កីឡាអន្តរជាតិ
អន្តរជាតិ
Hope Solo អតីតអ្នកចាំទីអាម៉េរិក ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទបើកបរមានសារធាតុស្រវឹង
27, Jul 2022 , 10:29 pm        
រូបភាព
អតីតអ្នកចាំទីក្រុមជម្រើសជាតិនារីអាម៉េរិក Hope Solo ត្រូវបានកាត់ទោសឱ្យជាប់ព័ន្ធនាគារយៈពេល២ឆ្នាំ បន្ទាប់ពីរងការចោទប្រកាន់ពីតុលាការ ថាបើកបរដោយមានសារធាតុស្រវឹង។

 
កាលពីខែមីនា អតីតអ្នកចាំទីរូបនេះ ត្រូវបានឃាត់ខ្លួន ក្រោយពេលមន្ត្រីប៉ូលីសបានឃើញនាងសន្លប់ក្រោយរថយន្តផ្ទាល់ខ្លួន នៅចំណតរថយន្តហាងលក់ទំនិញមួយកន្លែង ក្នុងភាគខាងជើងរដ្ឋ Carolina ខណៈដែលទុកឱ្យកូនភ្លោះ មានអាយុ២ឆ្នាំចោលក្នុងរថយន្ត។ ​Solo ត្រូវបានមន្រី្តប៉ូលីសធ្វើតេស្តឈាមរកឃើញមានកម្រិតអាល់កុលលើស៣ដង នៃច្បាប់ដែលបានកំណត់ និងបានប្រើប្រាស់សារធាតុញៀន THCខ្លាំងលើសកម្រិត។
 
កាលពីថ្ងៃទី ២៥ កក្កដា Hope Solo ដែលជាអតីតអ្នកចាំទីបាល់ទាត់អាម៉េរិក ត្រូវបានតុលាការនាទីក្រុង Forsyth កាត់ទោសឱ្យជាប់ព័ន្ធនាគារយៈពេល២ឆ្នាំ ចំពោះការប្រព្រឹត្តិខុសច្បាប់លើរឿងទាំងអស់នេះ។ នេះបើតាមការផ្សាយកាសែត ​Winston-Salem Journal។
 
អតីតអ្នកចាំទីវ័យ ៤០ឆ្នាំរូបនេះ បានសារភាពកំហុសចំពោះការបើកបរអំឡុងពេលបញ្ហាសេពគ្រឿងស្រវឹង។ Solo ក៏បានអះអាងថា ពេលនេះនាងកំពុងត្រលប់មកភាពល្អប្រសើរ ក្រោយពេលទទួលបានការព្យាបាលគ្រឿងស្រវឹង។
 
«ខ្ញុំបានមើលស្រាលនូវអ្វីដែលជាផ្នែកមួយបានបំផ្លិចបំផ្លាញស្មារតីពីការសេពគ្រឿងស្រវឹងក្នុងជីវិតខ្ញុំ។ ខ្ញុំបានបង្កើតកំហុសដ៏ធំ ហើយវាក៏ជារឿងអាក្រក់បំផុតក្នុងជីវិតខ្ញុំផ្ទាល់ វាពិតជាពេលវេលាដ៏វែងឆ្ងាយ ប៉ុន្តែខ្ញុំក៏កំពុងវិលត្រលប់មកវិញបន្តិចម្តងពីការព្យាបាលគ្រឿងស្រវឹងនេះ។»។ Hope Solo បានលើកឡើងបែបនេះលើបណ្តាញសង្គម Instagram។
 
អំឡុងកាលនៅជាកីឡាការិនី Solo បានជួយក្រុមជម្រើសជាតិនារីអាម៉េរិក ឈ្នះមេដាយមាសអូឡាំពិកឆ្នាំ២០០៨ និងឆ្នាំ ២០១២ ហើយក៏ជួយក្រុមឱ្យឈ្នះបានរង្វាន់លំដាប់ពិភពលោក World Cup ក្នុងឆ្នាំ ២០១៥ ផងដែរ។
 
Solo ដែលរៀបការជាមួយអតីតកីឡាករបាល់បោះលីគ NFL លោក Jerramy Stevans ក៏ធ្លាប់មានរឿងអាស្រូវផ្លូវច្បាប់កាលពីមុនដែរ។ 
 
ក្នុងឆ្នាំ ២០១៤ នាងត្រូវបានចាប់ខ្លួននៅក្នុងផ្ទះនាទីរដ្ឋ វ៉ាស៊ីនតោន ចំពោះវាយតបលើប្អូនស្រីបង្កើត និងក្មួយប្រុសអាយុ ១៧ឆ្នាំម្នាក់ ក្នុងពិធីជួបជុំគ្រួសារ។ ប៉ុន្តែពេលនោះ Hope Solo ថា នាងការពារខ្លួនតែប៉ុណ្ណោះ ហើយករណីនោះក៏ត្រូវបានច្រានចោល៕
 
 

Tag:
 Hope Solo
© រក្សាសិទ្ធិដោយ thmeythmey.com