អន្តរជាតិ
លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើងត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឆាំងសង្គ្រាមនុយក្លេអ៊ែរ
28, Jul 2022 , 1:58 pm        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព៖ KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព៖ KCNA
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅថ្ងៃទី២៧ ខែកក្កដា បានប្រកាសថា​ កូរ៉េខាងជើងបានត្រៀមខ្លួនរួចរាល់ក្នុងការប្រឆាំងសង្រ្គាមនុយក្លេអ៊ែរ និងការប៉ះទង្កិចផ្នែកយោធាអាម៉េរិកណាមួយ។​ លោកគីម ក៏បានរិះគន់ពីគោលនយោបាយបែបសត្រូវ និងការអនុវត្តស្ដង់ដាពីរ របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលតែងតែគំរាមកំហែងដល់សន្ដិសុខរបស់ក្រុងព្យុងយ៉ាង ផងដែរ។ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន KCNA ចេញផ្សាយថ្ងៃទី២៨ ខែកក្កដា។

 
ក្នុងអំឡុងសុន្ទរកថាសម្រាប់ខួបទី៦៩ នៃបទឈប់បាញ់នៃសង្ក្រាមកូរ៉េខាងនៅថ្ងៃទី២៧​ ខែកក្កដា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កូរ៉េខាងជើង នៅចំពោះមុខអាម៉េរិក។ បើតាមលោកគីម ការប្រឈមមុខជាមួយក្រុងវ៉ាស៊ីនតោន បានបង្កការគំរាមកំហែងនុយក្លេអ៊ែរ ចាប់តាំងពីសង្រ្គាមនៅឧបទ្វីបកូរ៉េ និងទាមទារឱ្យក្រុងព្យុងយ៉ាងត្រូវតែសម្រេចកិច្ចការជាប្រវត្តិសាស្រ្តរបស់ខ្លួនជាបន្ទាន់ ក្នុងការពង្រឹងសមត្ថភាពការពារខ្លួន។ 
 
«ជាថ្មីម្តងទៀត ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយអាម៉េរិក»។ លោកគីមបានសង្កត់ធ្ងន់បែបនេះ រួចបន្តថាកងទ័ពរបស់ក្រុងព្យុងយ៉ាង បានរៀបចំយ៉ាងហ្មត់ចត់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិណាមួយ ហើយសមត្ថភាពប្រឆាំងសង្រ្គាមនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានប្រមូលផ្តុំកម្លាំងយ៉ាងពេញលេញ។ 
 
ក្នុងសុន្ទរកថាដដែលនោះ មេដឹកនាំរបបក្រុងព្យុងយ៉ាង បានបន្ថែមថា អាម៉េរិកនៅ តែបន្តការប្រើប្រាស់គោលនយោបាយគំរាមកកំហែងខុសច្បាប់ និងបែបសត្រូវ ចំពោះកូរ៉េខាងជើង រីឯកូរ៉េខាងត្បូងក៏បន្តប្រឆាំងជាមួយកូរ៉េខាងជើងអស់រយៈពេលជាង ៧០ឆ្នាំ ក្រោយសង្គ្រាមនៅឧបទ្វីបកូរ៉េ។ 
 
លោកគីមបានយល់ថា ការអនុវត្តស្តង់ដារពីររបស់អាម៉េរិក ក្នុងការធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង បានបង្កការគំរាមកំហែងជាខ្លាំងដល់សន្តិសុខរបស់ខ្លួន។ ទន្ទឹមនេះ មេដឹកនាំកូរ៉េខាងជើង ក៏បានព្រមានរដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកយុន សុកយ៉ល ថា ការប៉ុនប៉ងណាមួយរបស់ក្រុងសេអ៊ូល ដែលធ្វើឱ្យសមត្ថភាពក្រុងព្យុងយ៉ាងចុះខ្សោយ នោះសេអ៊ូលនឹងទទួល បានការឆ្លើយតបវិញយ៉ាងតឹងរ៉ឹង។
 
ការព្រមានពីសំណាក់មេដឹកនាំកូរ៉េខាងជើងខាងលើ ធ្វើឡើងស្របពេលកូរ៉េខាងត្បូង និងអាម៉េរិកបារម្ភថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង អាចសាកល្បងនុយក្លេអ៊ែរជាថ្មី បន្ទាប់ពីអាក់ខានតាំងពីឆ្នាំ២០១៧។ 
 
 
គួររំលឹកថា ក្នុងប៉ុន្មានខែកន្លងមក កូរ៉េខាងជើងបានបាញ់មីស៊ីលប្រភទផ្សេងៗ ព្រមទាំងមីស៊ីល ល្បឿនលឿនជាងសំឡេងជាច្រើនលើកច្រើនសាដែលមិនធ្លាប់មានពីមុនមក។ ទាំងកូរ៉េខាងត្បូង, ជប៉ុន, អាម៉េរិក, អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ បានថ្កោលទោស កូរ៉េខាងជើងចំពោះការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងពិភពលោក៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com