អន្តរជាតិ
ប្រធានាធិបតីចិន និងឥណ្ឌូណេស៊ី សន្យាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
27, Jul 2022 , 8:29 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (ខាងឆ្វេង) ជាមួយសមភាគីចិន លោក ស៊ី ជិនភីង។ រូបភាព៖ Xinhua
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (ខាងឆ្វេង) ជាមួយសមភាគីចិន លោក ស៊ី ជិនភីង។ រូបភាព៖ Xinhua
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានធ្វើដំណើរទស្សនកិច្ចទៅចិន នៅថ្ងៃទី២៦ ខែកក្កដា ហើយបានជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនភីង។ ភាគីទាំងពីបាន ព្រមព្រៀងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការណ៍ទ្វេភាគី ការចាប់ផ្តើមឡើងវិញនៃការ ផ្លាស់ប្តូរការសិក្សារបស់និស្សិត និងប្រជាជន រួមទាំងការសហការលើការសិក្សាស្រាវជ្រាវវ៉ាក់សាំង និងហ្សែនជាដើម។

 
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានធ្វើដំណើរទៅទីក្រុងប៉េកាំងនៅថ្ងៃទី២៦​ ខែកក្កដា តាមការអញ្ជើញរបស់សមភាគីចិន លោក ស៊ី ជិនភីង។ លោកវីដូដូ ជាប្រធានាធិបតីទីមួយដែលបានធ្វើដំណើរទស្សនកិច្ចដោយផ្ទាល់នៅចិន ចាប់តាំងពីខែកុម្ភៈ ដែលចិនបានរៀបចំកីឡាអូឡាំពិករដូវរងា។ 
 
«ចិន​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ឥណ្ឌូណេស៊ី។ យើងត្រូវតែបំពេញភាពជាដៃគូ នេះជាមួយនឹងកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍សម្រាប់ប្រទេសរបស់ពួកយើង ហើយក្នុងពេលតែមួយសម្រាប់តំបន់ និងពិភពលោក»។ ប្រធានាធិបតីឥណ្ឌូណេស៊ី បានលើកឡើងបែបនេះ ក្នុងជំនួបថ្ងៃទី២៦ ខែកក្កដា ដោយលោកបានបង្ហាញក្តីសង្ឃឹមថា​ ដំណើរទស្សនកិច្ចនេះ នឹងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ 
 
ជាការឆ្លើយតប ប្រធានាធិបតីចិនបានសង្កត់ធ្ងន់ថា ទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌូណេស៊ីនៅក្រុងប៉េកាំង បានសបញ្ជាក់ពីភាពស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។
 
បន្ថែមពីនេះ សេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដែលចេញផ្សាយនៅថ្ងៃដដែលនោះ បានបង្ហាញពី ការអបអរសាទររបស់លោកវីដូដូ សម្រាប់សមាជលើកទី២០ នៃបក្សកុម្មុយនីស្តចិន។ សេចក្ដីថ្លែងការណ៍ដដែលនោះ បាន​បញ្ជាក់ថា ប្រធានាធិបតីទាំងពីរ បានសន្យាសហការគ្នាលើរឿងជាច្រើនរួមមាន ការកសាងសហគមន៍ចិន-ឥណ្ឌូណេស៊ី និងការធ្វើការរួមគ្នា ដើម្បីស្វែងរកផលប្រយោជន៍ទៅវិញទៅមក, ការពន្លឿនការបង្កើតផែនការសកម្មភាពប្រាំឆ្នាំសម្រាប់ការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការសហការតាមរយៈគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ (BRI) ជាដើម។
 
មិនតែប៉ុណ្ណោះ ភាគីទាំងពីរ នឹងពន្លឿនការបើកឡើងវិញនៃការផ្លាស់ប្តូរការសិក្សា និងមនុស្សទូទៅ រួមទាំងការសិក្សាស្រាវជ្រាវរួមគ្នាលើវ៉ាក់សាំង និងហ្សែន។ ក្រុងប៉េកាំងប្តេជ្ញាថា នឹងជួយគាំទ្រក្រុងហ្សាការតា ក្នុងការសាងសង់មជ្ឈមណ្ឌលវ៉ាក់សាំងក្នុងតំបន់។
 
បន្ទាប់ពីចេញពីចិន លោកវីដូដូ បានធ្វើដំណើរទៅជប៉ុន នៅថ្ងៃទី២៧ ខែកក្កដា។ លោកបានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងសហគមន៍អ្នកអាជីវកម្ម​នៅទីក្រុងតូក្យូ មុនពេលចេញដំណើរទៅកូរ៉េខាងត្បូង ដែលជាគោលដៅចុងក្រោយ៕
 

Tag:
 ចិន
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com