អន្តរជាតិ
មន្រ្តីអាម៉េរិក៖ លោកបៃឌិន និងលោកស៊ី នឹងជជែកគ្នានៅថ្ងៃទី២៨ ខែកក្កដា
27, Jul 2022 , 7:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (ខាងឆ្វេង) ជជែកជាមួយសមភាគីចិន លោក ស៊ី ជិនភីង នៅក្នុងខែមីនា ឆ្នាំ២០២២ កន្លងមក។ រូបភាព៖ Xinhua
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (ខាងឆ្វេង) ជជែកជាមួយសមភាគីចិន លោក ស៊ី ជិនភីង នៅក្នុងខែមីនា ឆ្នាំ២០២២ កន្លងមក។ រូបភាព៖ Xinhua
អ្នកនាំពាក្យសន្តិសុខជាតិនៃសេតវិមាន លោក John Kirby នៅថ្ងៃទី២៦ ខែកក្កដា បានអះអាងថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន អាចជួបជាមួយសមភាគីចិន លោក ស៊ី ជិនភីង ក្នុងសប្តាហ៍នេះ តាមរយៈទូរសព្ទ ឬតាមប្រព័ន្ធវីដេអូ។ យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មាន AP ដោយស្រង់សម្តីមន្រ្តីអាម៉េរិក បានចុះផ្សាយថា មេដឹកនាំទាំងពីរ នឹងជជែកគ្នានៅថ្ងៃទី២៨ ខែកក្កដា។

 
មួយរយៈចុងក្រោយ អាម៉េរិក និងចិន មើលមុខគ្នាមិនចំ ជុំវិញបញ្ហាជាច្រើនដូចជា ជម្លោះនៅអ៊ុយក្រែន បញ្ហាតៃវ៉ាន់ សិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង រួមទាំងពាណិជ្ជកម្មផង។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី២៦ ខែកក្កដា លោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិនៃសេតវិមាន បានបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងសមភាគីចិន អាចជួបគ្នាក្នុងសប្តាហ៍នេះ។ កិច្ចពិភាក្សា អាចធ្វើឡើងតាមប្រព័ន្ធទូរសព្ទ ឬតាមប្រព័ន្ធវីដេអូ។ 
 
«កិច្ចសន្ទនា នឹងផ្តោតលើអ្វីគ្រប់យ៉ាងទាក់ទិននឹងភាពតានតឹងនៅកោះតៃវ៉ាន់, សង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាការគ្រប់គ្រងឱ្យល្អលើការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច»។ លោក Kirby បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា វាពិតជាលឿនណាស់ ក្នុងការប្រកាសពីពេលវេលាជាក់លាក់ ដែលមេដឹកនាំទាំងពីរត្រូវជួប។
 
យ៉ាងណាមិញ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ដោយស្រង់ប្រភពមន្រ្តីអាម៉េរិក លោកបៃឌិន និងលោកស៊ី នឹងជួបគ្នា នៅថ្ងៃទី២៨ ខែកក្កដាខាងមុខ។ កិច្ចសន្ទនាចុងក្រោយនេះ នឹងក្លាយជាការពិភាក្សាលើកទី៥ រវាងប្រធានាធិបតីអាម៉េរិក និងចិន។ 
 
កន្លងមក លោកបៃឌិន តែងធ្លោយមាត់ពីរ ឬបីលើក ជុំវិញការបញ្ជូនកម្លាំងទ័ពជួយតៃវ៉ាន់ ក្នុងករណីចិនវាយប្រហារ។ ចំណែកក្រុងប៉េកាំង តែងការពារខ្លួនថា ចិននឹងប្រើកម្លាំងទ័ព ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ។ 
 
គម្រោងនៃជំនួបរវាងមេដឹកនាំអាម៉េរិក និងចិន ធ្វើឡើងស្របពេលមានរបាយការណ៍ពីការធ្វើទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់។ ជាការឆ្លើយតប ក្រុងប៉េកាំង បានព្រមានថា ខ្លួននឹងចាត់វិធានការឱ្យបានខ្លាំងក្លា និងមុតមាំ ប្រសិនបើប្រធានសភាតំណាងអាម៉េរិកហ៊ានធ្វើទស្សនកិច្ច៕ 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com