កីឡាអន្តរជាតិ
អន្តរជាតិ
Bordeaux គេចផុតពីការលេងលីគទីបីបារាំង មុនចាប់ផ្តើមរដូវកាលថ្មី ៣ថ្ងៃ
28, Jul 2022 , 5:29 pm        
រូបភាព
ក្លិប Bordeaux គេចផុតពីការកាត់ទៅលេងលីគទីបីរបស់បារាំង ដោយសារតែបញ្ហាវិបត្តិហិរញ្ញវត្ថុ មុនពេលបើករដូវកាលថ្មី រយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ។ បើតាមការប្រកួតរបស់សហព័ន្ធបាល់ទាត់បារាំង (FFF) ថ្ងៃទី២៧ ខែកក្កដា។

 
Bordeaux ដែលជាម្ចាស់ជើងឯកលីគកំពូលបារាំង ៦សម័យបានធ្លាក់ទៅកាន់លីគលំដាប់ទីពីររបស់បារាំង Ligue 2 កាលពីរដូវកាលមុន ក្រោយពេលបញ្ចប់ចំណាត់ថ្នាក់បាតតារាងក្របខណ្ឌ Ligue 1។ 
 
កាលពីដើមខែកក្កដា ក្លិបល្បីឈ្មោះបារាំងមួយនេះត្រូវបាន ស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុរបស់លីគបាល់ទាត់បារាំង DNCG មើលឃើញថា Bordeaux មិនអាចបំពេញកាតព្វកិច្ចហិរញ្ញវិត្ថុ ក្នុងការដោះស្រាយបំណុលរបស់របស់ពួកគេបានទេ នៅរដូវកាលថ្មីខាងមុខ។ ដោយសារមូលហេតុនេះ DNCG និង LFP សម្រេចគ្នាកាត់ Bordeaux ទៅលីគទី៣តែម្តង។
 
កាលពីថ្ងៃទី២៥ កក្កដា គណៈកម្មាធិការអូឡាំពិកបារាំងបានណែនាំថា ក្លិប Bordeaux គួរតែត្រលប់លេងនៅក្នុងលីគទីពីរវិញ។
 
«ក្រុមប្រឹក្សាសហព័ន្ធបានសម្រេចចិត្តទទួលនូវការណែនាំនិងសំណើរដែលបានធ្វើឡើងដោយគណៈកម្មាធិកាអូឡាំពិកបារាំង ថ្ងៃទី២៥ ខែកក្កដាឆ្នាំ ២០២២ ស្នើឱ្យក្លិប ​Bordeaux បន្តលេងនៅក្របខណ្ឌ Ligue 2។ ក្រុមប្រឹក្សា FFF ទាមទារឱ្យស្ថាប័ន ​DNCG កោះហៅក្លិប​ ​Bordeaux ដើម្បីវិនិច្ឆ័យលើវិធានការ ជាបន្ទាន់ចំពោះពួកគេ និងស្នើឱ្យមានការស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុរបស់ក្លិបនេះអំឡុងរដូវកាល ២០២២-២៣។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់បារាំងថ្ងៃទី ២៧ កក្កដា។
 
រដូវកាលថ្មីនៃលីគទីពីរបារាំងនឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែកក្កដា ដោយក្រុម Bordeaux ត្រូវស្វាគមន៍ក្រុម Valenciennes ប៉ុន្តែការប្រកួតនេះ ត្រូវបានដាក់ក្នុងបញ្ជីផ្អាកការប្រកួតបណ្តោះអាសន្ត ដោយស្ថាប័នលីគបាល់ទាត់បារាំង (LFP)៕
 
 
 
 

Tag:
 FC Bordeaux
© រក្សាសិទ្ធិដោយ thmeythmey.com