កីឡាអន្តរជាតិ
អន្តរជាតិ
UEFA សាកល្បងឱ្យអ្នកគាំទ្រឈរទស្សនាការប្រកួតឡើងវិញនៅ អង់​គ្លេស អាល្លឺម៉ង់ និងបារាំង
29, Jul 2022 , 8:29 am        
រូបភាព
អ្នកគាំទ្របាល់ទាត់ត្រូវបានអនុញ្ញាតឱ្យឈរទស្សនាឡើងវិញជាលើកដំបូងក្នុងព្រឹត្តិការណ៍បាល់ទាត់UEFA ចាប់តាំងពីឆ្នាំ ១៩៨៨ សម្រាប់ការប្រកួតរដូវកាលថ្មីទៅ។ បើតាមការប្រកាសសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ថ្ងៃទី២៧ ខែកក្កដា។

 
UEFA នឹងប្រើប្រាស់កម្មវិធីតាមដានសុវត្ថិភាពនៃការឈរទស្សនាការប្រកួតរបស់អ្នកគាំទ្រ ដោយការប្រើប្រាស់បង្កាន់ដៃសុវត្ថិភាព នៃព្រឹត្តិការណ៍ពានរង្វាន់ Champions League, Europa League និង Europa Conference League នៅតាមប្រទេសលីគកំពូលទាំងប្រាំប្រចាំអឺរ៉ុប នារដូវកាល ២០២២-២៣។ 
 
សហព័ន្ធបាល់ទាត់អឺរ៉ុបមួយនេះបានហាមឃាត់មិនឱ្យអ្នកគាំទ្រឈរទស្សនាការប្រកួតក្នុងកីឡដ្ឋាន រយៈពេលជាង ៣០ឆ្នាំមកហើយ ដោយសារតែធ្លាប់មានហេតុការណ៍គ្រោះថ្នាក់រអិលជាន់គ្នានៅកីឡដ្ឋាន ​Heysel ក្នុងឆ្នាំ ១៩៨៥ នៃប្រទេសបែលហ្ស៊ិក បណ្តាលឱ្យមានមនុស្សស្លាប់ប្រមាណ ៣៩នាក់ ព្រោះការឈរទស្សនា គ្មានបង្កាន់ដៃសម្រាប់ការពារ។ ឆ្នាំ ១៩៨៩ អ្នកគាំទ្រ Liverpool ជាង ៩៧នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់នៅកីឡដ្ឋាន Hillsborough ព្រោះការឈរទស្សនាគ្មានបង្កាន់ដៃការពារនេះ។
 
សម្រាប់រដូវកាលថ្មីខាងមុខ ក្រុមប្រឹក្សា UEFA បានសម្រេចអនុញ្ញាតឱ្យសាកល្បងឱ្យអ្នកគាំទ្រឈរទស្សនាការប្រកួតឡើងវិញ ដោយមានការតាមដានរបស់ក្រុមមន្រី្ត UEFA ហើយនៅតាមកីឡដ្ឋាន ត្រូវមានបង្កាន់ដៃការពារសុវត្ថិភាព។ បើតាម UEFA ការអនុវត្តសាកល្បងនេះ ត្រូវធ្វើឡើងសម្រាប់ប្រទេសលីគកំពូលទាំង៥ តំបន់អឺរ៉ុប ។ ប៉ុន្តែមានតែប្រទេស២ប៉ុណ្ណោះ ដែលមិនបានសិទ្ធិឱ្យសាកល្បង មានដូចជា អេស្ប៉ាញ និង អ៊ីតាលី ព្រោះតែតាមកីឡដ្ឋានគ្មានបង្កាន់ដៃការពារសុវត្ថិភាព។
 
«កម្មវិធីតាមដានការសាកល្បងនេះ នឹងអនុវត្តឡើងចាប់តាំងពីការប្រកួតវគ្គចែកពូលទៅ ហើយនៅវគ្គជម្រុះ រហូតដល់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ក្លិបកំពូលប្រចាំអឺរ៉ុបរដូវកាល ២០២២-២៣។​ នាចុងបញ្ចប់នៃរដូវកាល សហព័ន្ធនឹងបូកសរុបរបាយការណ៍ ដើម្បីឱ្យរដ្ឋបាល UEFA ពិនិត្យមើលការតាមដាននៃកម្មវិធីនេះ ហើយនិងបញ្ជូលលទ្ធផលទៅក្រុមប្រឹក្សា UEFA ធ្វើការសម្រេចថានឹងអនុញ្ញាតរយៈពេលវែងឬបន្តហាមឃាត់។»។ បើតាមសេចក្តីថ្លែងការណ៍ UEFA។
 
ទោះមានការអនុញ្ញាតឱ្យសាកល្បងក្តី តែ UEFA ក៏បានកំណត់យកក្លិបមួយចំនួនប៉ុណ្ណោះឱ្យសាកល្បង ដូចជានៅអង់គ្លេសមានក្លិប ចំនួន៤ប៉ុណ្ណោះ រួមមាន​ Chelsea, Tottenham Hotspur, Manchester City, Manchester United ដែលស្ថិតក្នុងគម្រោង ខណៈដែល Liverpool, West Ham United និង Arsenal មិនទទួលការអនុញ្ញាតឡើយ។
 
ចំណែកប្រទេសអាល្លឺម៉ង់ កីឡដ្ឋានរបស់ក្រុម Borussia Dortmund និង Bayern Munich ជាកីឡដ្ឋានស្ថិតក្នុងគម្រោងនេះផងដែរ ខណៈប្រទេសបារាំង មិនទាន់មានព័ត៌អំពីកីឡដ្ឋាន ដែលទទួលបានសិទ្ធអនុញ្ញាតឱ្យសាកល្បង៕
 
 
 
 
 
 

Tag:
 UEFA
© រក្សាសិទ្ធិដោយ thmeythmey.com