អន្តរជាតិ
ស្រីលង្កាបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន១ខែទៀត ខណៈបន្តការបង្ក្រាបអ្នកតវ៉ា
28, Jul 2022 , 9:29 pm        
រូបភាព
បាតុករស្រីលង្កា និងកម្លាំងសន្តិសុខ។ រូបភាព៖ AFP
បាតុករស្រីលង្កា និងកម្លាំងសន្តិសុខ។ រូបភាព៖ AFP
សភាស្រីលង្កា នៅថ្ងៃទី២៧ខែកក្កដា បានអនុម័តបន្តរយៈពេលដាក់ប្រទេសក្នុងភាពអាសន្ន មួយខែទៀត ដែលនឹងអនុញ្ញតឱ្យអាជ្ញាធរ​ និងកងកម្លាំងយោធាចាប់ខ្លួនក្រុមបាតុករ បន្តទៀត។ នៅថ្ងៃដដែលនោះប៉ូលិស បានចាប់ខ្លួនមេដឹកនាំក្រុមបាតុករពីរនាក់ ហើយក៏កំពុងតែស្វែងរកជន​សង្ស័យ ១៤នាក់​ដែល​ទាក់​ទិន​នឹង​ការ​វាយ​ប្រហារ​ផ្ទះ​របស់ប្រធានាធិបតីស្រីលង្កា លោក Ranil  Wickremesinghe។

 
ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន នៅថ្ងៃទី១៧ ខែកក្កដា ដែលការណ៍នេះបានអនុញ្ញាតឱ្យអាជ្ញាធរ និងប៉ូលិសមានអំណាច ក្នុងការចាប់ខ្លួនជនសង្ស័យណាមួយ ហាមប្រាមការប្រមូលផ្ដុំគ្នា និងឆែកឆេរទ្រព្យសម្បត្តិឯកជនជាដើម។
 
ក្នុងការបោះឆ្នោតដោយសមាជិកសភា ថ្ងៃទី២៧ ខែកក្កដា សភាស្រីលង្កាបានគាំទ្រឱ្យពន្យារពេល ដាក់ប្រទេសក្នុងភាពអាសន្នក្នុង ១២០ សំឡេង ខណៈការបដិសេធមានតែ ២៣ សំឡេងប៉ុណ្ណោះ ក្នុងចំណោមសមាជិកសភាសរុប ២២៥នាក់។ សមាជិកសភាដែលនៅសល់បានបោះឆ្នោតអនុបវាទ​ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។ 
 
ក្រោយសភាបានប្រកាសការអនុម័តបន្តដាក់ប្រទេសក្នុងភាពអាសន្ន គណបក្សប្រឆាំងរិះគន់ ថា នេះជាចំណាត់ការរបស់រដ្ឋាភិបាលស្ដីទីដែលព្យាយាមរារាំងអ្នកប្រឆាំង និងក្រុមអ្នកតវ៉ា ដែលមិនពេញចិត្តនឹងការកាន់តំណែងរបស់លោក Wickremesinghe។ 
 
ស្របពេលជាមួយគ្នានេះសកម្មជន​ពីរ​នាក់ ​ដែល​មានបំណងផ្តួល​រំលំ​ប្រធានាធិបតី​ស្រីលង្កា​ត្រូវ​បាន​ចាប់​ខ្លួននៅថ្ងៃដដែលនោះ។ ប៉ូលិសបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយផ្សេងថា ពួកគេបានចាប់ខ្លួន លោក Kusal Sandaruwan និងលោក Weranga Pushpika ពីការប្រមូលផ្ដុំមនុស្សខុសច្បាប់។
 
បន្ថែមពីនេះ ប៉ូលិសក៏បានបានចេញផ្សាយរូបថតរបស់ជនសង្ស័យចំនួន ១៤នាក់ដែលពាក់ព័ន្ធ នឹងការវាយប្រហារផ្ទះរបស់ លោក Wickremesinghe។ 
 
គួរបញ្ជាក់ថា ក្នុងរយៈពេលមួយថ្ងៃនៃការបោះឆ្នោតរបស់លោក Wickremesinghe យោធាបានវាយឆ្មក់ និងរុះរើជំរំដែលក្រុមបាតុករបានបង្កើតឡើងអស់រយៈពេលជាង ១០០ ថ្ងៃទល់មុខការិយាល័យប្រធានាធិបតី ហើយបាតុករខ្លះក៏ត្រូវបានវាយដំផងដែរ។ មេដឹកនាំ បាតុករបានប្តេជ្ញាធ្វើបាតុកម្មប្រឆាំងនឹងលោក Wickremesinghe ទាល់តែចុះចេញពីតំណែង ៕
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com