អន្តរជាតិ
រុស្ស៊ី នឹងរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបន្ថែម ដើម្បីសងសឹកទណ្ឌកម្មរបស់ EU
28, Jul 2022 , 11:22 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
វិមានក្រេមឡាំង នៅថ្ងៃទី២៧ ខែកក្កដា បានបេ្តជា្ញរឹតត្បិតបន្ថែមលើប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិចដែលដំណើរការលើទឹកដីរុស្ស៊ី បន្ទាប់ពីតុលាការកំពូលរបស់សហភាពអឺរ៉ុប (EU)បន្តឯកភាពដាក់ទណ្ឌកម្មលើប្រព័ន្ធផ្សព្ធផ្សាយរដ្ឋរុស្ស៊ី ដោយមិនអនុញ្ញាតឱ្យចាក់ផ្សាយលើទឹកដីអឺរ៉ុប។

 
បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែន សហភាពអឺរ៉ុប (EU)បានរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីចំនួន ៥ ដូចជា​ Sputnik, Russia Today (RT), Rossiya RTR/ RTR Planeta, Rossiya 24/ Russia 24 និង TV Centre International។ ប្រព័ន្ធផ្សព្វផ្សាយទាំងនេះត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់ទណ្ឌកម្ម ដើម្បី​ឱ្យផ្អាកដំណើរការជាបណ្តោះអាសន្ននៅទឹកដីអឺរ៉ុប ក្រោមហេតុផលថារុស្ស៊ីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ធ្វើយុទ្ធនាការ និងផ្សព្វផ្សាយព័ត៌មានមិនពិតរួមមានសកម្មភាពយោធារុស្ស៊ីនៅអ៊ុយក្រែនជាដើម។
 
យ៉ាងណាមិញ ប្រព័ន្ធផ្សព្ធផ្សាយរដ្ឋរុស្ស៊ី RT ដែលផ្សាយជាភាសាបារាំង បានប្តឹងប្រឆាំងនឹងការហាមឃាត់នេះទៅតុលាការយុត្តិធម៌អឺរ៉ុប (ECJ)នៅលុចសំបួ។ ប៉ុន្តែ ECJ នៅថ្ងៃទី២៧ ខែកក្កដាបានចេញសេចក្តីសម្រេចច្រានចោលពាក្យបណ្តឹងខាងលើ ដោយសម្អាងថាការហាមឃាត់នោះគឺស្របច្បាប់ ហើយសមហេតុផលតាមគោលដៅរបស់ EU។
 
« RT ជាភាសាបារាំង បានគាំទ្រយ៉ាងសកម្មលើគោលនយោបាយអស្ថិរភាព និងការឈ្លានពានដែលប្រព្រឹត្តដោយសហព័ន្ធរុស្ស៊ីចំពោះអ៊ុយក្រែនដែលចុងក្រោយបណ្តាលឱ្យមានការវាយប្រហារយោធាទ្រង់ទ្រាយធំ»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់តុលាការ ដោយបញ្ជាក់ថា ការផ្សព្វផ្សាយបែបនោះគំរាមដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈរបស់ EU។
 
ទាក់ទិននឹងបញ្ហាខាងលើ វិមានក្រេមឡាំងបានរិះគន់សេចក្តីសម្រេចនេះ​ ហើយប្រកាសថានឹងដាក់កំហិតលើប្រព័ន្ធផ្សព្ធផ្សាយរបស់លោកខាងលិចនៅរុស្ស៊ីបន្ថែមទៀត ខណៈ RT ជាភាសាបារាំងអះអាងថា នឹងប្តឹងតុលាការឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អឺរ៉ុបដែលជាកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីដកបម្រាមនេះចោល។
 
« យើងនឹងចាត់វិធានការស្រដៀងនេះដើម្បីដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដែលប្រតិបត្តិការនៅក្នុងប្រទេសរបស់យើង»។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំងប្រាប់អ្នកកាសែតនៅទីក្រុងមូស្គូបែបនេះ ហើយបានបន្តថា អឺរ៉ុបកំពុងជាន់ឈ្លីលើឧត្តមគតិខ្លួនឯង ចំពោះការហាមប្រាមការផ្សព្ធផ្សាយរបស់ RT លើទឹកដីអឺរ៉ុបបែបនេះ។
 
យ៉ាងណាមិញ ខណៈពេលដែលវិមានក្រេមឡាំងប្រកាសពីការសងសឹកតបទៅវិញនេះ បណ្តាញសង្គមដូចជា Twitter, Facebook និង Instagram ត្រូវបានហាមឃាត់ក្នុងទឹកដីរុស្ស៊ីស្រាប់ទៅហើយ ហើយប្រព័ន្ធផ្សព្ធផ្សាយអន្តរជាតិជាច្រើនទៀតក៏ត្រូវបានរឹតបន្តឹងស្រាប់ដែរ។
 
ទាក់ទងរឿងនេះ EU ក៏ត្រូវបានគេរិះគន់ចំពោះគោលការណ៍ក្នុងការប្រកាន់ខ្ជាប់សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅទូទាំងប្លុកអឺរ៉ុបដែលមានរដ្ឋសមាជិក ២៧ នេះ។  ប៉ុន្តែចៅក្រម ECJ បកស្រាយថា បម្រាមនេះត្រូវបានកំណត់ត្រឹមខែកក្កដា ឆ្នាំ២០២២ ប៉ុណ្ណោះ៕ 
 

Tag:
 EU
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com