អន្តរជាតិ
រដ្ឋមន្រ្តីហិរញ្ញវត្ថុ៖ បើទោះស្វះស្វែងរកកម្ចីពីIMF បង់ក្លាដែសគ្មានបញ្ហាសេដ្ឋកិច្ចទេ
27, Jul 2022 , 11:58 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
បង់ក្លាដែសបានស្នើមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឱ្យចាប់ផ្តើមកិច្ចចរចាលើកម្ចីថ្មីមួយ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុបង់ក្លាដែស លោក AHM Mustafa Kamal បានបញ្ជាក់បែបនេះទៅកាន់កាសែត Prothom Alo ដែលចេញផ្សាយ នៅថ្ងៃទី២៧ ខែកក្កដា ដោយបន្ថែមថាសេដ្ឋកិច្ចបង់ក្លាដែសគ្មានបញ្ហាអ្វីទេ។

 
ជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ​ បង់ក្លាដែសកំពុងប្រឈមនឹងឱនភាពពាណិជ្ជកម្ម និងរំហូរសាច់ប្រាក់ទៅក្រៅប្រទេសច្រើនជាងរំហូរចូលក្នុងស្រុក (current account deficit)។ ការកើនឡើងតម្លៃថាមពល និងតម្លៃស្បៀងដោយសារសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចរបស់រដ្ឋអាស៊ីខាងត្បូងនេះជាដំណំ។ 
 
ទាក់ទងរឿងនេះ បង់ក្លាដែសបានស្នើសុំឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចាប់ផ្តើមចរចាលើកម្ចីដើម្បីរក្សាតុល្យភាពចំណូល-ចំណាយ(balance of payment)របស់ប្រទេស។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្រ្តីហិរញ្ញវត្ថុបង់ក្លាដែស លោក AHM Mustafa Kamal មិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលនឹងត្រូវខ្ចីនៅក្នុងលិខិតដែលបានបញ្ជូនទៅ IMF នៅថ្ងៃទី២៤ ខែកក្កដា នោះទេ។
 
«IMF ត្រូវបានស្នើសុំឱ្យចាប់ផ្តើមកិច្ចចរចាផ្លូវការមួយដើម្បីទទួលបានប្រាក់កម្ចីសម្រាប់យកមកប្រើជា ថវិកាជំនួយ និងរក្សាតុល្យភាពនៃការទូទាត់»។ លោក Kamal បានបញ្ជាក់បែបនេះនៅក្នុងការចុះផ្សាយរបស់កាសែតបង់ក្លាដែស Prothom Alo ចេញផ្សាយនៅថ្ងៃទី២៧​ ខែកក្កដា។ 
 
បើតាមលោក Kamal ទំហំប្រាក់កម្ចី និងវេលាដែលត្រូវចរចា  គឺអាស្រ័យលើមូលនិធិរូបិយវត្ថុអន្តរជាតិ ។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីបង់ក្លាដែសរូបនេះសង្កត់ធ្ងន់ថា ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសបច្ចុប្បន្នមិនមានបញ្ហាអ្វីនោះទេ។
 
ជាមួយគ្នា មន្រ្តីជាន់ខ្ពស់ IMF ម្នាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកក្កដាថា បង់ក្លាដែសបានស្នើឱ្យមានការពិភាក្សាលើកម្ចីថ្មីមួយក្រោមគម្រោងហិរញ្ញវត្ថុប្រកបដោយចីរភាព និងភាពធន់របស់ IMF ( Resilience and Sustainability Trust)។ មូលនិធិប្រភេទបែបនេះមានកំណត់ឱ្យដកកម្ចីត្រឹម ១៥០ ភាគរយនៃទឹកប្រាក់កូតារបស់ប្រទេសដែលមានក្នុង IMF ហើយក្នុងករណីបង់ក្លាដែសអាចទទួលបានទឹកប្រាក់ជាអតិបរមា ១ ពាន់លានដុល្លារ។ 
 
យ៉ាងណាមិញ កាសែតបង់ក្លាដែស Daily Star រាយការណ៍នៅថ្ងៃដដែលថា រដ្ឋអាស៊ីខាងត្បូងនេះចង់បានកម្ចី ៤,៥ ពាន់លានដុល្លារពី IMF។ 
 
ជាមួយទំហំផលិតផលក្នុងស្រុកជាង ៤០០ ពាន់លានដុល្លារ បង់ក្លាដែសបានចាកចេញពីបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួច ហើយកំពុងត្រៀមខ្លួនក្លាយជាប្រទេសកំពុងអភិវឌ្ឍជាផ្លូវការនៅឆ្នាំ ២០២៦។ សេដ្ឋកិច្ចរដ្ឋអាស៊ីខាងត្បូងនេះពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញផ្នែកវិស័យកាត់ដេរ ខណៈការផ្ទេប្រាក់របស់ជនចំណាកស្រុកពីបរទេស ជាប្រភពដែលផ្តល់រូបិយប័ណ្ឌបរទេសដ៏សំខាន់ទីពីរសម្រាប់បង់ក្លាដែស។ 
 
ប៉ុន្តែ នាពេលបច្ចុប្បន្នការផ្ទេប្រាប់ពីបរទេសបានធ្លាក់ចុះ រីឯការនាំចូលទំនិញក៏កាន់តែច្រើនជាងការនាំចេញទំនិញទៅទៀត។ ទុនបម្រុងអន្តរជាតិរបស់បង់ក្លាដែសបានធ្លាក់ចុះមក ៣៩,៦៧ ពាន់លានដុល្លារត្រឹមថ្ងៃទី២០ ខែកក្កដា ដែលគ្រប់គ្រាន់សម្រាប់ការនាំចូលទំនិញជាង ៥ ខែ ខណៈនៅឆ្នាំមុនមានទុនបម្រុងមាន ៤៥,៥ ពាន់លានដុល្លារ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com