អន្តរជាតិ
ជប៉ុន និងឥណ្ឌូណេស៊ី ឯកភាពគ្នាពង្រឹងសន្តិសុខលើដែនសមុទ្រ
27, Jul 2022 , 5:47 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (ខាងឆ្វេង) ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ។ រូបភាព៖ AP
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (ខាងឆ្វេង) ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ។ រូបភាព៖ AP
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី២៧ ខែកក្កដា បានធ្វើទស្សនៈកិច្ចនៅជប៉ុន​ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ។ មេដឹកនាំប្រទេសប្រជុំកោះអាស៊ី​ទាំងពីរនេះ បានព្រមព្រៀងជំរុញទំនាក់ទំនងរវាងគ្នាស្ដីពីបញ្ហាសន្តិសុខដែន​សមុទ្រ ​បម្រែបម្រួលអាកាសធាតុ ថាមពល និងវិនិយោគ។

 
ក្រោយដំណើរទស្សនៈកិច្ចនៅចិន ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី២៧ ខែ​កក្កដា បានបន្តដំណើរទៅ​ជប៉ុន ដើម្បីជួបនាយករដ្ឋមន្ត្រី លោក គីស៊ីដា ហ្វូមីអូ ពិភាក្សាពីការ​ពង្រឹងទំនាក់ទំនងទ្វេភាគី។ មេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាពង្រឹងទំនាក់ទំនងស្ដីពី​សន្តិសុខដែនសមុទ្រ កិច្ចសហប្រតិបត្តិការស្ដីពីបម្រែបម្រួលអាកាសធាតុ ថាមពល និងការវិនិយោគ។
 
ក្នុងសន្និសីទសារព័ត៌មានរួមមួយធ្វើឡើងក្រោយកិច្ចពិភាក្សា លោក គីស៊ីដា បានអះអាងថា​ជប៉ុននឹងជួយគាំទ្រឥណ្ឌូណេស៊ីទាក់ទិននឹងបញ្ហាសន្និសុខដែនសមុទ្រ ដើម្បីសន្ដិភាព និងសុវត្ថិភាព​ដែនសមុទ្រក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លើសពីនេះ ជប៉ុនក៏បានផ្ដល់កម្ចី ៣១៨លានដុល្លារ​ទៅឱ្យឥណ្ឌូណេស៊ី ដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ប័ន្ធ និងបង្ការ​គ្រោះមហន្ដរាយផង។ 
 
ចំណែកលោក វីដូដូ បាននិយាយផ្ដោតលើបញ្ហា​ការវិនិយោគ វិស័យថាមពល និងកិច្ចប្រជុំ​កំពូល G-20 ។ មេដឹកនាំឥណ្ឌូណេស៊ីរូបនេះស្វាគមន៍អ្នកវិនិ​យោគថ្មីរបស់ជប៉ុន ហើយ​បានស្នើសុំការគាំទ្រពីជប៉ុនលើបច្ចេកវិទ្យាថ្មីដែលពាក់ព័ន្ធនឹង​ថាមពលស្អាត ហេដ្ឋារចនា​សម្ព័ន្ធ ឱសថ កសិកម្ម និងធនធានធម្មជាតិជាដើម។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន AP។
 
«ជាពិសេស ខ្ញុំសូមអញ្ជើញជប៉ុនឱ្យគាំទ្រការបង្កើនល្បឿនឈានទៅរកគោលដៅបំភាយ​កាបូនសូន្យសុទ្ធរបស់ឥណ្ឌូណេស៊ី តាមរយៈបច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដូចជាបច្ចេកវិទ្យាអ៊ីដ្រូ​សែន និងអាម៉ូញាក់»។ លោកប្រធានាធិបតីឥណ្ឌូណេស៊ីលើកឡើងបែបនេះ។ នេះដោយ​សារជប៉ុនកំពុងលើកកម្ពស់ការប្រើប្រាស់អ៊ីដ្រូសែន លាយជាមួយអាម៉ូញាក់ដើម្បីទាញ​យកថាមពល ដែលអាចកាត់បន្ថយការបំភាយកាបូនបានច្រើន។ 
 
នៅឆ្នាំក្រោយ ឥណ្ឌូណេស៊ីនឹងធ្វើជាប្រធានផ្លាស់វេនអាស៊ាន ហើយជប៉ុនជាប្រធានផ្លាស់វេននៃកិច្ចប្រជុំ​ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G-7)។ ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព​និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។
 
គួរបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកក្កដា លោក វីដូដូ ​ក៏​បានទៅពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជិនភីង ​អំពី​បញ្ហាមួយចំនួនចាប់ពីការធ្វើពាណិជ្ជកម្ម រហូត​ដល់​កិច្ចសហប្រតិបត្តិ​ការ​ដែន​សមុទ្រ។ បើទោះឥណ្ឌូណេស៊ី តែងមានទំនាក់ទំនងល្អជាមួយចិន ទីក្រុងហ្សាការ​តា  ក៏ព្រួយបារម្ភអំពីមហិច្ឆតាចិនដែលចង់ទន្ទ្រានយកតំបន់សេដ្ឋកិច្ចផ្តាច់មុខខ្លួន (EEZ) នៅក្នុងសមុទ្រ​ចិនខាងត្បូង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com