អន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខUN រិះគន់ការអនុវត្តទោសប្រហារជីវិតនៅមីយ៉ាន់ម៉ា
28, Jul 2022 , 4:42 pm        
រូបភាព
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រូបភាព៖ Xinhua
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រូបភាព៖ Xinhua
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី២៧ ខែកក្កដា បានថ្កោលទោសការប្រហារជីវិតពីសំណាក់របបសឹកមីយ៉ាន់ម៉ា លើសកម្មជនចំនួន ៤រូប ក្រោមច្បាប់ប្រឆាំងភេរវកម្ម និងច្បាប់ព្រហ្មទណ្ឌ។ ទន្ទឹមនេះ UNSC ក៏បានជំរុញយោធាមីយ៉ាន់ម៉ា ដោះលែងភ្លាមៗលើអ្នកជាប់ឃុំដោយបង្ខំផង។



 
 
កាសែតរដ្ឋមីយ៉ាន់ម៉ា the Global New Light of Myanmar នៅថ្ងៃទី២៥ ខែកក្កដា បានបញ្ជាក់ថា អាជ្ញាធរមីយ៉ាន់ម៉ា បានប្រហារជីវិតមនុស្សចំនួន ៤រូប មានដូចជាលោក Kyaw Min Yu និងលោក Phyo Zeya Thaw ដែលជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏សំខាន់។ អ្នកទាំង ៤រូបនេះ ត្រូវបានចោទក្រោមច្បាប់ប្រឆាំងភេរវកម្ម និងច្បាប់ព្រហ្មទណ្ឌ។
 
បន្ទាប់ពីការអនុវត្តទោសប្រហារជីវិតនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ដ៏កម្រមួយ ដោយរិះគន់ការកាត់ទោសប្រហារជីវិតនៅមីយ៉ាន់ម៉ា ដែលមានជាលើកដំបូង ក្នុងរយៈពេល ៣ទសវត្សរ៍។ 
 
«សមាជិកក្រុមប្រឹក្សាសន្តិសុខថ្កោលទោសការប្រហារលើក្រុមប្រឆាំងពីសំណាក់របបសឹក នៅចុងសប្តាហ៍មុន»។ ក្រុមប្រឹក្សាសន្តិសុខ បានសង្កត់ធ្ងន់បែបនេះនៅថ្ងៃទី២៧ ខែកក្កដា ដោយបន្តបញ្ជាក់ពីការជំរុញរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យដោះលែងភ្លាមៗលើអ្នកជាប់ឃុំដោយបង្ខំ ដែលមានចាប់តាំងពីរដ្ឋប្រហារមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
សេចក្តីថ្លែងការណ៍ដ៏កម្រនេះ ក៏ត្រូវបានគាំទ្រដោយតំណាងចិន និងរុស្ស៊ីនៅអង្គការសហប្រជាជាតិផង។ បន្ទាប់ពីការឯកភាពខាងលើ រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា ដែលស្គាល់ថារដ្ឋាភិបាលស្រមោល បានស្វាគមន៍ការរិះគន់ខាងលើ និងជំរុញឱ្យក្រុមប្រឹក្សាដ៏មានឥទ្ធិពលមួយនេះ ចាត់វិធានការច្បាស់លាស់ប្រឆាំងនឹងរបបសឹក។
 
កន្លងមក កម្ពុជា ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន បានចាត់ទុកការអនុវត្តទោសប្រហារជីវិត តែមួយសប្តាហ៍មុនកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ជាទង្វើមិនអាចអត់ឱនបាន និងខ្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេសប្រេសិតពិសេសអាស៊ាន៕ 
 

Tag:
 UN
  មីយ៉ាន់ម៉ា
  រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com