អន្តរជាតិ
ចិន​​ព្រមានផែនការទស្សនកិច្ចប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់ថា ក្រុងវ៉ាស៊ីនតោន​នឹង​​រង​ផល​វិបាក​ទាំង​អស់
28, Jul 2022 , 10:07 am        
រូបភាព
លោកស្រី Nancy Pelosi  ប្រធានសភាតំណាង។ រូបភាព៖ AFP
លោកស្រី Nancy Pelosi ប្រធានសភាតំណាង។ រូបភាព៖ AFP
ចិន នៅថ្ងៃទី២៧ ខែកក្កដា បានព្រមាន​ថា ទីក្រុងវ៉ាស៊ីនតោននឹងត្រូវទទួលផលវិបាកទាំងអស់ ប្រសិនបើប្រធានសភាតំណាងអាម៉េរិក លោកស្រី Nancy Pelosi ហ៊ានធ្វើទស្សនកិច្ចទៅកោះតៃវ៉ាន់។ ការព្រមាននេះ បានធ្វើឡើង ខណៈធ្វើភាពតានតឹងរវាងអាម៉េរិក និងចិនកាន់តែកើនឡើង។ ​

 
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian​ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែកក្កដា​ បានព្រមានជាថ្មីថា ចិននឹងប្រឆាំងយ៉ាងដាច់ខាតចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi ទៅកោះតៃវ៉ាន់។ 
 
«ប្រសិនបើអាម៉េរិកប្រកួតប្រជែង និងបន្តរុញច្រានចិនហួសព្រំដែន ភាគីអាម៉េរិកនឹងត្រូវទទួលរងផលវិបាកទាំងអស់ដែលកើតឡើង»។ លោក Zhao បានផ្តល់ចម្លើយបែបនេះទៅកាន់អ្នកសារព័ត៌មាន ដែលបានសួរសំណួរជុំវិញទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់។ 
 
ការលើកឡើងរបស់ចិន​ធ្វើឡើងក្រោយលោកស្រី Pelosi បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា វាមានសារៈសំខាន់ណាស់សម្រាប់អាម៉េរិកដើម្បីបង្ហាញការគាំទ្រចំពោះតៃវ៉ាន់ ខណៈដែលបដិសេធថាសភាអាម៉េរិកមិនបានជំរុញឱ្យមានឯករាជ្យភាពសម្រាប់តៃវ៉ាន់ឡើយ។ កន្លងមក លោកស្រី Pelosi គ្រោងនឹងធ្វើទស្សនកិច្ចទៅតៃវ៉ាន់ម្តងរួចមកហើយ ប៉ុន្តែត្រូវខកខានវិញដោយសារលោកស្រីបានឆ្លងជំងឺកូវីដ-១៩។​
 
តៃវ៉ាន់ដែលអនុវត្តប្រជាធិបតេយ្យ តែង​រស់នៅ​ក្រោម​ការ​គំរាម​កំហែង​ឥត​ឈប់ឈរ​នៃ​ការ​ឈ្លានពាន​របស់​ចិន។ ចិនតែងអះអាងថា តៃវ៉ាន់ស្ថិតក្រោមការ​គ្រប់គ្រង និងជាផ្នែកមួយ​នៃ​ទឹកដីរបស់​ខ្លួន ហើយអាចត្រូវបង្រួបបង្រួមជាតិ​ដោយ​កម្លាំង​ ប្រសិនបើ​ចាំបាច់។
 
​ដំណើរទស្សនកិច្ចដែលអាចធ្វើឡើងដោយលោកស្រី Nancy Pelosi មិនទាន់ត្រូវបានបញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់អាម៉េរិកនៅឡើយ។ យ៉ាងណាមិញដំណើរទស្សនកិច្ចដែលអាចកើតមាននេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃឌិន ដែលបារម្ភថាការធ្វើដំណើរនេះអាចឆ្លងហួសបន្ទាត់ក្រហមជាមួយចិន៕ 
 

Tag:
 ចិន
  អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com