សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
IMF ​បន្ទាប​ការ​ព្យាករ​កំណើនសេដ្ឋកិច្ចពិភពលោក​ មកត្រឹម៣,២ភាគរយ
28, Jul 2022 , 2:42 pm        
រូបភាព
រូបតំណាងពី IMF Regional Office for Asia and the Pacific ។
រូបតំណាងពី IMF Regional Office for Asia and the Pacific ។
ដោយ: ថ្មីៗ
ដោយ ៖ ធន់ សេងហុង 
 
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំនេះមកត្រឹម ៣,២ភាគរយ ដោយសារតែវិបត្តិអតិផរណា និងការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមចុះផ្សាយរបស់ IMF ក្នុងរបាយការណ៍ស្តីពីបច្ចុប្បន្នភាពទស្សនវិស័យសេដ្ឋកិច្ចពិភពលោក​ កាលពីថ្ងៃទី២៦ កក្កដា។


ដើមឡើយ IMF បានដាក់ការព្យាករ កាលពីខែតុលា ២០២១ ថា ផលិតផលក្នុងស្រុកសរុបសកល (Global GDP)នឹងកើនឡើង ៤,៩ភាគរយ​ នៅឆ្នាំ ២០២២។ ប៉ុន្តែក្រោយមក IMF បានព្យាករម្ដងទៀតថា កំណើនសេដ្ឋកិច្ចនេះ នឹងធ្លាក់ចុះមកត្រឹម ៤,៤ភាគរយ ក្នុងខែមករា និង ៣,៦ភាគរយ ក្នុងខែមេសា។
 
ជាថ្មីម្ដងទៀត IMF ក៏បានបន្ទាបការព្យាករមកត្រឹម ៣,២ ភាគរយវិញ ។ IMF បានព្រមានថា លទ្ធផលជាក់ស្តែង អាចកាន់តែអាក្រក់ជាងនេះ ដោយសារបញ្ហាជាច្រើន ដែលកំពុងតែកើតមានឡើង ដូចជា បញ្ហាអឺរ៉ុបបានបញ្ឈប់ភ្លាមៗ នៃការនាំចូលឧស្ម័នពីរុស្ស៊ី ជាមួយវិបត្តិអតិផរណា ដែលពិបាកគ្រប់គ្រង នៅតាមបណ្តាប្រទេសនានា ខណៈប្រទេសក្រីក្រខំប្រឹងសងបំណុល ព្រោះស្ថានភាពហិរញ្ញវត្ថុពិភពលោកតឹងតែង។ ស្របពេលជាមួយគ្នានេះ សេដ្ឋកិច្ចចិនធ្លាក់ចុះ ដោយសារវិធានការទប់ទល់ជំងឺកូវីដ-១៩ និងវិបត្តិអចលនទ្រព្យ ដែលកំពុងកើតមានក្នុងប្រទេសមួយនេះ។
 
ទន្ទឹមនេះ ការបែងចែកភូមិសាស្ត្រនយោបាយ ដែលកំពុងកើតមានឡើងរវាងលោកខាងលិច ជាមួយរុស្ស៊ី និងចិន អាចជាកត្តារារាំងដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ បើតាម ​​IMF កាលណាស្ថានកាន់តែវិវត្តន៍ទៅភាពអវិជ្ជមាន សេណារីយ៉ូដ៏អាក្រក់បំផុត សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក អាចធ្លាក់ទៀត មកត្រឹម ២,៦ភាគរយ ក្នុងឆ្នាំ ២០២២ និង ២ភាគរយ ក្នុងឆ្នាំ ២០២៣។
 
ក្រៅពីនេះ ស្ថានភាពអតិផរណា បានធ្វើឱ្យកម្រិត​ជីវភាព​របស់ប្រជាជន ជុំវិញ​ពិភពលោក​ ត្រូវ​បាន​រឹត​បន្តឹង​កាន់​តែ​ខ្លាំងឡើងៗ តម្លៃទំនិញប្រើប្រាស់ត្រូវបានរំពឹងថា នឹងកើនឡើង ៦,៦ភាគរយ នៅតាមបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន និង ៩,៥ភាគរយ តាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងឆ្នាំនេះ។ កំណើននេះបានកើនឡើងក្នុងអត្រា ០,៩ភាគរយ ធៀបនឹងការព្យាករពីមុនត្រឹម ០,៨ភាគរយ។
 
លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូ IMF បានពន្យល់ដូច្នេះថា៖ «អតិផរណាកំពុងកើនឡើង និងកាន់តែរីករាលដាល។ មិនត្រឹមតែវិស័យថាមពល និងម្ហូបអាហារប៉ុណ្ណោះទេ វាក៏បានជ្រៀតចូលវិស័យសេវាកម្ម និងទំនិញផងដែរ ហើយឥឡូវនេះវាហួសឆ្ងាយពីគោលដៅរបស់ធនាគារកណ្តាល។ រឿងនេះបណ្តាលឱ្យកម្លាំងទិញធ្លាក់ចុះ។ ​នៅបណ្តាប្រទេសជាច្រើន ប្រាក់​ឈ្នួលមិន​អាច​រក្សា​​ជាមួយ​ការកើនឡើងអតិផរណា​ទេ»។
 
បើតាមលោក Gourinchas ការទប់ស្កាត់អតិផរណា ជារឿងអាទិភាពបំផុត សម្រាប់អ្នកបង្កើតគោលនយោបាយត្រូវគិតគូ ទោះបីវាមានកំណើនយឺតក្នុងរយៈពេលខ្លីក៏ដោយ។ ការកាត់បន្ថយអតិផរណាទាន់ពេលវេលា ក៏ជាការបង្កើតលក្ខខណ្ឌសម្រាប់កំណើនស្ថេរភាព និងម៉ាក្រូសេដ្ឋកិច្ចក្នុងប៉ុន្មានឆ្នាំខាងមុខនេះផងដែរ។
 
គួរបញ្ជាក់ IMF ក៏បានទម្លាក់ទស្សនវិស័យកំណើនរបស់ខ្លួន សម្រាប់ឆ្នាំ២០២៣ ថា នឹងមានត្រឹមតែ ២,៩ភាគរយ ទាបជាង ៣,៦ភាគរយ ដែលបានខ្លួនប្រកាសកាលពីខែមេសាកន្លងទៅ។ ចំណែកឯអតិផរណានៅទូទាំងពិភពលោកនឹងត្រឡប់មក ៥,៧ភាគរយនៅចុងឆ្នាំ ២០២៣៕
 

Tag:
 IMF អតិផរណា កំណើនសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com