្រូវស្វាគមអ្នកលេងមុខស្លូតជើងចាស់ប្រចាំក្លិប Chhanak Rout Mauy Thai មកពីថៃរហស្សនាមសមុទ្រខ្សាច់ Hurricane Dechaphan ក្នុងប្រភេទទម្ងន់៦១គីឡូក្រាម គូទី២។ 
 
ឈានដល់គូទី៣ ម្ចាស់មេដាយមាស យ៉េន ឌីណា មកពីក្លិបកោះកុង ត្រូវប្រជែងខ្សែក្រវ៉ាត់ជាមួយខ្លាខៀវឆ្លងដែន Anil Kumar Mehta មកពីក្លិប Madha Panchayat ប្រទេសឥណ្ឌាក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម។
 

យ៉េន ឌីណា (កណ្តាល)ក្រោយទទួលបានមេដាយមាស នាស៊ីហ្គេមលើកទី៣១ នៅវៀតណាម(រូបពី Sovanna Kem)

ចូលដល់គូទី៤ ខ្លាកំណាចកំពង់ធំ ឈឿង ល្វៃ មកពីក្លិបនាគរាជចតុមុខត្រូវចចារកណ្តាប់ជាមួយកណ្តាប់ដៃឆ្លងដែន Alexander Michael មកពីចក្រភពអង់គ្លេស ប្រកួតក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម និងគូចុងក្រោយ អេអាំម៉ារីន ភូថង មកពីក្លិបអេភូថង ត្រូវប្រកួតជាមួយកីឡាករជនជាតិអ៊ីរ៉ង់ មកពីក្លិប Tiger Mauy Thai (ថៃ) ក្នុងប្រភេទទម្ងន់៦២គីឡូក្រាម។
 
សម្រាប់ព្រឹត្តិការណ៍នេះដែរ លោក​តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ការប្រកួតនេះ ដើម្បីត្រៀមលក្ខណៈក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ ជាពិសេសវាស់ស្ទង់កម្រិតបច្ចេកទេសមន្រ្តីពាក់ព័ន្ធ និងសមត្ថភាពកីឡាករ-កីឡាការិនី។
 
«មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាតិមកដល់គឺយើងខិតខំរកព្រឹត្តិការណ៍ឲ្យបានច្រើន ក្នុងការតម្រង់ទិសមន្រ្តីបច្ចេកទេសឲ្យមានសកម្មភាពការងារច្រើន ដើម្បីឲ្យមានភាពរឹងមាំឆ្ពោះទៅបម្រើការងារកីឡាស៊ីហ្គេម ។ ហើយផ្នែកកីឡាករក៏យើងត្រូវតែពង្រឹងកីឡាករកីឡាការិនីរបស់យើង ដែលអាចធ្វើទៅបានតាមរយៈនៃការប្រកួតគ្រប់ព្រឹត្តិការណ៍ទាំងអស់ ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស ជាពិសេសជាមួយនឹងកីឡាករកីឡាការិនីបរទេសនេះតែម្តង ដើម្បីយើងទៅបម្រើការប្រកួតកីឡាស៊ីហ្គេមដូចគ្នាចឹងណាស់»។ សម្តីលោក ប្រធានសហព័ន្ធ៕
 

Tag:
 ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com