អន្តរជាតិ
អ្នកឃ្លាំមើលសិទ្ធិមនុស្ស UN៖ ហុងកុងគួរតែលុបចោលច្បាប់សន្តិសុខ​ជាតិ
28, Jul 2022 , 10:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២៧ ខែកក្កដា បាន​ព្រមានចិន ដែលធ្វើឱ្យបញ្ហាសិទ្ធិសេរីភាពប្រជាជនហុងកុងកាន់តែយ៉ាប់យ៉ឺន និងអំពាវនាវ​ឱ្យ​ចិនលុបចោលច្បាប់សន្តិសុខជាតិនៅហុងកុងដែលបានដាក់ឱ្យប្រើប្រាស់ កាលពី២ឆ្នាំមុន។



ច្បាប់សន្តិសុខជាតិត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់នៅហុងកុងក្នុងឆ្នាំ២០២០ បន្ទាប់ពីមានបាតុកម្មទ្រង់ទ្រាយធំ ទាក់ទិននឹងសេចក្តីស្នើច្បាប់ធ្វើបត្យាប័នពីហុងកុងទៅចិនដីគោក និងការធ្វើកំណែទម្រង់ការបោះឆ្នោត។ ច្បាប់នេះ បានចែងពីការរឹតត្បិតលើវិទ្ធង្សនា, ការផ្តាច់ខ្លួន, ភេរវកម្ម និងការចូលដៃជាមួយបរទេសជាដើម។ 
 
បន្ទាប់ពីច្បាប់នេះត្រូវបានដាក់ឱ្យប្រើប្រាស់ គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការ​អនុវត្តច្បាប់សន្តិសុខជាតិដោយបំពានលើទីក្រុងហុងកុង។ ក្រោមការអនុវត្តច្បាប់នេះ ប្រជា​ជនហុងកុងជាង ២០០នាក់រួមទាំងកុមារ ១២នាក់ ត្រូវបានចាប់ខ្លួន ក្រោម ហេតុផលបង្ក​គ្រោះថ្នាក់ដល់សន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
«ហុងកុងគួរតែចាត់វិធានការជាក់ស្តែង ដើម្បីលុបចោលច្បាប់សន្តិសុខជាតិបច្ចុប្បន្ន ហើយ​ក្នុងពេលជាមួយគ្នានេះ ត្រូវបដិសេធក្នុងការអនុវត្តច្បាប់នេះ»។ គណៈកម្មាធិការឃ្លាំមើលសិទ្ធិ​មនុស្សរបស់ UN លើកឡើងបែបនេះ មុនបង្ហាញការសោកស្ដាយចំពោះការអនុម័តច្បាប់​សន្តិសុខ ដោយគ្មានការពិគ្រោះយោបល់ជាមួយសាធារណៈ និងសង្គមស៊ីវិលនៅក្នុងទីក្រុង។
 
បើតាមអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ច្បាប់សន្តិសុខជាតិដែលបកស្រាយយ៉ាងទូលំទូលាយមិនមានភាពច្បាស់លាស់ អាចបង្កឱ្យ​មានភាពលំបាក ក្នុងការកំណត់សកម្មភាពល្មើសនឹងច្បាប់ព្រហ្មទណ្ឌ។ ក្រុមអ្នកឃ្លាំមើល​សិទ្ធិមនុស្ស UN បានលើកឡើងអំពីទង្វើរបស់ក្រុងប៉េកាំង ដែលចោទប្រកាន់ និងចាប់ខ្លួន​បញ្ញាវ័ន្ត អ្នកសារព័ត៌មាន រួមទាំងអ្នកដទៃទៀតដែលបានប្រើសិទ្ធិបញ្ចេញមតិរបស់ខ្លួន។ ភាព​មិនច្បាស់លាស់នៃច្បាប់សន្តិសុខជាតិហុងកុងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការអនុវត្តសេរី​ភាពការបញ្ចេញមតិ។
 
លើសពីនេះ វាអាច​ប៉ះពាល់​ដល់​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​តុលាការ នីតិវិធី​ដើម្បីទទួលបាន​ភាពយុត្តិធម៌ និង​សិទ្ធិ​ទទួល​បាន​ការកាត់ក្តីប្រកប​ដោយ​យុត្តិធម៌ផង។ 
 
ផ្ទុយទៅវិញ ប្រសិនបើច្បាប់នេះត្រូវបានលុបចោល គណៈកម្មាធិការឃ្លាំមើលសិទ្ធិមនុស្ស​របស់ UN បានអះអាងថាខ្លួននឹងអំពាវនាវឱ្យមានដំណើរការនីតិប្បញ្ញត្តិជុំវិញការអនុម័ត​ច្បាប់សន្តិសុខជាតិថ្មី ដែលមានតម្លាភាព សម្រួលដល់ការចូលរួមដោយសេរី បើកចំហ និងមានការចូលរួមពីសង្គមស៊ីវិល និងសាធារណៈជនផងដែរ។ គណៈកម្មាធិការឃ្លាំមើលសិទ្ធមនុស្ស UN បានសង្ឃឹមថាច្បាប់សន្តិ​សុខជាតិអាចធ្វើវិសោធនកម្មឱ្យកាន់តែប្រសើរឡើង។
 
សូមបញ្ជាក់ អាជ្ញាធរហុងកុង ក្នុងកិច្ចប្រជុំកន្លងមក ប្រាប់គណៈកម្មាធិការឃ្លាំមើលសិទ្ធិមនុស្សថា ខ្លួនក៏កំពុងពិចារណាលើ​ច្បាប់ ថ្មីមួយដែរ៕
 

Tag:
 UN
  ហុងកុង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com