អន្តរជាតិ
ហ្វីលីពីន លុបចោលកិច្ចសន្យាទិញឧទ្ធម្ភាគចក្រពីរុស្ស៊ី ដោយខ្លាចរងទណ្ឌកម្មពីអាម៉េរិក
28, Jul 2022 , 7:29 pm        
រូបភាព
ឧទ្ធម្ភាគចក្រ Mi-17 ដែលផលិតដោយរុស្ស៊ី។ រូបភាព៖ AFP
ឧទ្ធម្ភាគចក្រ Mi-17 ដែលផលិតដោយរុស្ស៊ី។ រូបភាព៖ AFP
ហ្វីលីពីន បានលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រយោធារបស់រុស្ស៊ីចំនួន ១៦​គ្រឿង ដោយសារខ្លាច រងទណ្ឌកម្មអាម៉េរិក។ អតីតប្រមុខការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានបញ្ជាក់បែបនេះ នៅយប់ថ្ងៃទី២៦ ខែកក្កដា ទៅកាន់ទីភ្នាក់ងារព័ត៌មាន AP។

 
អតីតរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក  Delfin Lorenzana នៅថ្ងៃទី២៦ ខែកក្កដា បានលើកឡើងថា កិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ Mi-17 ចំនួន ១៦គ្រឿង ពីរុស្ស៊ីដែល​មានតម្លៃ ២២៧លានដុល្លារអាមេរិកត្រូវបានលុបចោល។ ការសម្រេចចិត្តទិញឧទ្ធម្ភាគចក្រនេះ ត្រូវបានអនុម័តកាលពីខែមិថុនាដោយអតីតប្រធានាធិបតីហ្វីលីពីន រ៉ូទ្រីហ្គោ ឌូទើតេ។ 
 
ការហែកចោលកុងត្រាទិញឧទ្ធម្ភាគចក្រ Mi-17 សម្រាប់យោធា ពីរុស្ស៊ីនេះ ត្រូវបានសម្រេចដោយ​សារហ្វីលីពីនខ្លាចរងទណ្ឌកម្មពីអាម៉េរិក។ 
 
«​យើង​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម»។ លោក Lorenzana បានប្រាប់ទីភ្នាក់ងារសារ​ព័ត៌មាន AP បែបនេះដោយពណ៌នាបន្ថែមអំពីភាពមិនពេញចិត្តរបស់ក្រុងវ៉ាស៊ីនតោន​ ប្រសិនបើហ្វីលីពីនបន្តកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រនេះ ស្របពេលជម្លោះរវាងអាម៉េរិក និងរុស្ស៊ីកាន់តែអាក្រក់។ 
 
លោក Lorenzana បានលើកឡើងផងដែរថា មន្ត្រីផ្នែកសន្តិសុខរបស់អាម៉េរិក​បានដឹងពី​កិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្ររុស្ស៊ីរបស់ហ្វីលីពីន ហើយអាម៉េរិកអាចផ្តល់ឧទ្ធម្ភាគចក្រ​ស្រដៀងគ្នាសម្រាប់ការប្រើប្រាស់ក្នុងវិស័យយោធាទៅឱ្យហ្វីលីពីន។
 
បើតាមអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅក្រុងវ៉ាស៊ីនតោន លោក Jose Manuel Romualdez កិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ Mi-17 ត្រូវបានលុបចោល ដោយសារតែទីក្រុងម៉ានីល​អាចប្រឈមមុខនឹងទណ្ឌកម្មដែលអាចកើតមាននៅក្រោមច្បាប់សហព័ន្ធរបស់អាម៉េរិក គឺច្បាប់ប្រឆាំងសត្រូវរបស់អាម៉េរិកតាមរយៈទណ្ឌកម្ម (Countering America's Adversaries Through Sanctions Act) ប្រសិនបើហ្វីលីពីននៅបន្តទិញ​ឧទ្ធម្ភាគចក្រ​រុស្ស៊ី។
 
គួរបញ្ជាក់ថា អតីតរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន Delfin Lorenzana បច្ចុប្បន្ន​បានក្លាយជាប្រធាន​ទីភ្នាក់ងារ​រដ្ឋាភិបាល​​ទទួលបន្ទុក​ផ្លាស់ប្តូរ​អតីត​មូលដ្ឋាន​ទ័ព​ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលតែងតាំងដោយប្រធានាធិបតីហ្វីលីពីនអាណត្តិថ្មី Ferdinand Marcos Jr.៕
 

Tag:
 ហ្វីលីពីន
  រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com